• 2017-12-20 11:23:00
  • ជីវិតតារា

តស៊ូ​ពី​ក្មេង​ដើរ​បេះ​បន្លែ​លក់ បច្ចុប្បន្ន​ក្លាយ​ជា​ប្រធាន​នាយកដ្ឋាន​ទាំង​វ័យ​ក្មេង

  • 2017-12-20 11:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ប៉ុក បូរក្ស បច្ចុប្បន្ន​កំពុង​កាន់​តំណែង​ជា​ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ ជំនួស​ប្រធាន​ចាស់​លោក ស៊ិន ច័ន្ទសាយ៉ា ដែល​ចូល​និវត្តន៍។ មាន​វ័យ​ត្រឹម ៣៥ ឆ្នាំ លោក បូរក្ស គឺ​ជា​មន្ត្រី​រាជការ​វ័យ​ក្មេង​មួយ​រូប​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា។ ប៉ុន្តែ​មុន​ពេល​មក​កាន់​តំណែង​ធំ​មួយ​នា​ពេល​បច្ចុប្បន្ន លោក បាន​តស៊ូ​ច្រើន ដោយ​ចាប់​ផ្ដើម​ពី​ក្មេង​លក់​បន្លែ​បង្ការ​សព្វ​មុខ។

ស្ថានភាព​គ្រួសារ និង​ការ​តស៊ូ

រំលឹក​ទៅ​អតីតកាល និង​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន លោក បូរក្ស ប្រាប់​ថា គ្រួសារ​លោក​គឺ​ជា​គ្រួសារ​អ្នក​រាជការ ក្នុង​នោះ​ឪពុក​លោក​ឈ្មោះ ប៉ុក នាង ​បច្ចុប្បន្ន​មាន​វ័យ ៨១​ឆ្នាំ ជា​អតីត​មន្ត្រី​បម្រើ​ការ​នៅ​​ក្រសួង​សុខាភិបាល។ ម្ដាយ​ឈ្មោះ កង សុខា វ័យ ៦៣​ឆ្នាំ ជា​មេផ្ទះ។ ប៉ុក បូរក្ស កើត​មាន​រាជធានី​ភ្នំពេញ និង​មាន​បង​ប្អូន ៧​នាក់(ស្រី​២​នាក់) លោក​ជា​កូន​ពៅ។ ក្រៅ​ពី​​លោក បង​៦នាក់​ទៀត ក៏​ជា​មន្ត្រី​រាជការ​ដែរ ប៉ុន្តែ​នៅ​ស្ថាប័ន​ផ្សេង​គ្នា​ទាំង​អស់។

និយាយ​ពី​ជីវិត​តស៊ូ យ៉ាង​ត្រដាបត្រដួស​កាល​ពី​អតីតកាល ប្រធាន​នាយកដ្ឋាន​រូប​នេះ​ប្រាប់​ថា ដើម​ឡើយ​កាល​ពី​នៅ​ក្រោម​ការ​ទំនុកបម្រុង​លោក​ឪពុក​ជា​មន្ត្រី​រាជការ គ្រួសារ​របស់​លោក​ត្បិត​ថា មិន​ខ្ពស់​មុខ​ខ្ពស់​មាត់ ប៉ុន្តែ​ក៏​អាច​រស់​នៅ​បាន​ស្រួល​ដែរ។ ប៉ុន្តែ​ក្រោយ​អ្នក​មាន​គុណ​​រូប​នេះ អស់​ការងារ​ការ​លំបាក ក៏​លេច​មុខ​ឡើង​ជ្រងោ។

“ខ្ញុំ​នៅ​ចាំ​បាន គឺ​​ដូច​ជា​នៅ​ឆ្នាំ ១៩៨៩ ប៉ា​ខ្ញុំ​បាន​ចូល​និវត្តន៍ ពេល​ហ្នុង​ហើយ ​គ្រួសារ​ខ្ញុំ​ចាប់​ផ្ដើម​លំបាក​ខ្លាំង ព្រោះ​មិន​មាន​ទី​ពឹង បង​ៗ​ជាប់​រៀន​អស់ ខ្ញុំ​ជា​ប្អូន​នៅ​ផ្ទះ ក៏​ត្រូវ​បង្ខំ​ចិត្ត​ចេញ​រក​កម្រៃ​ជួយ​ទប់​ជីវភាព​គ្រួសារ"។

