• 2019-12-30 01:01:00
  • ព័ត៌មាន

ឡូយ! ចាន់ណា រ៉ូណាន ត្រូវ​បាន​ប្រកាស​ជា​ចាងហ្វាង​ផលិតកម្ម​ថ្មី​មួយ​ទៀត​ហើយ!

  • 2019-12-30 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ចាន់ណា រ៉ូណាន ដែល​ទើប​នឹង​សម្ពោធ​ស្នាដៃ​របស់​ខ្លួន​រឿង "កុំ​ងាក​ក្រោយ" កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ឥឡូវ​បាន​រំលេច​ស្នាដៃ​ថ្មី​ទៀត ដោយ​បាន​បើក​សម្ពោធ​ផលិតកម្ម​ថ្មី​មួយ​ឈ្មោះ "ក្រុង​ពិជ័យ" ដោយ​លោក ត្រូវ​បាន​ឲ្យ​ដឹង​ជា​អគ្គនាយក​តែ​ម្ដង។

ផលិតកម្ម "ក្រុង​ពិជ័យ" បាន​ធ្វើ​ពិធី​ក្រុង​ពាលី​ចេញ​ថត​ភាពយន្ត​ដំបូង​របស់​ខ្លួន កាល​ពី​ចុង​សប្ដាហ៍​មុន​នៅ​ភោជនីយដ្ឋាន V- Friend ក្រោម​វត្តមាន​សិល្បករ ផលិតរ​ជា​ច្រើន​ចូល​រួម។ រឿង​ដំបូង​របស់​ផលិតកម្ម​ថ្មី​ថ្មោង​នេះ មាន​ចំណង​ជើង​ថា ”សំណើច៦៥២គីឡូម៉ែត្រ” ដែល​មាន Frishie Boy & Girlជា​ច្រើន​រូប​លេច​មុខ​ក្នុង​ភាពយន្ត​ខ្នាត​ធំ​ដំបូង​របស់​ផលិតកម្ម​ខាងលើ។

តារា​ដែល​នឹង​បង្ហាញខ្លួន​ក្នុង​ភាពយន្ត​ខ្នាត​ធំ​លើក​ដំបូង​របស់​ផលិតកម្ម​នេះ​មាន​ដូច​ជា​អតីតFreshie Girl ២០១៦ កញ្ញា សួង ស៊ីធឿន Freshie Boy ២០១៥ និង​ជា Mr. World Cambodia ២០១៩។ ក្រៅ​ពី​នេះ​មាន​លោក អ៊ូ សំខាន់, Mr. Asian International 2019 លោក ឡៅ បញ្ញា, Mister Global 2018 លោក ឌី វ៉ាន់ដា, Freshie Boy ចំណាត់​ថ្នាក់​លេខ​២ ឆ្នាំ​២០១៨ លោក ប៊ុន កែវប្រាថ្នា និង Freshie Boy ចំណាត់ថ្នាក់លេខ២ ឆ្នាំ ២០១៨ លោក តុងលី។

ក្រៅ​ពី​នេះ​ក៏​នឹង​មាន​វត្តមាន​ តារា​សម្តែង​ល្បី​ៗ​ជា​ច្រើន​ទៀត​ផង​ដែរ​ដូច​ជា លោក ភី ម៉ៃ តារា​កំប្លែង ផាង ផាង អ្នកនាងលី ម៉ារីណាជាដើម ក្នុង​នោះ​កញ្ញា សួង ស៊ីធឿន ដែល​បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈ​ធំ​ហើយ​នោះ ក៏​បាន​មាន​វត្តមាន​ដែរ។ ស៊ី​ធឿន លើក​ឡើង​ថា តាម​ការ​យល់​ឃើញ​របស់​នាង រឿង​នេះ មាន​តារា​សម្តែង​ជើង​ចាស់ និង​ស្រី​ស្រស់​ប្រុស​ស្អាត​ច្រើន​ណាស់​បាន​ចូល​រួម​សម្តែង។ ដូច្នេះ​ហើយ នាង​ជឿ​ថា សាច់​រឿង​នេះ​កាន់​តែ​ល្អ​មើល។

"សំណើច​៦៥២​គីឡូម៉ែត្រ” ជា​រសជាតិ​ថ្មី​របស់​អ្នកនិពន្ធ និង​ដឹកនាំ​រឿង ចាន់ណា រ៉ូណាន ដែល​កន្លង​មក​ស្នាដៃ​របស់​លោក​សុទ្ធ​ជា​រឿង​ភ័យ​រន្ធត់។ ចាងហ្វាង​ផលិតកម្ម "ក្រុង​ពិជ័យ" វ័យ​ក្មេង លោក ចាន់ណា រ៉ូណាន បាន​បញ្ជាក់​ថា ទម្រាំ​យក​មក​ដាក់​ក្នុង​ការ​ផលិត​ថ្ងៃ​នេះ​រឿង សំណើច ៦៥២​គីឡូ​ម៉ែត្រ" នេះ លោក​សម្រិតសម្រាំង​សាច់​រឿង​អស់​រយៈ​ពេល​ជា​យូរ​ឆ្នាំ​មក​ហើយ។

លោក​ថា​ ភាពយន្ត​នេះ​នឹង​រៀបរាប់​អំពី ការ​ធ្វើ​ដំណើរ​របស់​យុវជន​មួយ​ក្រុម​ចេញ​ពី​ភ្នំ​ពេញ​ទៅ​ខេត្ត និង​ជួប​នូវ​រឿង​ហួស​ចិត្ត​អស់​សំណើច​ជា​ច្រើន​នៅ​តាម​ផ្លូវ។រឿង​នេះ​នឹង​ត្រូវ​ចាប់​ផ្តើម​ផលិត​ពី ខែ​មករា ឆ្នាំ​២០២០ តទៅ ដោយ​តួ​សម្ដែង ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​យ៉ាង​ប្រុង​ប្រយ័ត្ន ហើយ​សុទ្ធ​សឹង​តែ​ជា​អ្នក​មាន​ទេពកោសល្យ និង​មាន​រូប​សម្រស់​ស្រស់​ស្អាត​ទាំង​អស់។

លោក​រំពឹង​ថា​ផលិតកម្ម​ថ្មី​ក្រោម​ស្នាដៃ​ដឹក​នាំ​របស់​លោក​នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន ពិសេស​អ្នក​ធ្លាប់​ទស្សនា និង​ទុក​ចិត្ត​លើ​ការ​ដឹក​នាំ​ផលិត​របស់​លោក។ លោក រ៉ូណាន បញ្ជាក់​ដែរ​ថា​ផលិតកម្ម​ថ្មី​របស់​លោក​នេះ នឹង​ផលិត​ភាពយន្ត​ខ្នាត​ធំ​ចំនួន​តែ​២​រឿង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ​ដើម្បី​មាន​ពេល​គិត​លើ​គុណភាព និង​ឱកាស​ទទួល​បាន​ម៉ោង​ចាក់​បញ្ចាំង​លើ​រោង​ភាពយន្ត៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម