• 2018-09-26 02:22:01
  • ព័ត៌មាន

ស្រី​​ម៉ុច ​ចេញ​លិខិត​តប​ទៅ​ក្រសួង​វប្បធម៌​ រឿង​ព្រមាន​ខ្លួនជា​អតីត​តារា​​

  • 2018-09-26 02:22:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​បាន​ចេញ​លិខិត​ផ្លូវ​ការ ព្រមាន​លើ​អតីត​តារា​សម្ដែង ស្រី​ម៉ុច ទាក់​ទិន​នឹង​រឿង​ស្លៀក​ពាក់​សិច​ស៊ី ​ក្នុង​រូប​ភាព​សិល្បៈ ។ ពេល​នេះ​អ្នក​ម្ដាយ​កូន​បី​រូប​នេះ បាន​ចេញ​លិខិត​តប​ទៅ​ក្រសួង​ ដើម្បី​ស្រាយ​បំ​ភ្លឺ​ពាក់ព័ន្ធ​នឹង​រឿង​នេះ។

​ក្នុង​លិខិត​នោះ អ្នក​នាង​ស្រី​ម៉ុច បញ្ជាក់​ថា ក្រោយ​​រៀប​ការ​រួច​ ​​អ្នក​នាង​សម្រេច​បញ្ចប់​ជីវិត​សិល្បៈ​​ទាំង​ស្រុង​តាំង​ពី​ឆ្នាំ​២០០៨។ ម្ល៉ោះ​ហើយ ការ​ចែក​ចាយ​រូប​ភាព​អតីត​តារា ​មាន​ឈ្មោះ​ពិត សា​វ៉ាត ​សុវណ្ណី ​តាម​បណ្ដាញ​សារព័ត៌មាន​ផ្សេងៗ ឬ​ការ​ផ្សព្វផ្សាយ​ការ​ចូលរួម​ក្នុង​ពិធី​ណាមួយ​នោះ គឺ​ពុំ​មែន​ជា​សកម្មភាព​ក្នុង​អាជីព​ជា​សិល្បករ​ទៀត​នោះ​ទេ។

​​​​ក្នុង​លិខិត​ដដែល ​អតីត​តារា​មាន​ងារ​ជា ជីដូន​កាកី ស្នើ​ឲ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ ពិនិត្យ​និង​សុំ​ការ​អធ្យាស្រ័យ​ពី​ក្រសួង​ចំពោះ​ចំណាត់​ការ​​លិខិត​ព្រមាន ​ក្នុង​នាម​អាជីព​ជា​អ្នក​សិល្បៈ​ករ​បន្ត​ទៀត។ ​

ចំពោះ​ករណី​នេះ  ឯក​ឧត្ដម ចំរើន វ៉ាន់​ថា ទី​ប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​ធ្លាប់​បក​ស្រាយ​ថា ​ថ្វី​ត្បិត​អ្នក​នាង​ ស្រី​ម៉ុច​ បាន​ចាក​ឆ្ងាយ​សិល្បៈ​ក៏​ពិត​មែន តែ​រូប​ភាព​សិច​ស៊ី​​​របស់​អ្នក​នាង​បាន​បង្ហាញ​នៅ​ស្រុក​ខ្មែរ ​ក្នុង​រូប​ភាព​ទាក់​ទង​នឹង​សកម្មភាព​សិល្បៈ​ខ្មែរ ។ រូប​ភាព​នេះ​ បាន​បង្ហាញ​ពី​គំរូ​មិន​ល្អ ប្រាស​ចាក​ក្រម​សីលធម៌​របស់​សិល្បៈ​ខ្មែរ។

ម្ល៉ោះ​ហើយ​ទើប​ក្រសួង​ប្រជុំ​សម្រេច ធ្វើ​ការ​ណែ​នាំ​ករណី​នេះ​លើ​អ្នក​នាង ស្រី​ម៉ុច ទោះ​ត្រឹម​ជា​អតីត​តារា​ក៏​ដោយ ។ លោក​សង្កត់​ធ្ងន់​ថា ក្រសួង​មិន​មាន​ចេតនា ចង់​បង្ក​ព្យុះ​ភ្លៀង​ពាក់​ព័ន្ធ​នឹង​តារា​នោះ​ឡើយ តែ​បើ​តារា​ណា បាន​ប្រព្រឹត្ត​ប្រាស​ចាក​នឹង​ក្រម​សីល​ធម៌​សិល្បៈ នោះ​ក្រសួង​ត្រូវ​តែ​មាន​ចំណាត់​ការ​ដាច់​ខាត៕

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម