- 2019-01-23 02:25:00
- ជីវិតតារា
ស៊ឹម ស្រីនិច ចំណាយពេលខ្លី តែក្តាប់បានសន្ទុះការងារសិល្បៈខ្លាំង យ៉ាងរហ័ស
- 2019-01-23 02:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ឹម ស្រីនិច ចំណាយពេលខ្លី តែក្តាប់បានសន្ទុះការងារសិល្បៈខ្លាំង យ៉ាងរហ័ស
ចន្លោះមិនឃើញ
ទើបតែឈានជើងដើរចូលក្នុងវិថីសិល្បៈ តែ កញ្ញា ស៊ឹម ស្រីនិច ក្ដាប់បានឱកាសការងារសិល្បៈច្រើនស្អេកស្កះ យ៉ាងលឿនរហ័ស គួរឲ្យសរសើរយ៉ាងខ្លាំង។
សិល្បការីនីថ្មី រូបនេះឲ្យដឹងថា ត្រឹមរយៈ ពេលជាង២ឆ្នាំមកនេះ ខ្លួនបានថតភាពយន្តជាង២០រឿង ទាំងដុំ-ភាគ និងរឿងខ្លី ព្រមទាំងស្ប៉តពាណិជ្ជកម្ម ថត MV ជាច្រើន រួមទាំងការលេចមុខស្ទើរមិនដែលដាច់ក្នុងកម្មវិធី ជាច្រើន។ ជាក់ស្ដែង ថ្មីៗនេះ ស្រីស្អាតញញឹមស្រស់ ទើបតែថតបញ្ចប់រឿងឲ្យស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ មានចំណងជើងថា "កញ្ញាជើងខ្លាំង" ជាតួឯកជាមួយតារាប្រុស សុខ សាន់នី ។ ក្រៅពីនេះ ក៏មានផលិតករចង់ទាក់ទងឲ្យ ស្រីនិច សម្ដែងរឿងថ្មីមួយ ដែលពេលនេះរូបនាង កំពុងពិចារណាពីពេលវេលា និងតម្លៃការងារ។ ទស្សនិកជនជាច្រើន កត់សម្គាល់ថា ភាពល្បីល្បាញកាន់តែខ្លាំងរបស់នាង ចាប់ផ្ដើមឡើង តាមរយៈការសម្ដែងជាតួអង្គស្រី ក្នុងប្រលោមលោកល្បីមួយ របស់លោក សុខ ចាន់ផល គឺ "សង្សា១៤ថ្ងៃ"។
ការបោះជំហានលឿនក្នុងពិភពនេះ ត្រូវបានតារាក្មេងខ្ចីដដែល អះអាងថា កើតចេញពីការខិតខំប្រឹងប្រែងដោយខ្លួនឯង ហើយបើនិយាយពីសមាជិកគ្រួសាររបស់នាងវិញ មិនមានអ្នកណាជាអ្នកសិល្បៈ នោះទេ។ "ដោយសារតែការព្យាយាម ទំនុកចិត្ត ការជឿជាក់ ការពុះពារទៅលើគោលដៅដែលស្រលាញ់ ទើបធ្វើឲ្យខ្ញុំអាចឈានជើងបានយ៉ាងរលូន ក្នុងវិស័យមួយនេះ"។ នេះបើតាម ស្រីនិច បញ្ជាក់។
តួអង្គស្រីក្នុងរឿង "អន្សម" បន្តថា នាងបានចាប់សិល្បៈដំបូងតាមរយៈ ការប្រលងសម្រស់ក្នុងកម្មវិធីមួយ ហើយពេលនោះចេះតែមានឱកាសបន្តបន្ទាប់លើការងារសិល្បៈ។ ចំពោះតម្លៃក្នុងការថតវិញ ក៏មានការប្រែប្រួលគួរឲ្យកត់សម្គាល់ផងដែរ ដែលខុសពីគ្រាចូលសិល្បៈដំបូង ស្រីនិច ទទួលបានកម្រៃបន្តិចបន្តួចប៉ុណ្ណោះ៕