• 2019-10-29 05:34:50
  • ព័ត៌មាន

រឿង​ប្រុស​ស្អាត​ម្នាក់​ដៀល​អ្នក​ទិញ iPhone 11 ប៉ះ​ដល់តារា​ស្រី​ម្នាក់ រហូត​នាង​ទ្រាំ​មិន​បាន

  • 2019-10-29 05:34:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​ម្នាក់ បាន​ចេញ​មុខ​ឆ្លើយ​តប​ទៅ​នឹង បុរស​ម្នាក់ ដែល​ប៉ុន្មាន​ថ្ងៃ​មុន បាន​ចេញ​មុខ​មក​ធ្វើ​ការ​រិះគន់​ទៅ​លើ​អ្នក​ដែល​ទិញ​ទូរស័ព្ទ iPhone 11 ជាង​១ពាន់​ដុល្លារ​ប្រើ​ប្រាស់ ដែល​លោក​លើក​ឡើងថា​ជា​ការ​ខ្ជះខ្ជាយ និង​ចំណាយ​លើស​ខ្ទង់​ចំណូល​របស់​ខ្លួន​សម្រាប់​អ្នក​ខ្លះ ដែល​ជាក់​ស្ដែង​លទ្ធភាព​មិន​ដល់​នោះ​ទេ។

សារ​របស់​ប្រុស​ស្អាត​ខាង​លើ បាន​សរសេរ​ថា "អ្នក​ខ្លះ​ប្រើ​ទូរស័ព្ទ​ថ្លៃ១ ៦០០ដុល្លារ ទៅ ២ ០០០ដុល្លារ តែ​នៅ​បន្ទប់​ជួល​៤​ម៉ែត្រ ៤​ជ្រុង ថ្លៃ​៦០​ដុល្លារ​ក្នុង​មួយ​ខែ​ ចំណែក​មនុស្ស​មួយ​ចំនួន​វិញ​ប្រើ​ទូរស័ព្ទ​ថ្លៃ​១០០​ដុល្លារ នៅ​ផ្ទះ​ល្វែង​ថ្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ"។

សារ​ខ្លី​នេះ បាន​ទាំង​ការ​គាំទ្រ បាន​ទាំង​ការ​រិះគន់។ ចំពោះ​ការ​គាំទ្រ សាធារណៈ​មតិ​លើក​ឡើង​ថា សារ​របស់​ប្រុស​ស្អាត គឺ​ជា​ការ​ឆ្លុះ​បង្ហាញ​ពី​រឿង​ពិត​ក្នុង​សង្គម ដែល​មាន​មនុស្ស​ខ្លះ​ដាក់​ខ្លួន ហើយ​ខ្លះ​ទៀត​ខំ​បំប៉ោង​ខ្លួន​ឲ្យ​គេ​មើល​ទៅ​អស្ចារ្យ បើ​ទោះ​តាម​ពិត​ខ្លួន​មិន​ទាន់​មាន​អ្វី​ក៏​ដោយ។ ប៉ុន្តែ​ជាមួយ​គ្នា ប្រុស​ស្អាត​ក៏​ទទួល​បាន​ការ​រិះគន់​ច្រើន​ដែរ ព្រោះ​តែ​ថា​នោះ​ជា​សិទ្ធិ​របស់​មនុស្ស​ម្នាក់ ដែល​ពួក​គេ​មាន​របៀប​រស់​នៅ​រៀង​ខ្លួន។

តារា​ស្រី​និយម​សិចស៊ី ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស ក៏​នៅ​មិន​សុខ​ដែរ ក្រោយ​ឃើញ​សារ​របស់​បុរស​ខាង​លើ។ នាង​បាន​លើក​ឡើង​ថា នោះ​ជា​សិទ្ធិ​របស់​មនុស្ស​ម្នាក់​ៗ ដែល​គេ​មាន​សិទ្ធិ​ទិញ​របស់​ដែល​ខ្លួន​​ស្រឡាញ់​មក​ប្រើ​ប្រាស់​នោះ តាម​លទ្ធភាព​ដែល​គេ​អាច​ទៅ​រួច។ នាង​បន្ត​ថា ទោះ​នៅ​ផ្ទះ​ជួល​ក៏​ដោយ នៅ​អ្វី​ក៏​ដោយ អោយ​តែ​គេ​អាច​ទិញ​បាន មិន​មែន​ជា​កំហុស​នោះ សំខាន់​​គឺ​ជា​សិទ្ធិ​របស់​គេ កុំ​អោយ​តែ​បាន​លុយ​ពី​របរ​ ទុច្ចរិត​មក​ទិញ ទើប​ជា​បញ្ហា។

"ខ្ញុំ​ឃើញ​ហើយ នៅ​ស្ងៀម​មិន​បាន​ហ្មង មាន​លុយ​ទិញ iPhone 11 ហើយ​ត្រូវ​គេ​ដៀល​ទៀត...នៅ​ផ្ទះ​ជួល នៅ​ខុនដូ​មិន​ល្អ!...ខ្ញុំ​ក៏​នៅ​ខុនដូ មួយ​ខែ​បង់​រាប់​រយ...មិន​ចង់​អួត​អី​ទេ​បង តែ​ចង់​ឲ្យ​ដឹង​ថា អ្នក​នៅ​ផ្ទះ​ជួល​ក៏​ដោយ អី​ក៏​ដោយ មិន​ប្រាកដ​គេ​គ្មាន​លទ្ធភាព​នោះ​ទេ”។

តួ​ស្រី​ក្នុង​រឿង "ភរិយា​ឈ្លើយ​ស្នេហ៍" បន្ត​ថា អ្នក​នៅ​ផ្ទះ​ជួល​ខ្លះ មាន​ទាំង​ឡាន​ជិះ និង​មាន​ជីវភាព​ធូរធារ​ជាង​អ្នក​មាន​ផ្ទះ​នៅ​ទៅ​ទៀត។ ប៉ុន្តែ​ការ​ដែល​​គេ​មិន​ទិញ​ផ្ទះ ក្នុង​កាលៈទេសៈ​នេះ ព្រោះ​តែ​គេ​ចង់​ទុក​លុយ​ធ្វើ​នេះ ធ្វើ​នោះ ពោល​​គឺ​យក​លុយ​បង្កើត​លុយ​សិន​ប៉ុណ្ណោះ។

“សុំ​អោយ​តែ​ជិវិត​លោក​ប្រសើរ​សិន​ទៅ...វា​មិន​សំខាន់​ទេ​បើ​ផ្ទះ​នៅ​ស្រុក​ធំ​ស្កឹមស្គៃ ហើយ​វា​មិន​ខុស​ទាស់​ទេ​អោយ​តែ​គេ​មាន​លុយ​ទិញ ម្នាក់​ៗ​មាន​របៀប​រស់​របស់​គេ។ ដូច្នេះ​ហើយ​កុំ​ថា​គេ​ខុស​យើង​ត្រូវ ​អី​នោះ គឺ​មិន​ត្រូវ​ទេ" រ៉ូស ថ្លែង។

ហាស់ វីរ៉ា​ស្រី​រ័ត្ន ហៅ​រ៉ូស មាន​វ័យ ២៥​ឆ្នាំ នាងទើប​តែ​បាន​ចូល​ប្រឡូក​សិល្បៈ​ប្រមាណ​១​ឆ្នាំ​ប៉ុណ្ណោះ ដោយ​ក្នុង​នោះ​នាង ធ្លាប់​សម្ដែង​ក្នុង​រឿង "ភរិយា​ឈ្លើយ​ស្នេហ៍"។ ប៉ុន្តែ​ភាគ​ច្រើន រ៉ូស ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន តាម​រយៈ​រូប​សិល្បៈ​សិច​ស៊ី ដែល​នាង​បង្ហាញ​ជា​ហូរ​ហែ​កន្លង​មក​នោះ​ឯង៕

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់