- 2018-09-25 01:56:48
- ព័ត៌មាន
គួរឲ្យអាណិត កូនប្រុសតារាចម្រៀង ព្រាប សុវត្ថិ មានជំងឺមកយាយីទាំង៣នាក់
- 2018-09-25 01:56:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យអាណិត កូនប្រុសតារាចម្រៀង ព្រាប សុវត្ថិ មានជំងឺមកយាយីទាំង៣នាក់
ចន្លោះមិនឃើញ
តារាចម្រៀងលោក ព្រាប សុវត្ថិ បានថ្លែងឲ្យដឹងលើទឹកដីប្រទេសកូរ៉េថា កូនប្រុសទាំង៣របស់លោកបានកើតជំងឺគ្រុនឈាមទាំងអស់ ដែលដំបូងគេគឺកើតលើកូនពៅគេ បន្ទាប់មកកើតលើកូនទី២ និងចុងក្រោយនេះ ស្រាប់តែកើតលើកូនច្បងវិញម្ដង ដែលធ្វើឲ្យគម្រោងទៅច្រៀងនៅប្រទេសកូរ៉េទាំងក្រុមគ្រួសារ មិនអាចធ្វើទៅបានតាមការគ្រោងទុក។
តាមគម្រោងការចេញទៅច្រៀងលើទឹកដីកូរ៉េ ឲ្យបុរី ឡេង ណាវ៉ាត់ត្រា ជាមួយតារាចម្រៀងល្បីៗជាច្រើនរូបទៀត លោក ព្រាប សុវត្ថិ ត្រូវបានគេដឹងថា នឹងឡើងមកច្រៀងទាំងក្រុមគ្រួសារ បូកទាំងក្រុមរាំរបស់លោក ព្រមទាំងម្ដាយ និងប្រពន្ធរបស់លោកផងនោះ សរុបជាង២០នាក់ឯណោះ ប៉ុន្តែដល់ម៉ោងឡើងយន្តហោះ ស្រាប់តែកូនច្បងរបស់លោក មានអាការៈមិនស្រូលខ្លួន ដែលសង្ស័យថា អាចកើតជំងឺគ្រុនឈាមដូចប្អូនទាំង២ ក៏បង្ខំចិត្តឲ្យត្រឡប់ទៅផ្ទះវិញ ហើយក្រោយពីគ្រូពេទ្យពិនិត្យឃើញថា ពិតជាកើតជំងឺគ្រុនឈាមពិតប្រាកដមែន។
តារាចម្រៀងរូបនេះថ្លែងបន្តឲ្យដឹងថា ជំងឺគ្រុនឈាមនេះដំបូងឡើង គឺកើតលើកូនពៅលោក បន្ទាប់ពីអាពៅ បានស្រាលបន្តិចស្រាប់តែកើតមកលើកូនទី២តែម្ដង ហើយក្រោយពីកូនទាំង២ ជាសោះស្បើយ ស្រាប់តែកើតលើ កូនច្បង១ទៀត ដែលធ្វើឲ្យការឡើងមកច្រៀងនេះ បានតែកូន២នាក់ នៅខ្វះម្នាក់ ។
ជាមួយនឹងការកើតជំងឺគ្រុនឈាមរហូតដល់ទៅ៣នាក់ក្នុងក្រុមគ្រួសារបែបនេះ លោក ព្រាប សុវត្ថិក៏ដូចកូនៗរបស់លោក បានស្នើទៅប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់លើកិច្ចការពារជំងឺនេះ ដោយគេត្រូវគេងចងមុង ហើយត្រូវកម្ចាត់មូសខ្លាឲ្យអស់ពីក្នុងផ្ទះ។
ទោះបីជាអវត្តមានកូនម្នាក់ក៏ពិតមែន ប៉ុន្តែវត្តមានរបស់លោកជាលើកដំបូងលើទឹកដីកូរ៉េនេះ ពិតជា មានបងប្អូនខ្មែរគាំទ្រខ្លាំងណាស់ បើទោះបីជាការចូលមកទស្សនានៃការប្រគំតន្រ្តីនេះមានការលក់សំបុត្រក្ដី។ ការប្រគំតន្រ្តីនៅទីក្រុងអាន់សាន់ កាលពីម្សិលមិញនេះ គឺមានបងប្អូនខ្មែរមកទស្សនារាប់ពាន់នាក់ ដែលចំនួននេះ គឺលើសពីការរំពឹងទុក ហើយនៅថ្ងៃទី២៥ នេះ លោក និងតារាចម្រៀងជាច្រើនទៀត នឹងបន្តទៅច្រៀងនៅ ទីក្រុង ក្វាងជូធំ ១កម្មវិធីទៀត ហើយថ្ងៃល្ងាចថ្ងៃ ២៦ លោក និងក្រុមការងារ ត្រឡប់មកប្រទេសកម្ពុជាវិញ៕