• 2020-03-19 04:30:17
  • ព័ត៌មាន

ជំទាវ ឱ វណ្ណឌី បាន​កោត​សរសើរ​គូ​ស្វាមី​ពន្យារ​មង្គល​ការ​ដើម្បី​ទប់ Covid-19 ហើយ​ថ្ងៃ​នេះ​អតីត​តារា​សម្ដែង​ម្នាក់​សម្រេច​ពន្យារ​មង្គល​ការ​ដែរ

  • 2020-03-19 04:30:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ប្រមាណ​១​សប្ដាហ៍​ចុង​ក្រោយ​នេះ មាន​ករណី​លើក​ពេល​រៀប​មង្គល​ការ​របស់​គូស្វាមី​ភរិយា​ជា​ច្រើន​គូ ដែល​ករណី​នេះ​លោក​ជំទាវ ឱ វណ្ណឌីន បាន​កោតសរសើរ និង​សូម​ថ្លែង​អំណរគុណ ព្រោះ​ថា​នេះ​ជា​ការ​ចូល​ចំណែក​ទប់​ស្កាត់​ការ​រីករាល​ដាល Covid-19 ដែល​កំពុង​គំរាម​កំហែង​កម្ពុជា។ ដោយ​ឡែក​ថ្ងៃ​នេះ អតីត​តារា​សម្ដែង​ប្រុស​ម្នាក់ ក៏​បាន​សម្រេច​លើក​ពេល​ពិធី​ជ័យ​របស់​ខ្លួន​ដែរ។

នេះ​ជា​ករណី​ទី១​សម្រាប់​បុគ្គល​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​សិល្បៈ បាន​សម្រេច​ពន្យារ​ពេល​ប្រារព្ធ​មង្គល​ការ​របស់​ខ្លួន ដោយ​សារ​តែ​ខ្លាច​ការ​ប្រមូល​ផ្ដុំ​នៃ​ភ្ញៀវ​កិត្តិយស​នៅ​ក្នុង​ពិធី​របស់​ខ្លួន ក្លាយ​កន្លែង​ដែល​មេរោគ​មួយ​នេះ ពង្រីក​អនុភាព​កាន់​តែ​ខ្លាំង​ឡើង​តាម​រយៈ​ការ​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់។ តារា​ប្រុស​រូប​នេះ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា វ័ន្ត លាងហៃ គឺ​ជា​អតីត​តារា​សម្ដែង​ដែល​លេច​មុខ​ច្រើន​ក្នុង​វីដេអូ​ចម្រៀង​របស់​ផលិតកម្ម​រស្មី​ហង្សមាស។

នៅ​ថ្ងៃ​នេះ វ័ន្ត លាងហៃ បាន​សរសេរ​សារ​លើ​បណ្ដាញ​សង្គម​របស់​លោក​ថា "​ដេីម្បី​ធានា​សុវត្ថិភាព​ និង​ទប់ស្កាត់​ជម្ងឺ​រលាក​សួត​ដោយ​សារ​វីរុស​កូរ៉ូណា​ថ្មី​ (COVID-19) យេីង​ខ្ញុំ​ទាំង​ពីរ​នាក់​ ព្រម​ទាំង​ក្រុម​គ្រួសារ​ទាំង​សងខាង​បាន​សម្រេច​ពន្យារ​ពេល​ពិធី​រៀប​អាពាហ៍ពិពាហ៍​ជា​បណ្ដោះ​អាសន្ន​ រហូត​ដល់​ស្ថាន​ភាព​ជម្ងឺ​រលាក​សួត​ដោយ​វីរុស​កូរ៉ូណាថ្មី​ (COVID-19) មាន​ភាព​ធូរ​ស្បើយ​ និង​អាច​គ្រប់​គ្រង​បាន"។

រូបភាព៖ ហ្វេសប៊ុក វ័ន្ត លាងហៃ(ក្រេឌីត៖ Socheat Khum Photography)

សកម្ម​ភាព​ដូច​គ្នា​នេះ បាន​កើត​ឡើង​ជា​ច្រើន​ករណី​មក​ហើយ​នៅ​លើ​គូ​ស្វាមី​ភរិយា​ជា​សាមញ្ញជន។ ការណ៍​នេះ លោក​ជំទាវ​រដ្ឋលេខាធិការ​ដែល​បាន និង​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​បាន​សាទរ និង​ថ្លែង​អំណរគុណ ដោយ​ចាត់​ទុក​ថា នេះ​ជា​ការ​រួម​ចំណែក​ទប់​ស្កាត់​ការ​រីក​រាលដាល​របស់​មេរោគ​អប្រិយ ដែល​រាជរដ្ឋាភិបាល​បាន និង​កំពុង​ដុត​ដៃ​ដុត​ជើង។

លោក​ជំទាវ ឱ វណ្ណឌីន ថ្លែង​នៅ​ក្នុង​ថ្ងៃ​សន្នីសីទ​សារព័ត៌មាន​នា​ថ្ងៃ​ម្សិលមិញ​ថា "ខ្ញុំ​បាន​ឃើញ​ដែរ​នៅ​លើ​បណ្ដាញ​សង្គម​ដែល​ប្អូន​ស្រី​ម្នាក់ ជា​ម្ចាស់​សាមី​ដើម​ការ ជា​កូន​ក្រមុំ​ផ្ទាល់​តែ​ម្ដង...បាន​ប្រកាស​​ដោយ​ខ្លួន​គាត់​ថា ដើម្បី​ចូល​រួម​ទប់​ស្កាត់​ការ​ចម្លង​របស់​វីរុស Covidនេះ គាត់​សូម​ពន្យារ​ពេល​ការ​ចូល​រួម​ក្នុង​អាពាហ៍ពិពាហ៍​របស់​គាត់ គឺ​គាត់​ប្រកាស​ខ្លួន​គាត់​តែ​ម្ដង។ អីចឹង​ហើយ​នេះ​ជា​ចំណុច​ល្អ​មួយ ដែល​យើង​សូម​កោតសរសើរ...និង​សូម​ឲ្យ​មាន​ការ​រៀន​សូត្រ​បន្ត​ៗ​គ្នា​ដែរ!”។

ងាក​មក​​អតីត​តារា​សម្ដែង បច្ចុប្បន្ន​ជា​មេធាវី​លោក វ័ន្ត លាងហៃ វិញ​ម្ដង ក្រោយ​ការ​ប្រកាស​ពី​ការ​លើក​​ពេល​ពិធី​រៀប​មង្គល​របស់​ខ្លួន​ដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី ៣០ មីនា​នេះ លោក​បាន​បញ្ជាក់​ថា មិន​ទាន់​មាន​កាល​បរិច្ឆេទ​ជាក់​លាក់​ថ្មី​នៃ​ពិធី​មង្គល​របស់​ខ្លួន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​ឲ្យ​ដឹង​ថា អ្វី​ៗ​នឹង​អាច​ចាប់​ផ្ដើម​ម្ដង​ទៀត នៅ​ពេល​អ្វី​ៗ​វិល​មក​រក​ភាព​ប្រក្រតី ពោល​គឺ​ជំងឺ​រលាក​សួត​ថ្មី ហៅ​ថា Covid-19 នេះ​បាន​ធូរស្រាល ហើយ​គ្រប់​គ្រង​បាន ទើប​លោក​នឹង​គិតគូរ​ម្ដង​ទៀត ហើយ​ចាប់​ផ្ដើម​អញ្ជើញ​ភ្ញៀវ​កិត្តិយស​មក​ពិសា​ភោជនីយ​អាហារ​សារ​ជា​ថ្មី។

រូបភាព៖ ហ្វេសប៊ុក វ័ន្ត លាងហៃ

លោក វ័ន្ត លាងហៃ គឺ​តារា​សម្ដែង​ស្រង់​សង្ហា​​ម្នាក់​ដែល​កន្លង​មកភាគ​ច្រើន​ភាគ​ច្រើន លោក​បាន​ចូល​រួម​សម្ដែង MV និង​ការ​ថត​រាំ​អបអរ​កម្មវិធី​បុណ្យ​ចូល​ឆ្នាំ​ប៉ុណ្ណោះ។ ប៉ុន្តែ​ក្រោយ​មក​លោក ក៏​បាត់​មុខ​ពី​សិល្បៈ​ឈឹង ដែល​ក្រោយ​មក​ទើប​ដឹង​ថា លោក​បាន​យក​ពេល​ទៅ​បន្ត​ការ​សិក្សា​ផ្នែក​ច្បាប់​តាម​ដែល​ខ្លួន និង​ក្រុម​គ្រួសារ​ស្រឡាញ់។ លោក​​ វ័ន្ត លាង​ហៃ បាន​បំពេញ​លក្ខខណ្ឌ​​ច្បាប់​ ​ស្ដី​ពី​លក្ខន្តិកៈ​មេធាវី​នៃ​ព្រះរាជា​អាណាចក្រ​កម្ពុជា​ចប់​ពេញ​លេញ ហើយ​បាន​ស្បថ​ចូល​ធ្វើ​ជា​មេធាវី​ពេញ​សិទ្ធិ កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៨៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម