• 2019-11-06 05:23:59
  • ព័ត៌មាន

ម្ដង​នេះ​ដល់​ថ្នាក់ ឯកឧត្ដម កែវ រេមី ផ្ញើ​សារ​ត្រង់​ៗសំណូម​ពរ​សិល្បករ​​គ្រប់​រូប

  • 2019-11-06 05:23:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម កែវ រ៉េមី ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​លើក​ឡើង​ដោយ​កម្រ​អំពី​សិល្បៈ​ខ្មែរ ពិសេស​គឺ​វិស័យ​ភាពយន្ត​តែ​ម្ដង ក្នុង​ពេល​ដែល​ឯកឧត្ដម បាន​អញ្ជើញ​ចូល​រួម​អធិបតី​ក្នុង​ពិធី​បើក​សម្ពោធ​មហោស្រព "១ម៉ឺន​អាល័យ" កាល​ពី​ពាក់កណ្ដាល​ខែ​នេះ។

ឯកឧត្ដម កែវ រ៉េមី ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា ក្នុង​ឱកាស​ចូល​បើក​សម្ពោធ​មហោស្រព "១ម៉ឺន​អាល័យ"

ឯ​ឱកាស​នោះ ឯកឧត្តម បាន​ស្នើ​ឲ្យ​សិល្បៈ​ខ្មែរ​ទាំង​អស់ ចេះ​ឲ្យ​តម្លៃ​ចំពោះ​សិល្បៈ តម្លៃ​ខ្លួន​ឯង និង​សូម្បី​តែ​មិត្ត​រួម​អាជីព​ខ្លួន​ឯង ព្រោះ​ថា ទាំង​អស់​គ្នា​នៅ​ក្រោម​សិល្បៈ​តែ​មួយ ហើយ​រឿង​ដំបូង​បំផុត​នោះ គឺ​ឲ្យ​តម្លៃ​ខ្លួន​ឯង​ជា​មុន។ ឯកឧត្ដម លើក​ឡើង​ថា "ដើម្បី​ឲ្យ​គេ ឬ​ដើម្បី​ឲ្យ​មហាជន​ឲ្យ​តម្លៃ​ខ្លួន​យើង យើង​ត្រូវ​ឲ្យ​តម្លៃ​ខ្លួន​ឯង​សិន រួច​ហើយ​ចាំ​រួម​គ្នា​ឲ្យ​តម្លៃ​គ្នា​យើង ហើយ​កុំ​ឈ្លោះ​គ្នា កុំ​ហែក​គ្នា​តាម​ទី​សាធារណៈ តាម​ហ្វេសប៊ុក​ទេ វា​បាត់​តម្លៃ​ខ្លួន​យើង!"។

ឯកឧត្ដម បាន​លើក​ឡើង​ដោយ​ទទូច​ថា សូម​អ្នក​សិល្បៈ​ទាំង​អស់ សូម​ចៀសវាង​ការ​ឈ្លោះ វាយ​ប្រហារ​គ្នា​តាម​សាធារណៈ តាម​ហ្វេសប៊ុក ឬ​បណ្ដាញ​សង្គម​នានា​ដូច​ដែល​ឯកឧត្ដម​បាន​ឃើញ​កន្លង​មក។ សកម្មភាព​បែប​នេះ ឯក​ឧត្ដម​ថា ខ្វះ​ភាព​ស៊ី​ជម្រៅ។ "ខ្ញុំ​ដឹង​ថា អ្នក​ណា​ក៏​ចេះ​ខឹង​ដែរ ប៉ុន្តែ​ខ្ញុំ​សុំ​អោយ​អត់​ធ្មត់​ជាង​ហ្នឹង​ទៀត ហើយ​ជា​សាធារណៈ ខ្ញុំ​សុំ​ថា កុំ​ឲ្យ​មាន​ការ​សម្ដែង​ចេញ​ពី​កាយ​វិការ​ពាក្យ​សំដី​ណា​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​វាយ​តម្លៃ​ពី​មហាជន​មក​ថា យើង​អត់​ស៊ី​ជម្រៅ និង​មិន​ថ្លៃ​ថ្នូរ អីចឹង​ហើយ ខ្ញុំ​សុំ​ឲ្យ​អត់ធ្មត់​ជាង​ហ្នឹង​ទៀត!”។

រូប​ភាព​តំណាង​ឲ្យ​សិល្បករ

នៅ​ពី​ក្រោយ​ការ​លើក​ឡើង​របស់​ឯកឧត្ដម ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា ប្រមាណ​១​សប្ដាហ៍​រួច​មក ស្រាប់​តែ​មាន​ករណី​ថ្មី​មួយ​ចំនួន​បាន​កើត​ឡើង​នៅ​លើ​បណ្ដាញ​សង្គម ក្នុង​នោះ​មាន​ករណី​កញ្ញា ពេជ្រ សូលីកា មាន​ជម្លោះ​ហែក​ហួរ​គ្នា​ជាមួយ បេនីយុំាង និង​កញ្ញា ថៃ នារី​សុជាតា លើ​ករណី​សង្សារ និង​អតីត​សង្សារ​របស់​ពួក​គេ។ ជម្លោះ​របស់​ពួក​គេ មាន​ទាំង​ប្រើ​ពាក្យ មិន​សម​រម្យ​ដាក់​គ្នា​ជា​ច្រើន​ទៀត​ផង។

ដោយ​ឡែក​ថ្មី​ៗ​នេះ ក៏​មាន​ករណី​របស់​កញ្ញា រ៉ូស ដែល​ត្រូវ​មហាជន​វាយ​ប្រហារ​ក្រោយ​លេច​ធ្លាយ​វីដេអូ​សម្ដែង​ខារ៉ាអូខេ​បែប​ស្រើបស្រាល​មួយ។ ក្រោយ​ការ​លេច​ធ្លាយ​នោះ ក៏​មាន​មិត្ត​រួម​អាជីព​នាង​មួយ​ចំនួន បាន​ធ្វើ​ការ​វាយ​ប្រហារ​នាង ហើយ​ក៏​មាន​ការ​ឆ្លើយ​ឆ្លង​គ្នា​តាម​ហ្វេសប៊ុក​ជា​បន្តបន្ទាប់។ ទាំង​ពីរ​ករណី​ជា​ឧទាហរណ៍​នេះ ដែល​ឯកឧត្ដម ស្នើ​កុំ​អោយ​មាន និង​បន្ត​អត់ធ្មត់​ជាង​នេះ ដើម្បី​រក្សា​តម្លៃ និង​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​ខ្លួន​និង សិល្បៈ​របស់​ខ្លួន​ឯង។

ក្រៅ​ពី​ករណី​ជម្លោះ​សិល្បករ​លើ​ហ្វេសប៊ុក ឯកឧត្ដម កែវ រ៉េមី ដែល​អះអាង​ថា​ជា អ្នក​ងប់ងុល​នឹង​សិល្បៈ​ភាពយន្ត​មួយ​រូប​ដែរ ក៏​លើក​ឡើង​បន្ថែម​ពី​បញ្ហា​តួ​សម្ដែង​ក្នុង​ភាពយន្ត​ផង​ដែរ ដែល​ចំណុច​ឯកឧត្ដម​បាន​លើក​ឡើង សូម​កុំ​អោយ​មាន​ជំងឺ​តួឯក។ ឯកឧត្ដម ថា នៅ​ក្នុង​ភាពយន្ត អ្នក​ណា​ម្នាក់​ក៏​សំខាន់ និង​មាន​គុណ​តម្លៃ​ស្មើ​ៗ​គ្នា និង​មាន​ទំនាក់ទំនង​យឹតយោង​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​សាច់​រឿង​មួយ ទើប​ធ្វើ​ឲ្យ​រឿង​នោះ​ក្លាយ​ជា​សាច់​រឿង​ដ៏​ល្អ​មួយ។

ចំណុច​នេះ ឯកឧត្ដម​ បាន​លើក​ជា​ឧទាហរណ៍​ថា តួឯក​អាច​មើល​ទៅ​សម្ដែង​ល្អ ក៏​មិន​​ល្អ គឺ​អាស្រ័យ​ទៅ​លើ​តួ​គាំទ្រ​ដែរ។ "ខ្ញុំ​លើក​ឧទាហរណ៍​ថា ក្នុង​ឈុត​មួយ តួ​ឃាតក​ម្នាក់​ដើរ​ចូល​មក អីចឹង​វា​ត្រូវ​មាន​តួ​តូច​ៗ​ផ្សេង​ទៀត​ដែល​នៅ​ក្បែរ​ៗ​ហ្នឹង ខ្សឹបខ្សៀវ​គ្នា​ថា អូហ៍​អានេះ​ជា​ឃាតក វា​សាហាវ​អីចេះ សាហាវ​អី​ចុះ​ទៅ ...អីចឹង​វា​បាន​ជួយ ឲ្យ​តួអង្គ​ឃាតក​នឹង​មើល​ទៅ​រឹត​តែ​សាហាវ​ថែម​ទៀត...!”។

ដូច្នេះ​ហើយ​ឯកឧត្ដម បន្ត​ថា ការ​សម្ដែង គឺ​មាន​ពាក់​ព័ន្ធ​គ្នា​ទៅ​វិញ​ទៅ​មក និង​តួអង្គ​នីមួយ​ៗ​សុទ្ធ​តែ​សំខាន់​ដូច​គ្នា។ អីចឹង​ហើយ ឯកឧត្ដម​ស្នើ​ឲ្យ​ជម្រុះ​គំនិត​តួឯក​តួ​រង​ចេញ ហើយ​សហការ និង​ឲ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក ដែល​សកម្មភាព​នេះ ក៏​ជា​ការ​ឲ្យ​តម្លៃ​សិល្បៈ​របស់​ជាតិ​យើង​ទាំង​មូល​ដែរ ព្រោះ​សិល្បៈ​យើង ពិសេស​ភាពយន្ត​របស់​យើង​ធ្លាប់​រុងរឿង​មុន​រឿង ហុងកុង និង​អាមេរិក​ទៅ​ទៀត៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី