• 2018-11-02 09:23:21
  • ព័ត៌មាន

ឯក​អគ្គរដ្ឋទូត​​៣​រូប​ ចូលរួម​បើក "មហោស្រព​តន្ដ្រី​អន្តរជាតិ​ភ្នំពេញ​លើក​ទី​១៥"

  • 2018-11-02 09:23:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ថ្ងៃ​ទី​១​ខែ​វិច្ឆិកា​នេះ ស្ថាន​ទូត​អាមេរិក​ប្រចាំ​រាជធានី​ភ្នំពេញ​បាន​​ បើក​កម្មវិធី​ប្រគំ​តន្ដ្រី "មហោស្រព​តន្ដ្រី​អន្តរជាតិ​ភ្នំពេញ​លើក​ទី​១៥" ក្រោម​ប្រធាន​បទ​ "តន្ដ្រី​និង​ចំណាក​ស្រុក"។​ កម្មវិធីនៅឆ្នាំ​នេះប្រព្រឹត្តទៅចាប់​ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែវិច្ឆិកា នៅសណ្ឋាគារ Raffles Hotel – Le Royal។ ពិធីបុណ្យនេះ ប្រព្រឹត្តទៅស្របគ្នានឹងការអបអរខួបកំណើតលើកទី ១០០ ​របស់អ្នកនិពន្ធ និងជាអ្នកដឹកនាំភ្លេងដ៏ល្បីរបស់អាមេរិក នៅសតវត្សទី ២០ គឺលោក Leonard Bernstein ។

លោក​ជំទាវ ភឿង សកុណា រដ្ឋ​មន្ដ្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​
ឯកឧត្ដម​ William A. Heidt ឯក​អគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា

កម្មវិធី​នេះ​មាន​ការ​ចូលរួម​ពី​សំណាក់ ឯកឧត្ដម​ឯក​អគ្គរដ្ឋទូត​​៣​រូប​គឺ ឯកឧត្ដម​ Goeorge Edgar ឯក​អគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា ឯកឧត្ដម​ William A. Heidt ឯក​អគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា ឯកឧត្ដម​ Ingo Karsten ឯក​អគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ស្ថាន​ទូត​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​លោក Anto Isselhardt នាយក​រៀប​ចំ​មហោស្រព​តន្ត្រី​អន្តរជាតិ​ភ្នំពេញ ព្រម​ទាំង​ចូលរួម​ពី​សំណាក់​ លោក​ជំទាវ ភឿង សកុណា រដ្ឋ​មន្ដ្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ផង​ដែរ។

លោកឯកអគ្គរដ្ឋទូត William Heidt មានប្រសាសន៍ថា ប្រធានបទ​នៃបុណ្យតន្រ្តី​នេះ សក្តិសមណាស់ទៅនឹងប្រវត្តិរបស់លោក Bernstein និងការរួមចំណែករបស់គាត់ ចំពោះវប្បធម៌អាមេរិក ក្នុងនាមជាជនអន្តោប្រវេសន៍ម្នាក់។ លោក Bernstein, George Gershwin និងតន្រ្តីករដទៃទៀតដែលមានឈ្មោះនៅក្នុងពិធីបុណ្យនេះ បានចាកចេញពីប្រទេសរបស់គេ ដើម្បីកសាងជីវិតថ្មីមួយ និងស្វែងរកឱកាសថ្មីៗ។​ ជនអន្តោប្រវេសន៍​ បានរួមចំណែកយ៉ាងច្រើន​ដល់ប្រពៃណីផ្នែកសិល្បៈរបស់ប្រទេសអាមេរិក ដោយទាញយកប្រយោជន៍ពីប្រពៃណីរបស់គេផ្ទាល់ និងសង្គមនៅប្រទេសអាមេរិក ដែលមានគំនិតច្នៃប្រឌិតថ្មី និងមានភាពរស់រវើក ដើម្បីបង្កើតស្នាដៃ ដែលល្បីបំផុត ផ្នែកតន្រ្តី នៅជុំវិញពិភពលោក។

លោកឯកអគ្គរដ្ឋទូត ថ្លែងថា ៖ «ការប្រគំតន្រ្តីនេះគឺជាឱកាសដ៏អស្ចារ្យមួយ ដើម្បី​បង្ហាញការរួម​ចំណែកទាំងឡាយ ដែល​ពលរដ្ឋអាមេរិកមានដើមកំណើតនៅបរទេស បានផ្តល់។ ខ្ញុំសង្ឃឹមថា លោកអ្នករីករាយនឹងការ​សម្តែងដ៏ល្អដែលត្រូវបានរៀបចំឡើងដោយនាយករៀបចំពិធីបុណ្យ ​Anton Isselhardt និងក្រុមរបស់លោក»។

លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌នៃ​ប្រទេស​កម្ពុជា បានមានប្រសាសន៍ថា ក្នុងចំណោមអ្នកសិល្បៈ  អ្នកនិពន្ធឈ្មោះ អ៊ុង ជិនណារី មានដើមកំណើតនៅខេត្តតាកែវ គឺជាអ្នកនិព​ន្ធដ៏មានជោគជ័យ ហើយត្រូវបាន​សាទរជាអន្តរជាតិ ជាមួយ​នឹង​ពានរង្វាន់ល្បីៗ​ជាច្រើន រួមជាមួយនឹងបណ្ឌិត សំ សំអាង អ្នកសិក្សាស្រាវជ្រាវផ្នែកភ្លេងទាក់ទងនឹងវប្បធម៌ ដែលបានធ្វើការនៅក្នុងសហរដ្ឋអាមេរិក និងនៅកម្ពុជា ដើម្បីធ្វើការអភិរក្ស និងបំផុស​សិល្បៈសម្តែងរបស់ខ្មែរ។

លោកជំទាវរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ៖ «ខ្ញុំសង្ឃឹមថា លោកអ្នកនឹងរីករាយជាមួយនឹងភាពស្មុគស្មាញ និងភាពសម្បូរបែប​​នៃតន្រ្តី ដែលត្រូវបានបង្កើតឡើងនៅក្រោមកាលៈទេសៈផ្សេងៗ​នៃការធ្វើអន្តោប្រវេសន៍ ហើយដឹងថា ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសរួមចំណែក​ចំពោះការអភិវឌ្ឍបែប​នេះ»៕

​​​​​​

អត្ថបទ៖ ធារ៉ូ

មតិយោបល់
អត្ថបទថ្មី