ក្រោយ​ចូល​និវត្តន៍​ពី​ការងារ​រាជការ លោក​ឪពុក របស់​លោក បូរក្ស បាន​ចាប់​យក​អាជីព​រត់​ម៉ូតូ​ឌុប ដើម្បី​រក​ប្រាក់​ទ្រទ្រង់​ជីវភាព។ ប៉ុន្តែ​របរ​មួយ​នេះ មិន​អាច​ជួយ​ឲ្យ​គ្រួសារ​ដែល​មាន​សមាជិក​ដល់​ទៅ៩ រស់​នៅ​សុខ​ស្រួល​ទេ ពោល​គឺ​កាន់​តែ​ប្រឈម​ខ្លាំង​ឡើង​ៗ។ ចុង​ក្រោយ ឪពុក​ម្ដាយ​លោក បាន​បង្ខំ​ចិត្ត​លក់​ផ្ទះ​នៅ​ជិត​ផ្សារ​កាប់​គោ​ដែល​ជា​កន្លែង​ផ្ដល់​កំណើត​កើត​ជា​របស់​គ្រួសារ​ចោល។

គ្រួសារ​មន្ត្រី​រាជការ​មួយ​នេះ បាន​ប្ដូរ​ទៅ​រស់​នៅ​ទឹក​ដី​ក្រុង​តាខ្មៅ​វិញ​រហូត​ដល់​បច្ចុប្បន្ន។ នៅ​លើ​ទឹក​ដី​ថ្មី​នេះ​ហើយ លោក បូរក្ស ដែល​កាល​នោះ​នៅ​ក្នុង​វ័យ​កុមារភាព​នៅ​ឡើយ បាន​ឆ្លៀត​ពី​ការ​សិក្សា ចេញ​រក​កម្រៃ ដោយ​ដើរ​លក់​នំ និង​បេះ​បន្លែ ដូច​ជា ផ្ទី ស្អំ ចេក ទាប យក​ទៅ​លក់។ ឆ្លង​កាត់​ជីវិត​តស៊ូ​៣-៤​ឆ្នាំ គ្រួសារ​លោក ចាប់​មាន​ជីវភាព​ប្រសើរ​បន្តិច​នៅ​អំឡុង​ឆ្នាំ ១៩៩៣ ក្រោយ​ម្ដាយ​អាច​បង្កើត​មុខ​របរ​មួយ គឺ​បើក​ហាង​គុយ​ទាវ។ ដំណើរ​លូត​លាស់​របស់​​គ្រួសារ មិន​ទាន់​បាន​ប៉ុន្មាន​ផង គ្រោះ​កាច​ក៏​វិល​មក​សារ​ជា​ថ្មី ក្រោយ​គ្រួសារ​លោក​ជួប​គ្រោះ​ចោរ​ប្លន់។ "ពេល​នោះ ដូច​ចាប់​ផ្ដើម​សារ​ថ្មី​ទៀត ព្រោះ​ចោរ​ប្លន់ បាន​យក​អស់​អា​លីង​តែ​ម្ដង"។

ប្រវត្តិ​សិក្សា និង​ការ​បណ្ដុះ​បណ្ដាល​ផ្សេង​ៗ

និយាយ​ពី​ជីវិត​សិក្សា លោក បូរក្ស បាន​សិក្សា​នៅ​សាលា​វត្ត​លង្កា។ សិក្សា​បាន​មួយ​ឆ្នាំ បាន​ប្ដូរ​ទៅ​រៀន​នៅ​សាលា​បឋម​សិក្សា​តាខ្មៅ(បច្ចុប្បន្ន​បាន​ក្លាយ​ជា​សាលា​ចិន)។ សម្រាប់​កម្រិត​អនុវិទ្យាល័យ លោក​សិក្សា​នៅ​អនុវិទ្យាល័យ​សេរីភាព។

លោក បូរក្ស បាន​បញ្ចប់​ថ្នាក់​បាក់​ឌុប​ឆ្នាំ ១៩៩៩ ហើយ​មក​ដល់​ឆ្នាំ ២០០០ លោក​បាន​ចូល​សិក្សា​កម្រិត​ឧត្ដម​នៅ​វិទ្យាស្ថាន​ជាតិ​គ្រប់​គ្រង(NIM) បច្ចុប្បន្ន NUM ជំនាញ​គ្រប់​គ្រង​ពាណិជ្ជកម្ម។ លោក​បាន​បញ្ចប់​ការ​សិក្សា​កម្រិត​បរិញ្ញា​បត្រ​ផ្នែក​នេះ នៅ​ឆ្នាំ ២០០៤។

វិល​មក​ការ​បណ្ដុះ​បណ្ដាល​ផ្សេង​ៗ​វិញ លោក ប៉ុក បូរក្ស ធ្លាប់​ទទួល​ការ​បណ្ដុះបណ្ដាល​លើ​ជំនាញ​គ្រប់​គ្រង និង​ដឹក​នាំ​ភាពយន្ត​នៅ​ប្រទេស​កូរ៉េ​១​ឆ្នាំ​ក្នុង​ឆ្នាំ ២០០៧។ ប៉ុន្តែ​មុន​នេះ លោក ក៏​ធ្លាប់​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា​ដែរ​នៅ​ឆ្នាំ ២០០៤ ប៉ុន្តែ​លោក​សម្រេច​ចិត្ត​អត់​ទៅ​វិញ។ ក្រៅ​ការ​បណ្ដុះ​បណ្ដាល​ខាង​លើ លោក បូរក្ស ធ្លាប់​បាន​ចូល​រួម​ការ​សិក្សា​វគ្គ​ខ្លី​ៗ​ពាក់​ព័ន្ធ​ភាពយន្ត​នៅ​ប្រទេស​ជា​ច្រើន​ទៀត ដូច​ជា នៅ​ថៃ ភីលីពីន ឥណ្ឌូណេស៊ី និង​រុស្សី​ជា​ដើម។

គោល​ដៅ​ជីវិត និង​បុព្វហេតុ​ការងារ

​បើ​ទោះ​បច្ចុប្បន្ន​ កំពុង​កាន់​តួនាទី​ជា​ប្រធាន​នាយកដ្ឋាន​ភាពយន្ត ប៉ុន្តែ​លោក ប៉ុក បូរក្ស ប្រាប់​ថា ដើម​ឡើយ​លោក​មាន​គោលដៅ​ជីវិត​ផ្សេង គឺ​ចង់​ធ្វើ​ជា​ប៉ូលីស។ ប៉ុន្តែ​អ្វី​ៗ​ចាប់​ផ្ដើម​ខុស​ពី​ចិត្ត​ប៉ង ដូច​ព្រហ្មលិខិត​ចារ​មក​ជា​ស្រេច។

ប៉ុក បូរក្ស ប្រាប់​ថា នៅ​ឆ្នាំ ២០០១ គឺ​ក្រោយ​ចូល​សិក្សា​ថ្នាក់​សាកល​វិទ្យាល័យ​បាន​១​ឆ្នាំ ចំ​ពេល​ក្រសួង​វប្បធម៌​ប្រកាស​ប្រឡង​ជ្រើស​រើស​មន្ត្រី​រាជការ ហើយ​ផ្សំ​នឹង​បាន​ឪពុក​មា​ណែនាំ​ផង លោក​ក៏​បាន​ដាក់​ពាក្យ​ប្រឡង​ជាប់ និង​ចូល​បម្រើ​ការ​នៅ​ឆ្នាំ ២០០២។

ការងារ​ជា​មន្ត្រី​រាជការ​ក្រសួង​វប្បធម៌​ដំបូង​លោក​ បូរក្ស ទទួល​បន្ទុក​ខាង​ផ្នែក​រដ្ឋបាល ក្រោយ​មក​​បន្ទាប់​​ត្រឡប់​ពី​បណ្ដុះបណ្ដាល​នៅ​កូរ៉េ លោក​ត្រូវ​ផ្លាស់​មក​កាន់​តួនាទី​ជា​អនុប្រធាន​ការិយាល័យ​ភូមិភាគ​ទទួល​បន្ទុក​ផ្នែក​ច្បាប់​ អាជីវកម្ម នៅ​ឆ្នាំ ២០១១។ ២​ឆ្នាំ​ក្រោយ​មក លោក ប៉ុក បូរក្ស បាន​ក្លាយ​ជា​ប្រធាន​ការិយាល័យ​ដដែល​នេះ​ពេញ​សិទ្ធិ។

លុះ​មក​ដល់​ឆ្នាំ ២០១៧ ខែ​មេសា លោក បូរក្ស ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​ស្ដី​ទី​នាយកដ្ឋាន​ភាពយន្ត​ទៀត ក្រោយ​ប្រធាន​ចាស់ ស៊ីន ច័ន្ទសាយ៉ា ចូល​និវត្តន៍។ ថ្មី​ៗ​នេះ​ទៀត លោក​ទើប​ទទួល​បាន​ការ​ដំឡើង​ទៅ​ជា​ប្រធាន​នាយកដ្ឋាន​ភាព​យន្ត​ពេញ​សិទ្ធិ​តែ​ម្ដង។

ជីវិត​អាពាហ៍ពិពាហ៍

លោក ប៉ុក បូរក្ស រៀប​ការ​នៅ​ឆ្នាំ ២០១២ ជាមួយ​ភរិយា​ឈ្មោះ ម៉ម សុធា វ័យ ៣៤​ឆ្នាំ ជា​មន្ត្រី​បម្រើ​ការ​នៅ​សាលា​រាជធានី។ បច្ចុប្បន្ន​លោក និង​ភរិយា មាន​កូន​ប្រុស​ម្នាក់ អាយុ​ជិត​៥​ឆ្នាំ។

ការ​ផ្ដាំ​ផ្ញើ

ឆ្លង​កាត់​ការ​បណ្ដុះ​បណ្ដាល និង​ធ្វើ​ការ​ពាក់ព័ន្ធ​ភាពយន្ត​ច្រើន ប្រធាន​នាយកដ្ឋាន​វ័យ ៣៥​ឆ្នាំ​រូប​នេះ លើក​ទឹក​ចិត្ត​ឲ្យ​ផលិត​វ័យ​ក្មេង ចូល​រួម​ក្នុង​វិស័យ​ភាពយន្ត និង​ដាក់​ចិត្ត​ដាក់​កាយ​ឲ្យ​បាន​ច្រើន ត្បិត​ថា​វិស័យ​មួយ​នេះ​របស់​ជាតិ ត្រូវ​ការ​ការ​ចូល​រួម​របស់​យុវវ័យ​ដែល​មាន​សមត្ថភាព​ច្រើន។ លោក លើក​ឡើង​ថា កុន មាន​សក្ដានុពល​ច្រើន ក្នុង​នោះ​មិន​ត្រឹម​តែ​ផ្ដល់​ផល​ចំណេញ​ដល់​បុគ្គល ប៉ុន្តែ​នៅ​បាន​ចូល​រួម​ចំណែក​ជួយ​ជាតិ​ថែម​ទៀត តាម​រយៈ​ការ​ផ្សព្វផ្សាយ​ពី​ទេសចរណ៍ វប្បធម៌ ប្រពៃណី​ទំនៀមទម្លាប់​របស់​ជាតិ​ទៅ​កាន់​ពិភព​លោក។

"បរទេស នៅ​ពេល​គេ​ចង់​ធ្វើ​ទេសចរណ៍ គេ​អាច​មើល​ភាព​យន្ត អីចឹង​បើ​គេ​មើល​ចំ​ភាពយន្ត​យើង​មាន​បង្ហាញ​ពី​សក្ដានុពល​ទេសចរ តំបន់​ទេសចរណ៍​យើង គេ​ចាប់​អារម្មណ៍ អីចឹង​គេ​នឹង​មក​លេង​ប្រទេស​យើង​ហើយ"៕

អត្ថបទ៖ ទារិកា

មតិយោបល់