• ព្រហស្បតិ៍, 25 តុលា 2018 07:29
  • ព័ត៌មាន

អ្នក​ដឹក​នាំ​រឿងធ្លាប់ធ្វើ​ការ​ជាមួយ​ Angelina Jolie រៀប​រាប់​ពី​បទពិសោធន៍ការងារ​ និង​តួនាទី​ស្ត្រី​ក្នុង​វិស័យ​ភាពយន្ត​​

  • ព្រហស្បតិ៍, 25 តុលា 2018 07:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ផលិត​ករ​និង​អ្នក​ដឹក​នាំ​រឿង​ ដ៏​មាន​ទេពកោសល្យ​អ្នក​ស្រី សួង​ ស៊ីណា​ ទើប​តែ​បាន​ជួប​សម្ភាស​ជាមួយ​ Sabay ថ្មី​ៗ​នេះ ដោយ​បាន​និយាយ​រៀបរាប់​ពី​បទ​ពិសោធន៍​ការងារ ព្រម​ទាំង​បញ្ជាក់​ពី​តួនាទី​ស្ត្រី​ក្នុង​វិស័យ​ភាពយន្ត។

អ្នក​ដឹក​នាំ​រឿង​ "ប្រអប់​សំបុត្រ​ចោល​ទុក្ខ" បាន​និយាយ​ថា ខ្លួន​បាន​ចាប់​ផ្ដើម​អាជីព​ពី​អ្នក​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម រហូត​ដល់​បាន​ឱកាស​ទៅ​សិក្សា​វគ្គ​ខ្លី​ពាក់ព័ន្ធ​នឹង​ភាពយន្ត​នៅ​ប្រទេស​អង់គ្លេស​ ទើប​ចាប់​ផ្ដើម​ប្រឡូក​ជាមួយ​អាជីព​ជា​អ្នក​ដឹក​នាំ​និង​ផលិត​ភាពយន្ត​។ ជុំវិញ​បទ​ពិសោធន៍​ពាក់ព័ន្ធ​នឹង​វិស័យ​នេះ អ្នក​ស្រី​ក៏​មាន​ឱកាស​បាន​ធ្វើ​ការ​ជាមួយ​តារា​ហូលីវូដ​​ Angelina Jolie ដើម្បី​ផលិត​ភាពយន្ត "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ" ដោយ​បាន​ធ្វើ​ជា​ជំនួយ​ការ​ទី​៣។

តាម​រយៈ​កិច្ចការ​នេះ​ អ្នក​ស្រី​ទទួល​បាន​បទ​ពិសោធន៍​ជា​ច្រើន ព្រម​ទាំង​អាច​យក​ចំណេះ​ដឹង​ទាំង​នោះ​មក​ប្រើ​ប្រាស់​នៅ​ក្នុង​គម្រោង​​ភាពយន្ត​ថ្មីៗ​ក្នុង​ស្រុក​ផង​ដែរ។ បទ​ពិសោធន៍​ដ៏​សំខាន់​មួយ ដែល​ទទួល​បាន​តាម​រយៈ​ការ​ចូលរួម​ធ្វើ​ការ​ក្នុង​ភាពយន្ត​កម្រិត​ស្តង់ដារ​ហូលីវូដ នោះ​គឺ​ការ​គ្រប់​គ្រង​តួ​រាយរង (Extra) ដល់​ទៅ​ខ្ទង់​រាប់​រយ​នាក់ ដោយ​ពួក​គេ​សុទ្ធ​តែ​មិន​មាន​បទ​ពិសោធន៍​ក្នុង​ការ​សម្ដែង​ពី​មុន​មក​ទាល់​តែ​សោះ រាប់​បញ្ចូល​មិន​ថា​ទាំង​​បណ្ដា​ក្មេង​ៗ​អាយុ​ ៤​ឬ​៥​ឆ្នាំ ឬ​ចាស់ៗ​មាន​អាយុ​ខ្ទង់​៤០​ទៅ​៥០​ឆ្នាំ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ អ្នក​ស្រី​បាន​លើក​យក​ពី​បច្ចេកទេស​​ដឹក​នាំ​រឿង​របស់​ Angelina Jolie ដែល​តម្រូវ​ឲ្យ​មាន​ចំណុច​ពីរ​សំខាន់ៗ​និង​ចាំបាច់​នោះ​គឺ​ភាសា​កាយវិការ​អារម្មណ៍​​និង​កែវ​ភ្នែក។

ថ្លែង​រៀប​រាប់​ជុំ​វិញ​បញ្ហា​តួនាទី​ស្រ្ដី​ក្នុង​វិស័យ​ភាពយន្ត ផលិតករ​រូប​នេះ​បាន​និយាយ​ថា វា​ពិត​ជា​ល្អ​បើ​សិន​ជា​មាន​អ្នក​ដឹក​នាំ​រឿង​និង​ផលិតករ​ជា​នារី​កាន់​តែ​ច្រើន ព្រោះ​អ្នក​ដឹក​នាំ​នារី​អាច​បង្ក​ឲ្យ​មាន​លក្ខណៈ​ងាយ​ស្រួល​យ៉ាង​ច្រើន​និង​ជិត​ស្និទ្ធ​​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​តួ​សម្ដែង ជាជាង​អ្នក​ដឹក​នាំ​បុរស​ព្រោះ​តែ​ភាព​ហ្មត់​ចត់​និង​ទន់​ភ្លន់។ ឆ្លើយ​តប​ទៅ​កាន់​​កត្តា​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​វិស័យ​ភាពយន្ត​ខ្មែរ​កាន់​តែ​រីក​ចម្រើន​ អ្នក​ស្រី​បាន​បញ្ជាក់​ថា ទាំង​អ្នក​ដឹក​នាំ​រឿង អ្នក​និពន្ធ​ តួ​សម្ដែង​និង​ក្រុម​ការងារ ជា​ពិសេស​គឺ​អ្នក​ឧបត្ថម្ភ​ (Sponsored) វិស័យ​នេះ​ដូច​ជា​ទូរទស្សន៍​និង​ភាគី​ពាក់ព័ន្ធ​ជា​ដើម​​ គួរ​តែ​សហការ​ជាមួយ​គ្នា ជា​ពិសេស​គឺ​អ្នក​គាំទ្រ​ទស្សនា​។

បើ​ចង់​ដឹង​កាន់​តែ​ច្បាស់​ ទស្សនា​វីដេអូ​សម្ភាសន៍​ខាង​ក្រោម៖

អត្ថបទ៖ ធារ៉ូ

មតិយោបល់
អត្ថបទថ្មី