- 2018-03-19 08:06:47
- ព័ត៌មាន
ទាំង Miss Universe និង Miss Global ច្រានចោលការកោះហៅ ម៉ៃយ៉ា ឲ្យទៅប្រកួតតំណាងជាតិ
- 2018-03-19 08:06:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាំង Miss Universe និង Miss Global ច្រានចោលការកោះហៅ ម៉ៃយ៉ា ឲ្យទៅប្រកួតតំណាងជាតិ
ចន្លោះមិនឃើញ
សារព័ត៌មានផ្លូវការ មិនផ្លូវការជាច្រើន និងទូរទស្សន៍ក្នុងស្រុកចុះផ្សាយជាហូរហែថា តារាសម្ដែងកូនកាត់អាល្លឺម៉ង់ ម៉ៃយ៉ា នឹងជំនួសតំណែងបវរកញ្ញាកម្ពុជាឆ្នាំ២០១៧ រឿន ណាត ទៅប្រកួតក្នុងកម្មវិធី Miss Universe ប្រចាំឆ្នាំ២០១៨ ខណៈ រឿន ណាត នឹងចេញទៅប្រកួតក្នុងកម្មវិធី Miss World វិញ។
ក្រោយមកក៏ធ្លាយដំណឹងទៀតថា ម៉ៃយ៉ា មិនត្រូវអញ្ជើញឲ្យចូលរួមកម្មវិធីខាងលើនេះទេ ហើយនាងត្រូវប្ដូរទៅទិសដៅទៅប្រកួតក្នុងកម្មវិធី Miss Global វិញ តែស្ថាប័នពាក់ព័ន្ធទាំង២បានច្រានចោលព័ត៌មាននេះទាំងស្រុង។
ឆ្លើយតបបញ្ហាដែល ម៉ៃយ៉ា ជាប់ឈ្មោះតំណាងកម្ពុជាទៅប្រកួតកម្មវិធីបវរកញ្ញាចក្រវាល លោក ម៉ែន និមលរតន៍ អ្នកគ្រប់គ្រងក្រុមហ៊ុន Arise Agency បានបញ្ជាក់នៅព្រឹកនេះថា លោកមិនបានដឹងអ្វីដែលទាក់ទងនឹងរឿងនេះទេ។ ក្រុមហ៊ុនដែលទទួលសិទ្ធិផ្ដាច់មុខក្នុងការបញ្ជូនកញ្ញាឯកពីកម្ពុជាទៅប្រកួតនៅកម្មវិធី Miss Universe មិនបានស្នើ ឬបញ្ជូន ម៉ៃយ៉ា ឲ្យទៅប្រកួតឡើយ។
ផ្ទុយទៅវិញលោក និងក្រុមការងារកំពុងរៀបចំឯកសារដើម្បីស្នើកញ្ញា រឿន ណាត ឲ្យតំណាងប្រទេសចេញទៅប្រកួត ហើយខាងលោកត្រូវចាំទទួលបានការព្រមព្រៀងពីស្ថាប័នធំសិន ទើបអាចប្រកាសជាផ្លូវការថា អ្នកណានឹងទទួលស្និទ្ធិចេញទៅប្រកួតបាន ព្រោះកម្មវិធីនេះ គឺបំផុតក្នុងចំណោមកម្មវិធីប្រកួតសម្រស់លំដាប់ថ្នាក់អន្តរជាតិទាំងអស់។
ចំពោះការបញ្ជូនស្រីស្អាតកម្ពុជាទៅប្រឡងក្នុងកម្មវិធី Miss World វិញ ក្រុមហ៊ុនលោកមិនទាន់ទទួលបានសិទ្ធិនោះទេ ដោយពេលនេះ ក្រុមការងារកំពុងស្វះស្វែងរៀបចំឯកសារស្នើទិញ តែមិនទាន់ដឹងលទ្ធផលយ៉ាងណាឡើយ។
ចំណែកភាគីខាងតារាសម្ដែង ម៉ៃយ៉ា វិញបានឲ្យដឹងថាគ្មាននរណាម្នាក់ទាក់ទងរូបនាងឲ្យទៅប្រឡងក្នុងកម្មវិធី Miss Universe ទេ ហើយនាងមិនដឹងអ្វីជុំវិញព័ត៌មានដែលបានចុះផ្សាយព្រោងព្រាតឡើយ។ ដោយឡែកមានស្ថាប័នផ្សេង១ទៀត គឺ Miss Global ប្រចាំកម្ពុជាទាក់ទងឲ្យនាងទៅប្រកួតនៅចុងឆ្នាំនេះ តែរូបនាងមិនទាន់ឆ្លើយតប។
“គេបានទាក់ទងខ្ញុំបង! គេប្រាប់ថាគេមកពី Miss Global និងចង់ឲ្យខ្ញុំទៅប្រឡងនៅខែ៩នេះ។ តែខ្ញុំអត់ទាន់តបទេ ព្រោះខែ៩ហ្នឹង ខ្ញុំរវល់ទៅថតម៉ូដែលនៅអាមេរិក"។ ម៉ៃយ៉ា បញ្ជាក់។
ត្បិតសាមីខ្លួនបានបញ្ជាក់ច្បាស់ដូចនេះមែន តែភាគីខាងស្ថាប័ន Miss Global តំណាងដោយកញ្ញា សូរ្យ អេនណា បានបញ្ជាក់ប្រាប់ Sabay ថា គ្មានក្រុមការងារណាម្នាក់ក្នុងស្ថាប័នខ្លួនទាក់ទងទៅតារាកូនកាត់អាល្លឺម៉ង់ ដើម្បីអញ្ជើញនាងតំណាងកម្ពុជាចូលរួមកម្មវិធីខាងលើនេះទេ។
ខណៈ ម៉ៃយ៉ា និយាយថាមិនស្គាល់ឈ្មោះជនដែលណាត់ពិភាក្សាមុនចេញទៅប្រកួត តំណាង Miss Global ដដែលបញ្ជាក់ថា៖ "បងសួរអ្នកក្នុង Group របស់ក្រុមការងារ Miss Global Organization រួចហើយ គ្មាននរណាម្នាក់ទាក់ទងទៅ ម៉ៃយ៉ា ឲ្យទៅប្រកួតទេ នេះអាចជាព័ត៌មានមិនច្បាស់ ឬជាការយល់ច្រឡំ"៕