- 2018-09-01 03:01:52
- ព័ត៌មាន
រំភើបស្រក់ទឹកភ្នែក! អស់ពេលជាង២០ឆ្នាំ លើកទីមួយមានអ្នកមកមើលល្ខោនខោល រហូតគ្មានកន្លែងអង្គុយ
- 2018-09-01 03:01:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំភើបស្រក់ទឹកភ្នែក! អស់ពេលជាង២០ឆ្នាំ លើកទីមួយមានអ្នកមកមើលល្ខោនខោល រហូតគ្មានកន្លែងអង្គុយ
ចន្លោះមិនឃើញ
អស់ពេលជាង២០ឆ្នាំមកហើយ ដែលសមាគមសុវណ្ណភូមិបានបង្កើតឡើង តែម្សិលមិញជាលើកទីមួយហើយ ដែលសមាគមស្ទើរចង់បិទទ្វាម្ដងៗមួយនេះ មានមនុស្សចូលទស្សនាល្ខោនខោលពេញរោង រហូតរកកន្លែងអង្គុយគ្មាន ។ អ្វីកាន់តែពិសេសទៀតនោះ គឺទស្សនិកជនភាគច្រើន ជាជនជាតិខ្មែរនិងជាយុវវ័យ ដែលខុសប្លែកពីរាល់ដង មានតែជនបរទេសនិងខ្មែរតិចនាក់ជាជនវ័យកណ្ដាល ចូលទស្សនា។
ខ្លះទៀតឈរ ខ្លះទៀតប្រជ្រៀតគ្នាអង្គុយ ព្រមទាំងសំឡេងហ៊ោ ផ្ទុះសំណើចយ៉ាងសប្បាយ ទះដៃអបអរសាទររបស់ទស្សនិកជន បានរំលេចឡើងសម្រាប់ទស្សនីយភាពសិល្បៈល្ខោនខ្មែរ យ៉ាងរំជួលចិត្ត។
បើតាមអ្នកស្រី ហេង វ៉ាន់ថា ផ្នែកគ្រប់គ្រងសំបុត្រនៅសមាគមសុវណ្ណភូមិ ប្រាប់ថា រាល់ដង មានតែជនបរទេសដែលមកតាមរយៈក្រុមហ៊ុនទេសចរណ៍ និងខ្មែរតិចតួច ប្រមាណ៣០-៤០នាក់ មកទស្សនារបាំ និងល្ខោននៅទីនេះ ប៉ុណ្ណោះ។ ដោយឡែក កាលពីឆ្នាំ ២០១៦ មានទស្សនិកជនចូលរួមច្រើនដែរ ប្រមាណ៦០នាក់ បូករួមទាំងជនបរទេស និងជនជាតិខ្មែរ។ ប៉ុន្តែម្សិលមិញ បានបង្កើតប្រវត្តិសាស្ត្រលើកទីមួយ សម្រាប់សមាគមមួយនេះ ដោយមានអ្នកចូលទស្សនាប្រមាណ២០០នាក់ ភាគច្រើនជាយុវវ័យខ្មែរចូលទស្សនា។ នេះជាលទ្ធផលមួយលើសពីការរំពឹងទុក ដែលមិនធ្លាប់មានទាល់តែសោះ សម្រាប់សមាគមបង្កើតតាំងពីឆ្នាំ១៩៩៣។
ចំពោះការបង្ហាញទស្សនីយសិល្បៈបុរាណ ដូចជា ល្ខោនខោល និងល្ខោនស្បែកធំនៅថ្ងៃទី១ ខែកញ្ញា ល្ងាចនេះ មានអ្នកកក់កន្លែងចំនួន៩០នាក់រួចហើយ។ ប្រសិនបើ បងប្អូនប្រជាពលរដ្ឋ ចង់លើកស្ទួយសិល្បៈបុរាណខ្មែរ អាចមកទស្សនា នៅឆាកសម្ដែងសមាគមសុវណ្ណភូមិ អាសយដ្ឋានផ្ទះលេខ ១៦៦ ផ្លូវលេខ ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីម៉ោង៧យប់តទៅ រៀងរាល់ថ្ងៃសុក្រ និងសៅរ៍ រាល់សប្ដាហ៍៕