• 2018-08-24 03:20:00
  • ព័ត៌មាន

ក្រសួង​បក​ស្រាយ​ច្បាស់​ៗ មូល​ហេតុ​ដាក់​ចំណាត់​ការ​លើ​អតីត​តារា​សិច​ស៊ី ស្រី​ម៉ុច​

  • 2018-08-24 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​មហាជន​ជា​ច្រើន​ងឿង​ឆ្ងល់​ថា អ្នក​នាង ស្រី​ ម៉ុច លែង​ជា​តារា​អស់​ពេល​ជាង​១០​ឆ្នាំ​មក​ហើយ តែ​ហេតុ​អ្វី​​បាន​ជា ក្រសួង​នៅ​តែ​ដាក់​ឈ្មោះ អ្នក​ម្ដាយ​កូន​៣​រូប​នេះ ក្នុង​បញ្ជី​ខ្មៅ ត្រៀម​កោះ​ហៅ​ដើម្បី​ណែ​នាំ ពី​បញ្ហា​ស្លៀក​ពាក់​សិច​ស៊ី​ ។

រូប​តំណាង

ឆ្លើយ​តប​នឹង​ករណី​នេះ ឯក​ឧត្ដម ចំរើន វ៉ាន់​ថា ទី​ប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ប្រាប់​ថា ​ថ្វី​ត្បិត​អ្នក​នាង​ ស្រី​ម៉ុច​ បាន​ចាក​ឆ្ងាយ​សិល្បៈ​ក៏​ពិត​មែន តែ​រូប​ភាព​សិច​ស៊ី​​​របស់​អ្នក​នាង​បាន​បង្ហាញ​នៅ​ស្រុក​ខ្មែរ ​ក្នុង​រូប​ភាព​ទាក់​ទង​នឹង​សកម្មភាព​សិល្បៈ​ខ្មែរ ដូច្នេះ​ទោះ​ជា​អតីត​តារា​ ក៏​ក្រសួង​ត្រូវ​ធ្វើ​ការ​ណែនាំ​ដែរ។

លោក បន្ត​ថា ​ពេល​អតីត​តារា​រូប​នេះ​មក​ស្រុក​ខ្មែរ​កាល​ពី​មួយ​ខែ​មុន បាន​បង្ហាញ​ការ​ស្លៀក​ពាក់​សិច​ស៊ី​មិន​អាច​ទទួល​យក​បាន ក្នុង​ទម្រង់​ទាក់​ទង​នឹង​សិល្បៈ។​ ជាក់​ស្ដែង ក្នុង​កម្មវិធី​របស់​គ្លី​និក​កែ​សម្ផស្ស​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ អ្នក​នាង​ ស្រី​ម៉ុច បាន​ស្លៀក​ពាក់​សិច​ស៊ី​ជ្រុល ពេល​បង្ហាញ​ខ្លួន​រាំ​លើ​ឆាក​រួម​គ្នា ជាមួយ​តារា​ថៃ។ ​ រូប​ភាព​នេះ​ បាន​បង្ហាញ​ពី​គំរូ​មិន​ល្អ ប្រាស​ចាក​ក្រម​សីលធម៌​របស់​សិល្បៈ​ខ្មែរ។ ម្ល៉ោះ​ហើយ​ទើប​ក្រសួង​ប្រជុំ​សម្រេច ធ្វើ​ការ​ណែ​នាំ​ករណី​នេះ​លើ​អ្នក​នាង ស្រី​ម៉ុច ទោះ​ត្រឹម​ជា​អតីត​តារា​ក៏​ដោយ ។ លោក​សង្កត់​ធ្ងន់​ថា ក្រសួង​មិន​មាន​ចេតនា ចង់​បង្ក​ព្យុះ​ភ្លៀង​ពាក់​ព័ន្ធ​នឹង​តារា​នោះ​ឡើយ តែ​បើ​តារា​ណា បាន​ប្រព្រឹត្ត​ប្រាស​ចាក​នឹង​ក្រម​សីល​ធម៌​សិល្បៈ នោះ​ក្រសួង​ត្រូវ​តែ​មាន​ចំណាត់​ការ​ដាច់​ខាត។

ទាក់​ទង​បញ្ហា​នេះ ឯកឧត្ដម ថៃ នរៈ​សត្យា រដ្ឋ​លេខាធិការ​ និង​អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ធ្លាប់​មាន​ប្រសាសន៍​ថា ក្រសួង​គ្មាន​ពេល​វេលា​ឯណា​ទៅ​តាម​ដាន​គ្រប់​សកម្មភាព​របស់​តារា​ទាំង​អស់​នោះ​ ប៉ុន្តែ​ក្នុង​ករណី​មាន​មហាជន​ជា​ច្រើន​រិះ​គន់​ទៅ​លើ​ភាព​សិច​ស៊ី​របស់​តារា​រូប​ណា​នោះ ទើប​ក្រសួង​ចាប់​ផ្ដើម​ពិនិត្យ​មើល និង​ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់។

​ចំពោះ​តារា​រូប​ណា​ដែល​ត្រៀម​ខ្លួន​នឹង​ប្រឈម​ករណី​បែប​នេះ​​បន្ត​ទៀត លោក ​ចំរើន វ៉ាន់​ថា បញ្ជាក់​ថា​មិន​ទាន់​មើល​ឃើញ​ថា ​មាន​តារា​​ម្នាក់​ណា​​​នោះ​ឡើយ តែ​ក្រសួង​នៅ​តែ​បន្ត​តាម​ដាន​ ត​ទៅ​ទៀត៕

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម