- 2019-01-21 02:35:00
- ជីវិតតារា
លើកទី១ ស៊ឹម ស្រីនិច ស្គាល់រសជាតិត្រូវគេវាយឡើងទ្រោមខ្លួន
- 2019-01-21 02:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លើកទី១ ស៊ឹម ស្រីនិច ស្គាល់រសជាតិត្រូវគេវាយឡើងទ្រោមខ្លួន
ចន្លោះមិនឃើញ
កញ្ញា ស៊ឹម ស្រីនិច ប្រាប់ថា ខ្លួនត្រូវគេវាយឡើងទ្រោមខ្លួន ឈឺជាំពេញសាច់ ហើយត្រូវភ្លក់រសជាតិលំបាកសព្វបែបយ៉ាង ជាលើកទី១ តាំងពីចូលប្រឡូកសិល្បៈជាង២ឆ្នាំមកនេះ។
ទោះជាត្រូវឈឺពេញខ្លួនយ៉ាងណា ក៏តារាសម្ដែងវ័យក្មេងរូបនេះ មិនរួញរាដែរ ដោយសារតែរឿងដែលកញ្ញាសម្ដែងមានចំណងជើងថា "កញ្ញាជើងខ្លាំង" តម្រូវជាតួអ្នកប្រដាល់ បើទោះតារាជាច្រើនមិនប្រាថ្នាថតរឿងមានឈុតវាយទាត់ធាក់ ក្តី។
ស្រីនិចថា បានហាត់រៀនក្បាច់ល្បុក្កតោខ្លះៗពីមុន ដូច្នេះហើយ ពេលដល់ឈុតត្រូវប្រដាល់លើសង្វៀន មិនសូវសម្ដែងទៅឆ្គងនោះទេ។ ប៉ុន្តែក្រៅពីជួបការលំបាក គេវាយមានពេលខ្លះហើមមុខ ប៉ោងសាច់ ស្រីនិច នៅត្រូវជួបឈុតធ្លាក់ទឹកច្រើនដង ទាំងខ្លួនមិនចេះហែលទឹក និងកម្សត់ស្រក់ទឹកភ្នែកថែមទៀត។
ស្រីស្អាតទើបប្រឡូកសិល្បៈរូបនេះ ប្រាប់ថា នេះជាលើកទី១ ដែលខ្លួនត្រូវសម្ដែងជាតួស្រីមានចរិតដូចមនុស្សប្រុស ព្រោះកន្លងមកកញ្ញា បានឱកាសសម្ដែងភាគច្រើនជាតួមានចរិតញ៉ិកញ៉ក់ ក្រមិចក្រមើម និងសុភាពប៉ុណ្ណោះ។ វាជារសជាតិថ្មីប្លែកមួយសម្រាប់កញ្ញា ហើយទោះត្រូវគេវាយទ្រោមខ្លួនក៏ដោយ ក៏ស្រីនិច សប្បាយចិត្ត និងព្យាយាមចង់សម្ដែងភាពយន្តបែបនេះបន្តទៀត ព្រោះត្រូវនឹងអត្តចរិតរបស់ខ្លួន ចូលចិត្តអ្វីដែលរឹងប៉ឹង និងក្លាហាន។ ម្យ៉ាងទៀត ស្រីនិច ចង់ទទួលបានការកសាងកេរ្តិ៍ឈ្មោះពីសិល្បៈ ដែលខ្លួនខំតស៊ូយ៉ាងខ្លាំង ក្នុងវិស័យមួយនេះ។
សម្រាប់តួអង្គសម្ដែង នៅក្នុងរឿង «កញ្ញាជើងខ្លាំង » ក្នុងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ រួមមាន កញ្ញា ស៊ិម ស្រីនិច សម្ដែងជាតួស្រីកូនអ្នកក្រ ដែលមានចរិតកាចឆ្នាស់ឆ្នើម មានចិត្តរឹងមាំ និងក្លាហាន។ ចំណែកតួឯកប្រុសវិញ គឺសម្ដែងដោយលោក សុខ សាន់នី ដែលមានចរិតអាក្រក់ តែចិត្តល្អ ក្រៅពីនេះមានតារាថ្មីៗជាច្រើនទៀត ចូលរួមដូចជា អ្នកនាង ឌី លីណា , កុមារី អាំង សុជាតា, លោក ឧត្តម , ចេនឡា , ប្រសិដ្ឋ និងតារាល្បីៗជាច្រើនទៀត៕
រូបភាព៖ FB Ah Nich