• 2018-08-29 04:20:34
  • ជីវិតតារា

​​​បើក​បង្ហាញ​របរ​រកស៊ី​ តារា​ប្រុស ៥​ដួង ក្រោយ​លែងខ្វល់​ខ្វាយ​សិល្បៈ​ច្រើន​ឆ្នាំ

  • 2018-08-29 04:20:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អតីត​តារា​៥​រូប រួម​មាន លោក លាន អា​ព្រី​លគី​នីន ណាំ បុណ្ណា​រ័ត្ន គង់ សង្វា​ដា​នី​ កែវ បូ​រ៉ា និង​លោក ឃុំ ប៉ុណ្ណា​ដែត ​បាន​ឃ្លាត​ឆ្ងាយ​ពី​សិល្បៈ​អស់​ពេល​ច្រើន​ឆ្នាំ ដោយ​ពួក​គេ​​​បាន​រៀប​ការ​មាន​ប្រពន្ធ​កូន​អស់​ហើយ​ និង ងាក​មក​បើក​មុខ​របរ​រក​ស៊ី​​វិញ ​។​ ​

​១. លាន អា​ព្រី​លគីនីន

ក្រោយ​ពី​បាត់​មុខ​ពី​សិល្បៈ​អស់​ពេល​ច្រើន​ឆ្នាំ អតីត​ពិធី​ករ និង​តារា​ចម្រៀង​ល្បី​ឈ្មោះ​ បាន​ងាក​មក​បើក​មុខ​ជំនួញ​ជា​ច្រើន​។ ក្នុង​នោះ​ ​កាល​ពី​ឆ្នាំ​២០១៧ ត្រូវ​បាន​មិត្ត​ភ័ក្កិ​ក្នុង​សិល្បៈ​ទម្លាយ​ថា លោកមានក្រុមហ៊ុនច្រើនក្នុងដៃ ដូចជា ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សម្ភារៈ​សំណង់ ក្រុម​ហ៊ុន​សាង​សង់​ផ្លូវ ក្រុម​ហ៊ុន Media ហាង​បោះ​ពុម្ព ហាង​ផឹក​ស៊ី​ នៅ​​ផ្សារ​កុង​តឺ​ន័រ ព្រម​ទាំង​​បើក​ហាង​លក់​គ្រឿង​ថែរក្សា​សម្រស់​ ដែល​ប្រពន្ធ​លោកជា​អ្នក​មើល​ការ​ខុស​ត្រូវ។

​​ប៉ុន្តែ​គេ​​មិន​ច្បាស់​ថា ហាង​ទាំង​អស់​នេះ នៅ​ដំណើរការ​ដោយ​រលូន​ ឬ​បាន​បិទ​ខ្លះ​នោះ​ទេ។ ​លោក​ក៏​​មានកូន​ប្រុស​ម្នាក់​ឈ្មោះ លាន បញ្ច​នីត បាន​ដើរ​តាម​គន្លង​ ប្រលូក​ក្នុង​សិល្បៈ​ចម្រៀង​ផង​ដែរ។

​​​២. ណាំ ប៊ុណ្ណា​រ័ត្ន

​ក្រោយ​ពី​បែក​ធ្លាយ​ដំណឹង​​មាន​ប្រពន្ធកូន​រួច​មក ម្ចាស់​បទ "​ពេល​វេលា​មិន​ស័ក្ដិសម" ​ងាក​មក​បើក​​ហាង​ភេសជ្ជៈ និង​ឆាប់​ៗ​នេះ បើក Studio ទំនើប​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ។ តារា​មាន​កូន​ប្រុស​ម្នាក់​រូប​នេះ ប្រាប់​ថា ​លោក​បាន​​សុំ​ឈប់​ច្រៀង​នៅ​ផលិត​កម្ម M ដែល​ជា​ទ្រនំ​លោក​ធ្លាប់​ជ្រក​ហើយ ​ត្រឹម​ធ្វើ​ជា​និពន្ធ​បទ​ភ្លេង​ប៉ុណ្ណោះ។ ក្រៅ​ពី​នេះ​គេ​ឃើញ​ភរិយា​ស្រស់​ស្អាត​របស់​លោក ​​បន្ថែម​របរ​លក់​គ្រឿង​ថែរក្សា​សម្ផស្ស​តាម​អន​ឡាញ​។

៣. គង់ សង្វា​ដា​នី

​បន្ទាប់​ពី​ផលិត​កម្ម SSB បិទ​ទ្វារ សកម្ម​ភាព​សិល្បៈ​របស់​ម្ចាស់​បទ "​មិន​បាន​ត្រៀម​ចិត្ត​" ក៏​ស្ងប់​ស្ងាត់​ ធ្វើ​ឲ្យ​ទស្សនិកជន​នឹក​រលឹក​​លោក​ជា​ខ្លាំង។ លោក​បាន​ចូល​ហ៊ុន​ជា​មួយ​បង​ប្រុស​ បើក​ហាង​លក់​បបរមាន់​ស្រែ​ នៅ​ម្តុំ​ទួល​គោក និង​ធ្វើ​ជា​អ្នក​ថត​រូប​ប្រចាំហាង​​បង​ស្រី​របស់​ខ្លួន។

នៅ​ពេល​រៀប​ការ​​ជាមួយ​កូន​ស្រី​អ្នក​ជំនួញ​ម្នាក់ ​ថ្មី​ៗ​នេះ ​គេ​ឃើញ​លោក​បន្ថែម​របរ​មួយ​ទៀត គឺ​​បើក​ហាង​លក់​ភេសជ្ជៈ និង​កាហ្វេ​នៅ​ម្តុំ TK។

៤. កែវ បូរ៉ា

​នៅ​ពេល​ជាប់​ជា Freshy Boy ចំណាត់​ថ្នាក់​លេខ​១ បូ​រ៉ា លេច​ធ្លោ​ខ្លាំង​ក្នុង​សិល្បៈ ដោយ​បាន​ថត​ស្ប៉ត​ ​សម្ដែង​​ភាព​យន្ត ​MV យ៉ាង​ច្រើន​ទៀត​ផង។ ​តែ​ក្រោយ​មកក៏​ស្ងាត់​ មិន​ដឹង​បាត់​តារា​រូប​នេះ​ទៅ​ណា។ ចុងក្រោយស្រាប់​តែ​ធ្លាយ​ព័ត៌មាន​ថា លោក​មាន​ប្រពន្ធ​​ ​និង​កូន​ម្នាក់ ដោយ​ពេល​នេះ បូ​រ៉ា បាន​បើក​ហាង​លក់​បុក​ល្ហុង​។

៥. ឃុំ ប៉ុណ្ណា​ដែត

ជា​ច្រើន​ឆ្នាំ​មក​ហើយ លោក ឃុំ ប៉ុណ្ណា​ដែត បាន​ទម្លាក់​ចោល​អាជីព​ជា​តារា​ចម្រៀង ទៅ​រក​ស៊ី​ជំនួញ​ដី​ធ្លី​ និង​សំណង់​ផ្ទះ​ល្វែង ដែល​ជា​មុខ​ជំនួញ​មួយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​គ្រួសារ​​អ្នក​សិល្បៈ​មួយ​គូ​នេះ​​កាន់​តែ​មាន​ទ្រព្យ​​ច្រើន​ជាង​កាល​ប្រឡូក​សិល្បៈ​។ ​ក្រៅ​ពី​នេះ លោក​បាន​បើក​ហាង​ផឹក​ស៊ី​នៅ​ជិត​ស្ថាន​ទូត​រុស្សី ចំណែកភរិយា​របស់​លោក អ្នក​នាង យក់ ឋិត​រដ្ឋា ​បើក​លក់​គ្រឿង​សម្អាង ​បន្ថែម​ពី​អាជីព​អ្នក​ចម្រៀង។​ ​​

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទថ្មី