• 2017-10-02 04:45:59
  • ព័ត៌មាន

គ្រូ​អគ្គីនេត្រ ធ្វើ​ឲ្យ​នាយ ពែកមី​ ខាត​មិនស្ទើរ

  • 2017-10-02 04:45:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក វ៉ាន់ សុខសីហា ហៅ​គ្រូអគ្គីនេត្រ អាច​​ធ្វើ​ឲ្យ​ខាត​បង់​ប្រាក់​យ៉ាង​តិច​ណាស់​ក៏​កន្លះ​ម៉ឺន​ដុល្លារ​ដែរ បន្ទា​ប់ពីលោក​គ្រូ​​ល្បី​ឈ្មោះ​តាម​ Facebook រូប​នេះ ត្រូវ​បាន​នាយ​ពែកមី​​ហៅ​ឲ្យ​សម្ដែង​ភាពយន្ត​របស់​ខ្លួន ប៉ុន្តែ​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​រឿង​ជួញដូរ​គ្រឿង​ញៀន បន្ទាប់​​ថត​រឿង​នោះ​​រួច។

តាម​ការ​លើក​ឡើង​របស់​លោក ហេង ឡុង អនាគត​ស្វាមី​អ្នក​នាង ចន ច័ន្ទលក្ខិណា ​បាន​ឲ្យ​ដឹង​ថា ប្លង់​ដែល​គ្រូ​អគ្គីនេត្រ សម្ដែង​នោះ គឺ​ជា​ប្លង់​ធំ ក្នុង​នោះ​មាន​តារា​សម្ដែង​ល្បីៗ​ជាង​២០រូប​បាន​ចូល​រួម អ៊ីចឹង​ដែល​ជា​ហេតុ​​នាំ​ឲ្យ​ចំណាយ​ច្រើន។ "យើង​​ថត​ជាង​១ខែ​ហើយ​​ប្លង់​ហ្នឹង គ្រូ​អគ្គីនេត្រ ​មាន​ប្លង់​ថត​តែ​១ថ្ងៃ​ទេ​ក្នុង​រឿង​ហ្នឹង កាល​ណោះ​យើង​ថត​​​១ថ្ងៃ​ពេញ​ដល់​យប់​ នៅកំពង់​ឆ្នាំង តួ​ជាង​២០នាក់ ចាយ​លុយ​មិន​ក្រោម​៥ពាន់​ទេ រឿង​ហ្នឹង​ពែក​មី​ អ្នក​ដឹក។ លោក ហេង ឡុង លើក​ឡើង។

រឿង"​បន្តោង​ឆ្នាំង​ដី" ដែល​ជា​វណ្ណកម្ម​ដំបូងរបស់​ផលិតកម្ម​សិល្បៈ​ខ្មែរ​ភាពយន្ត​ របស់​អ្នក​នាង ចន ច័ន្ទលក្ខិណា គ្រូ​អគ្គីនេត្រ ត្រូវ​បាន​នាយ​ពែក​មី ដែល​ជា​អ្នក​ដឹក​នាំ​សម្ដែង ឲ្យ​ធ្វើ​ជា​តួ​គ្រូ​ចាប់​ខ្មោច។ បច្ចុប្បន្ន​មិន​ទាន់​រក​បាន​តួ​មក​ជំនួស គ្រូអគ្គីនេត្រ នៅ​​ឡើយ​ទេ ហើយ​ការ​សម្រេច​ចិត្ត​ថត​ឡើង​វិញ​ ឬយ៉ាង​ណា​នោះ ក៏​មិន​ទាន់​កំណត់​ថ្ងៃ​បាន​ដែរ ពេល​នេះ​កំពុង​តែ​ធ្វើការ​ស្ទាប​ស្ទង់​មតិ ខណៈ​ដែល​រឿង​មួយ​នេះ ថត​​ស្ទើរ​តែ​ចប់​១០០%​ហើយ​ក្ដី។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ហេង ឡុង។​

លោក វ៉ាន់ សុខសីហា ​ដែល​តាំង​ខ្លួន​ជា​គ្រូសិល្ប៍​អគ្គីនេត្រ ត្រូវ​​បាន​សមត្ថកិច្ច​​ចាប់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ​ពាក់​ពន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន បច្ចុប្បន្ន​គ្រូ​ដែល​លេង​ខ្លួន​ដូច​ក្មេង​ស្ទាវ​បោក​មហាជន​​​ជា​ច្រើន​លើ​​ Facebook នេះ​​ត្រូវ​បាន​តុលាការ​​​រាជធានី​ភ្នំពេញ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​​នៅ​ពន្ធនាគារ​ព្រៃ​ស រង់​ចាំ​ការ​កាត់​​ក្ដី​តាម​នីតិវិធី​ច្បាប់។

អត្ថបទៈ ស៊ុនហួត

មតិយោបល់