- 2018-10-01 08:05:38
- ព័ត៌មាន
ទូតខ្មែរ វាយតម្លៃ ក្រុមចម្រៀងមានអ្នកទៅទស្សនាច្រើនជាងគេនៅកូរ៉េ
- 2018-10-01 08:05:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូតខ្មែរ វាយតម្លៃ ក្រុមចម្រៀងមានអ្នកទៅទស្សនាច្រើនជាងគេនៅកូរ៉េ
ចន្លោះមិនឃើញ
លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានធ្វើការវាយតម្លៃថា ចំណោមក្រុមតារាសម្ដែងកម្ពុជាដែលបានមកច្រៀងក៏ដូចជាសម្ដែងលើទឹកដីប្រទេសកូរ៉េខាងត្បូង ក្នុងអាណត្តិរបស់លោកកាន់នេះ មានតែក្រុមតារាចម្រៀងលោក ព្រាប សុវត្ថិ ទេ ដែលមានចំនួនអ្នកទៅទស្សនាច្រើនជាងគេ មានរហូតដល់ទៅជិតម៉ឺននាក់ឯណោះ។
ឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូង ដដែលបានថ្លែងបន្តថា ក្នុងអាណត្តិដែលខ្លួនបានមកកាន់ជាង២ឆ្នាំ ៤ខែមកនេះ គឺមានតារាខ្មែរមកសម្ដែងជាច្រើនក្រុមណាស់ ហើយមុនលោកមកកាន់នៅទីនេះក៏មានដែរ។ លោក ឡុង ឌីម៉ង់ បានរៀបរាប់ឈ្មោះតារាត្រួសៗដែលធ្លាប់មកសម្ដែងក្នុងនោះមានដូចជា នាយកុយ នាយក្រឹម ខេមរៈ សិរីមន្ត ឱក សុគន្ធកញ្ញា មាស សុខសោភា ខេម ឆន សុវណ្ណរាជ ខាត់ សុឃីម នេនទុំ ពូឃ្លាំង ដួង វីរៈសិទ្ធ និងតារាជាច្រើនទៀត ហើយចុងក្រោយនេះ មានក្រុមលោក ព្រាប សុវត្ថិ ដែលដឹកនាំដោយ ឧកញ៉ា ឡេង ណាវ៉ាត់ត្រា មានគ្នាជាង៤០នាក់ ដែលទើបបញ្ចប់ការសម្ដែងកាលពីពេលថ្មីៗនេះ។
ជុំវិញចំនួនអ្នកមកគាំទ្រនេះ ឯកអគ្គរាជទូតដដែលសូមបែងចែកកម្មវិធី២ដាច់ពីគ្នា ក្នុងនោះកម្មវិធីថ្នាក់ជាតិទូតអ្នករៀបចំ និងកម្មវិធីក្រុមហ៊ុនឯកជនឬសមាគមអ្នករៀបចំ។ លោកថា កន្លងមកទូតខ្មែរនៅកូរ៉េធ្លាប់បានរៀបចំធ្វើមហាសង្ក្រាន្ត២ឆ្នាំជាប់គ្នាយើង ក្នុងនោះមានបងប្អូនខ្មែរនៅទៅនោះមកទស្សនាមានចន្លោះ១៣ ០០០ ទៅ ១៥ ០០០នាក់ ដែលចំនួននោះគឺលើសក្រុមហ៊ុនឯកជនធ្លាប់ធ្វើកន្លងមក ត្បិតអីកម្មវិធីមានសម្បូរបែប ទាក់ទងវប្បធម៌សិល្បៈច្រើនទម្រង់ ដែលខ្មែរនៅទីនេះចង់ឃើញ ។
