• 2018-05-16 03:31:49
  • ព័ត៌មាន

រោង​កុន​ទំនើបៗ បន្ត​កើន​ឡើង​នៅ​ភ្នំពេញ តែ​មន្ត្រី​ជំនាញ​ចង់​ឲ្យ​កើន​នៅ​កន្លែង​ផ្សេង​វិញ

  • 2018-05-16 03:31:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​របាយការណ៍​ថ្មី​បំផុត​ពី​នាយកដ្ឋាន​បាន​ឲ្យ​ដឹង​ថា រោង​ភាពយន្ត​ទំនើប នឹង​បន្ត​កើន​ឡើង​ទៀត​នៅ​រាជធានី​បន្ថែម​លើ​រោង​ភាពយន្ត​ទំនើប​ដែល​មាន​ស្រាប់ នៅ​ក្នុង​រង្វង់​ឆ្នាំ ២០១៨​នេះ។ ប៉ុន្តែ​អ្នក​ជំនាញ ​ចង់​កំណើន​កន្លែង​ប្រមូល​ចំណូល​ពី​កុន​នេះ​ កើត​មាននៅ​តាម​បណ្ដា​ខេត្ត​វិញ។

តាម​លោក ប៉ុក បូរក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ រោងភាពយន្ត​ទំនើប​២​ទៀត ត្រៀម​នឹង​ដំណើរ​នៅ​រាជធានី​ភ្នំពេញ ទី​១ គឺ មេជើរ អ៊ីអន២ ប្រភេទ IMax និង​ទី២ គឺ​លេជេន បឹង​កក់។ ជុំ​វិញ​បញ្ហា​នេះ លោក​មាន​ប្រសាសន៍​ថា ជា​គោលការណ៍ នាយកដ្ឋាន​ភាពយន្ត ក៏​ដូច​ជា​រូប​លោក​ផ្ទាល់ គឺ​គាំទ្រ​ចំពោះ​ការ​វិនិយោគ​របស់​វិនិយោគិន​នានា​ក្នុង​ពាណិជ្ជកម្ម​ជំនួញ​រោង​កុន ជា​បច្ច័យ​ឲ្យ​ផលិតករ​ក្នុង​ស្រុក មាន​លទ្ធភាព​កាន់​តែ​ច្រើន ក្នុង​ការ​ប្រមូល​ថវិកា​ទៅ​វិញ ពី​ផលិតផល​កុន​របស់​ពួក​គេ។

យ៉ាង​ណា ការ​កើន​ឡើង​រោងភាពយន្ត​តែ​នៅ​រាជធានី ក៏​មិន​មែន​ជា​សញ្ញា​វិជ្ជមាន​ប៉ុន្មាន​ឡើយ សម្រាប់​ការ​កៀរគរ​ចំណូល​ពី​ខ្សែ​ភាពយន្ត​ក្នុង​ស្រុក។ ក្នុង​ន័យ​នេះ លោក​ចង់​ឲ្យ​និន្នាការ​នេះ​កើត​មាន​នៅ​តាម​បណ្ដា​ខេត្ត​ច្រើន​ជាង។

"និយាយ​ទៅ ខ្ញុំ​មិន​ជា​សាទរ​ឲ្យ​មាន​ការ​កើន​ឡើង​រោង​នៅ​ក្នុង​ក្រុង​ទៀត​ទេ ព្រោះ​ថា ទោះ​ថែម​រោង​ប៉ុន្មាន​ទៀត ប៉ុន្តែ​អ្នក​មើល មាន​តែ​ប៉ុណ្ណឹង...អីចឹង​មាន​តែ​ហែក​ចែក​គ្នា​ម្នាក់​បន្តិច​ៗ។ ខ្ញុំ​ជឿ​ថា យើង​នឹង​មិន​បាន​អ្នក​មើល​ថ្មី​ច្រើន​ទៀត​ទេ។ សម្រាប់​ខ្ញុំ​ គឺ​ចង់​ឲ្យ​កើត​រោង​នៅ​តាម​បណ្ដា​ខេត្ត​ច្រើន​ជាង ដែល​ខ្ញុំ​ជឿ​ថា ការ​ពង្រីក​ទីផ្សារ​ភាពយន្ត​របស់​យើង បាន​ច្រើន​ជាង​នៅ​ក្នុង​ក្រុង"។

ក្រៅ​ពី​រោង​ភាពយន្ត​ទាំង​ពីរ​ខាង​លើ​ត្រៀម​ដំណើរ​ការ​នៅ​រាជធានី មាន​រោង​ភាពយន្ត​ទំនើប​មួយ​ទៀត ត្រៀម​ដំណើរ​ការ​អាជីវកម្ម​នៅ​ខេត្ត​សៀមរាប​នា​ឆ្នាំ​នេះដែរ គឺ លេជេន សៀមរាប។ តាម​របាយការណ៍ របស់​នាយកដ្ឋាន​ភាពយន្ត គិត​ត្រឹម​បច្ចុប្បន្ន រោង​ភាពយន្ត​ទំនើប កំពុង​ដំណើរ​ការ​អាជីវកម្ម​នៅ​រាជធានី និង​តាម​បណ្ដា​ខេត្ត​មាន​មាន​ចំនួន ១២​រោង មាន​បន្ទប់​បញ្ចាំង(Hall) សរុប​ចំនួន ៣៩ និង​កៅអី​អង្គុយ​ចំនួន ៦.៤៣៧។

ចំនួន​នេះ នឹង​កើត​ឡើង ដល់​ចំនួន​សរុប ១៥រោង ស្មើ​នឹង ៥៩​បន្ទប់​បញ្ចាំង និង​កៅអី​អង្គុយ​សម្រាប់​អ្នក​ទស្សនា អាច​កើន​ដល់ ១ម៉ឺន​ កៅអី មុន​ដំណាច់​ឆ្នាំ ២០១៨​នេះ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម