![](http://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Local-Entertainment/Another-60/5d26a0e36ad08_1562812620_medium.jpg)
- 2019-07-11 02:42:41
- ព័ត៌មាន
មានអ្នកប្រកាសគម្រោងប្រគំតន្ត្រី "សង្ឃឹមថ្ងៃមួយ" ដើម្បីលើកស្ទួយសិល្បៈវប្បធម៌ខ្មែរហើយ!
- 2019-07-11 02:42:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានអ្នកប្រកាសគម្រោងប្រគំតន្ត្រី "សង្ឃឹមថ្ងៃមួយ" ដើម្បីលើកស្ទួយសិល្បៈវប្បធម៌ខ្មែរហើយ!
ចន្លោះមិនឃើញ
ក្រុមហ៊ុន នភាល័យ ធ្វើពិធីសំពះគ្រូរបាំ គ្រូល្ខោន និងពិធីក្រុងពាលី សម្រាប់ការចាប់ផ្ដើមនៃការរៀបចំកម្មវិធីសម្ដែងសិល្បៈ និងចម្រៀង "សង្ឃឹមថ្ងៃមួយ" ក្នុងន័យលើកកម្ពស់និងលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិ។
កម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី 09 ខែកក្កដា ឆ្នាំ2019 ក្នុងបុរីជីប ម៉ុងលែន ជាមួយនឹងវត្តមានដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដម ព្រឿង ឈៀង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសិល្បករខ្មែរទាំងជំនាន់មុន និងជំនាន់ក្រោយជាច្រើនរូបទៀត។
កម្មវិធីក្រុងពាលីសម្រាប់កម្មវិធីសម្ដែងសិល្បៈ និងចម្រៀង "សង្ឃឹមថ្ងៃមួយ" នេះនឹងប្រារព្ធធ្វើឡើង ពីរលើក ដោយលើកទីមួយ គឺការប្រារព្ធពិធីក្រុងពាលីនៅថ្ងៃនេះក្នុងបុរីជីប ម៉ុងលែន គេហដ្ឋានរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន នភាល័យផ្ទាល់ និងលើកទីពីរនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៩នៅសាលមហោស្រពចតុមុខ។ លោក សែជូ សេរីវឌ្ឍនា ដែលជាប្រធានក្រុមហ៊ុន នភាល័យបានឲ្យដឹងថា៖ ទាំងការប្រារព្ធកម្មវិធីក្រុងពាលីធំៗទាំងពីរលើក និងកម្មវិធីសម្ដែងសិល្បៈ និងចម្រៀង "សង្ឃឹមថ្ងៃមួយ" គឺជាការចូលរួមចំណែកក្នុងសង្គមក្នុងការអភិរក្ស និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ជាតិខ្មែរឲ្យមានជីវិតរស់រវើក តាមរយៈការផ្ដល់ឱកាសដល់សិល្បករ សិល្បការិនី ដែលជាមរតកមនុស្សរស់ ក៏ដូចជាសិល្បករវ័យក្មេងឲ្យបានចូលរួមកាន់តែសកម្មថែមទៀត។
លោកបានឲ្យដឹងថា៖ "ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ជាពិសេសក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលបានអនុញ្ញាត និងលើកទឹកចិត្តចំពោះការរៀបចំកម្មវិធីទាំងនេះឡើង ពួកយើងជឿជាក់ថា កម្មវិធីសម្ដែងសិល្បៈនិងចម្រៀងជាសាធារណៈនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ នឹងជួយថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិឲ្យបានគង់វង្ស និងរក្សាមរតកទាំងនោះទៅអ្នកជំនាន់ក្រោយ ជាពិសេសអាចផ្សព្វផ្សាយ អប់រំសិល្បៈវប្បធម៌ខ្មែរឲ្យកាន់តែទូលំទូលាយដល់សាធារណជន"។
កម្មវិធីសម្ដែងសិល្បៈនិងចម្រៀងជាសាធារណៈ "សង្ឃឹមថ្ងៃមួយ" នាពេលខាងមុខនេះ នឹងមានការចូលរួមយ៉ាងផុលផុសពីសំណាក់សិល្បករ សិល្បការិនីទាំងជំនាន់មុន និងជំនាន់ក្រោយដោយធ្វើការសម្ដែងសិល្បៈជាច្រើនមុខដូចជាចម្រៀងមរតកជំនាន់ដើម របាំប្រពៃណីជាតិ ល្ខោនខោល និងអាយ៉ៃជាដើម។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន នភាល័យ គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំងបី រួមមានក្រុមហ៊ុន ឡាក់វ៉ា ឌីហ្សាញ ព្រីនធីង អេន អេតវើថាយស៊ីង និងក្រុមហ៊ុន ពលវ: អ៊ីមផត អ៊ិចផត ខូអិលធីឌីដែលត្រូវបានបង្កើតឡើងដោយយុវជនខ្មែរបីរូប រួមមាន លោក សែជូ សេរីវឌ្ឍនា លោកជីវ៉ា និងលោកហេង ច័ន្ទណារ៉េត ដើម្បីធ្វើការសិក្សានិងបង្ហាញពីរថយន្តគ្រប់ប្រភេទតាមរយៈវីដេអូដែលបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក៕