ចំពោះក្រុមហ៊ុនឯកជនអ្នករៀបចំវិញ លោក ឡុង ឌីម៉ង់ ថា កន្លងមកមានតារាច្រើនក្រុមណាស់បានមករៀបចំការប្រគំតន្ត្រីជាបន្តបន្ទាប់ ប៉ុន្តែបើប្រៀបធៀបលើការគាំទ្រវិញ លោកសូមវាយតម្លៃដោយខ្លីថា ក្រុមលោក ព្រាប សុវត្ថិ មានអ្នកមកទស្សនាច្រើនខ្លាំងលើសក្រុមផ្សេងៗទៀត។ ក្រុមដែលទើបបញ្ចប់ការប្រគំតន្ត្រីកាលពីពេលថ្មីៗនោះ មានលោកព្រាប សុវត្ថិ កូនទាំង២របស់លោក បូករួមទាំងប្រពន្ធម្ដាយ ព្រមទាំងក្រុមរាំផងមានគ្នាជាង២០នាក់ នៅមានលោក ឆាយ វិរៈយុទ្ធ និងក្រុមរាំ កញ្ញា ពេជ្រ សោភា និងក្រុមរាំ កញ្ញា រ៉ា ប៊ី និងក្រុមរាំ លោក ប៉ែន ចំរ៉ុង នាយពែកមី និង លោក គុយ លី ជាដើម។
ការប្រគំតន្ត្រីដែលមានគ្នាសរុបស្ទើរតែ១យន្តហោះនេះបានធ្វើនៅទៅក្រុងចំនួន២គឺ អាន់សាន់ និង ក្វាងជូធំ មានអ្នកទស្សនាច្រើនជិត២ម៉ឺននាក់ ក្នុងនោះលោកថា នៅអាន់សាន់ អ្នកមកទស្សនាមានរហូតដល់ទៅ៨ទៅ៩ពាន់នាក់ ចំណែកនៅ ក្វាងជូធំ មានចំនួន៣ទៅ៥ពាន់នាក់ ដែលចំនួននេះ កន្លងមកមិនធ្លាប់មានឡើយ។
ឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូងរូបនេះបានលើកឡើងថា កម្មវិធីប្រគំតន្ត្រីដែលខ្មែរតែងធ្វើនៅប្រទេសកូរ៉េភាគច្រើនធ្វើនៅរដូវបុណ្យភ្ជុំបិណ្ឌ ចូលឆ្នាំ និងបុណ្យធំ របស់កូរ៉េ ហើយទីតាំងដែលធ្វើនោះគឺនៅភាគខាងជើង និងភាគខាងត្បូងទីក្រុងសេអូល។ សម្រាប់ភាគខាងជើងអាចមានអ្នកទស្សនាចន្លោះ ពី៨ពាន់នាក់ទៅជាង១ម៉ឺននាក់ ចំណែកភាគខាងត្បូងវិញ មានចន្លោះ៣ទៅ៥នាក់។
ក្នុងនាមជាឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូង ដែលតែងតែធ្វើការគាំពារសិទ្ធិសេរីភាពលើពលរដ្ឋខ្មែរ និងជួយសម្រួលការរស់នៅរបស់ពលរដ្ឋខ្មែរ លោក ឡុង ឌីម៉ង់ សូមស្វាគមន៍ដល់ក្រុមហ៊ុនឯកជនផ្សេងទៀត ដែលមានបំណងចង់នាំតារាសិល្បៈផ្សេងទៀតមកសម្ដែងលើទឹកដីកូរ៉េ ដើម្បីចែកជូនដល់ពលរដ្ឋខ្មែររបស់នៅទីនេះ បានកម្សាន្តសប្បាយក្រោយនឿយហត់នឹងការងារ ក្នុងនោះខាងស្ថានទូតនឹងជួយសម្រួលលើកិច្ចការទាំងនោះដោយយកចិត្តទុកដាក់បំផុត។
តាមការលើឡើងរបស់ លោក ឡុង ឌីម៉ង់ បច្ចុប្បន្ននៅក្នុងប្រទេសកូរ៉េខាងត្បូងនេះ មានពលរដ្ឋខ្មែររស់នៅជាង៦ម៉ឺននាក់ ក្នុងនោះជាង៥ម៉ឺននាក់ជាពលករ ស្ត្រីរៀបការជាមួយជនជាតិកូរ៉េ ៧ទៅ៨ពាន់នាក់ សិស្សនិស្សិត ជាង៤រយនាក់ ដែលចំនួននេះអាចចាត់ទុកថា នៅកូរ៉េខាងត្បូង គឺជាសហគមន៍ខ្មែរដ៍ធំ១នៅបរទេស៕