• 2018-07-05 03:09:02
  • ព័ត៌មាន

ទឹក​ចិត្ត​បុណ្យ! ​ទោះ​ អាលីយ៉ា ទៅ​ឆ្ងាយ​ហើយ តែ​អ្នក​នាង សារីណា នៅ​​ប្រឹង​រៀប​ចំ​គ្រប់​យ៉ាងឲ្យ​នាង​ទៀត

  • 2018-07-05 03:09:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​វីដេអូ​ជាង ២​ម៉ោង អ្នក​នាង សារីណា ភរិយា​លោក ស៊ុក សុភា នៅ​ថ្ងៃ​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​នាង បាន និង​កំពុង​រៀប​ចំ​របស់​របរ​ប្រើ​ប្រាស់​មួយ​ចំនួន ធ្វើ​ជា​បាឡុង​សម្រាប់​ប្រគេន​ព្រះសង្ឃ​ឧទ្ទិស​ទៅ​ឲ្យ​សព ឌីជេ អាលីយ៉ា ដែល​ចែក​ឋាន​ទៅ​បាន​ជាង​១​សប្ដាហ៍​ទៅ​ហើយ។

របស់​ទាំង​នោះ មាន​ដូច​ជា​របស់​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​បាយ​មាន ចាន ស្លាប​ព្រា ឆ្នាំង​ ខ្ទះ រួម​ទាំង​របស់​ប្រើ​ប្រាស់​ផ្សេង​ៗ​ទៀត​មាន ខ្នើយ​កើយ ស្បែក​ជើង ម្សៅ ឡេ​ សម្រាប់​លាភ​ជា​ដើម។ ទាំង​នេះ គឺ​បាន​មក​ពី​ការ​ចែក​រំលែក ក៏​ដូច​ជា​បច្ច័យ​ចូល​បុណ្យ​របស់​បង​ប្អូន​ខ្មែរ​រស់​នៅ​ប្រទេស​អូស្ត្រាលី និង​កន្លែង​ផ្សេង​ៗ​ទៀត ដែល​អ្នក​នាង ទទួល​បាន​តាំង​ពី​ពេល អាលីយ៉ា សម្រាក​ឈឺ​នៅ​ក្នុង​មន្ទីរ​ពេទ្យ រហូត​ដល់​នាង​បាន​ចែកឋាន ហើយ​នាង នឹង​រៀបរាប់​ឈ្មោះ​សប្បុរសជន​នា​ពេល​បន្ទាប់​នេះ។

សរុប​ថវិកា​ទាំង​អស់ សារីណា ប្រមូល​បាន​ប្រមាណ​ជាង ៣,០០០ដុល្លារ​អាមេរិក ស្មើ​នឹង​ជិត​៥,០០០​ដុល្លារ​អូស្ត្រាលី។ ថវិកា​ទាំង​នេះ អ្នក​នាង បាន​យក​ទៅ​ចំណាយ​ចាត់​ចែង​លើ​បុណ្យ​សព អាលីយ៉ា ខ្លះ​ៗ​ហើយ ដូច​ជា​ការ​ចំណាយ​លើ​ការ​ទិញ​មឈូស​ប្រណិត​មួយ​ជា​ដើម អស់​ប្រាក់ ២,១៨០​ដុល្លារ ដែល​នាង​ឧបកិច្ច​ថា នេះ​ជា​បន្ទប់ VIP សម្រាប់​អាលីយ៉ា ដែល​មុន​ស្លាប់​នាង​ប្រាថ្នា​ចង់​បាន។

“ឥឡូវ​នេះ ខ្ញុំ​កំពុង​ចង់​រក​ទិញ​ដី​នៅ​កន្លែង​ណា​មួយ ដើម្បី​ធ្វើ​ចេតិយ​ឲ្យ អាលីយ៉ា ព្រោះ​មាន​គេ​ប្រាប់​មក​ថា ឥឡូវ​កោដិ​ដាក់​ធាតុ អាលីយ៉ា អត់​មាន​កន្លែង​ដាក់ អីចឹង​ហើយ ខ្ញុំ​កំពុង​សម្លឹង​រក​ដី​កន្លែង​ណា​ម្ដុំ ដើម្បី​ធ្វើ​ចេតិយ​ឲ្យ​គាត់"។ សារីណា បន្ថែម។

ស្ត្រី​មេផ្ទះ​រូប​នេះ អះអាង​ថា មិន​ទាន់​យឺត​ពេល​ទេ សម្រាប់​ការ​ជួយ​ដល់ អាលីយ៉ា។ ដូច្នេះ​ហើយ ប្រសិន​បើ​បង​ប្អូន​ចង់​ចែក​រំលែក​ទឹក​ចិត្ត​បុណ្យ អាច​ចូល​រួម​បាន​តាម​រយៈ​នាង​ផ្ទាល់។ សារីណា លើក​ឡើង​ថា នាង​ចង់​ធ្វើ​អ្វី​ដែល​អាច​ធ្វើ​បាន ព្រោះ​ពេល​ដែល អាលីយ៉ា នៅ​រស់ នាង​មិន​អាច​ធ្វើ​អ្វី​បាន​ច្រើន ដោយ​សារ​​តែ​នាង​នៅ​ឆ្ងាយ ព្រម​ទទួល​ដំណឹង​ពី​ស្ថានភាព តារា​ស្រី​កម្សត់​រូប​នេះ យឺត​ពេល​ទៅ​ហើយ។

“គ្រាន់​តែ​ទទួល​ដំណឹង ខ្ញុំ​ខំ​ទាក់​ទង​ទៅ​​អាយ៉ា ហើយ​នាង​ប្រាប់​ថា នាង​កំពុង​ពិបាក​ក្នុង​ខ្លួន​ខ្លាំង ព្រោះ​ដង្ហក់ ជាង​១០​ម៉ោង​ទៅ​ហើយ...ហើយ​ពេល​នោះ ខ្ញុំ​នៅ​ឆ្ងាយ​ ធ្វើ​អី​មិន​កើត បាន​តែ​ទឹក​ចិត្ត​ចូល​រួម​លំបាក​ជា​មួយ​ប៉ុណ្ណឹង។ ត្រង់​ចំណុច​នេះ ខ្ញុំ​បន្ទោស​បន្តិច​ដែរ ហេតុអ្វី​មិន​ឲ្យ​ដំណឹង​តាំង​ពី​ដំបូង លុះ​ដល់​ពេល​ខ្ញុំ​ដឹង គឺ​យឺត​ពេល​ទៅ​ហើយ ហើយ​ក្រោយ​បាន​ប៉ុន្មាន ខ្ញុំ​ក៏​ទទួល​​ដំណឹង​ថា​គាត់​ស្លាប់​ទៅ​ហើយ ខ្ញុំ​ស្លុត​ចិត្ត​ណាស់"។

ដោយ​សារ​តែ​បែប​នេះ ទើប សារីណា បញ្ជាក់​ថា នឹង​ធ្វើ​អ្វី​ដែល​នាង​អាច​ធ្វើ​បាន​ចំពោះ​សព​សិល្បការិនី​កម្សត់ ដោយ​យក​ថវិកា​ដែល​សេសសល់ រៀប​ចំ​របស់​របរ​មួយ​ចំនួន ដែល​គិត​ថា អាលីយ៉ា គួរ​បាន។ ក្រៅ​ពី​នេះ ក៏​កំពុង​ព្យាយាម​រក​លទ្ធភាព រក​ទី​កន្លែង ធ្វើ​ចេតិយ​ឲ្យ​នាង​ថែម​ទៀត៕

អត្ថបទ៖ ទារិកា

មតិយោបល់