• 2019-09-09 10:13:55
  • ជីវិតតារា

តារា​កូរ៉េ​ទាំង​ ៧ នាក់​នេះ​សឹង​តែ​បាត់​បង់​អាជីព​ ដោយ​សារ​​ពាក្យ​ចចាម​អារ៉ាម​

  • 2019-09-09 10:13:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជីព​ជា​អ្នក​សិល្បៈ​រមែង​តែង​តែ​មាន​អ្នក​គាំទ្រ​និង​អ្នក​មិន​ចូល​ចិត្ត ប៉ុន្តែ​ភាព​មិន​ពេញ​ចិត្ត​របស់​ជន​ទាំង​នោះ​​ក៏​សឹង​តែ​ធ្វើ​ឲ្យ​តារា​ល្បី​ៗ​ទាំង​នោះ​បាត់បង់​នូវ​ប្រជា​ប្រិយ​ភាព​ឬអាជីព​របស់​ខ្លួន​ផង​ដែរ​។ ពួក​គេ​បាន​បង្កើត​នូវ​ពាក្យ​ចចាម​អារ៉ាម​ដើម្បី​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​តារា​ទាំង​នោះ​ដែល​មាន​ដូច​ជា៖

១. IU

កាល​ពី​ចុង​ឆ្នាំ ២០១៣ IU ត្រូវ​បាន​ ពួក​ជន​ខិល​ខូច ប្រកាស​នូវ​ពាក្យ​ចចាម​អារ៉ាម​ថា នាង​កំពុង​តែ​រៀប​ចំ​ពិធី​មង្គល​ការ​ជាមួយ​នឹង​សមាជិក​ក្រុម​ចម្រៀង​ល្បី​ម្នាក់។ ដោយ​ទ្រាំ​មិន​បាន​ជាមួយ​នឹង​ពាក្យ​ចចាម​អារ៉ាម​ តារា​ចម្រៀង​រាង​តូច​ច្រឡឹង​បាន​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត បន្ទាប់មកជន​សង្ស័យ​ក៏​ត្រូវ​បាន​ចាប់​ខ្លួន។

២. Han Seungyeon អតីតសមាជិក KARA

នៅ​ក្នុង​ឆ្នាំ ២០១៣ ដដែល Seungyeon ក៏​បាន​រង​ទុក​ដោយ​សារ​តែ​ពាក្យ​ចចាម​អារ៉ាម​ និង​ត្រូវបាន​គេ​ចោទ​ប្រកាន់​ថា នាង​បាន​ទៅ​លួង​លោម​អ្នក​ដែល​មាន​អំណាច​នៅ​ក្នុង​ផលិត​កម្ម​ដើម្បី​ភាព​ល្បី​ល្បាញ​។

៣. Sulli អតីត​សមាជិក​ក្រុម F(x)

ដើម​ឆ្នាំ ២០១៤ មាន​ពាក្យ​ចចាម​អារ៉ាម​មួយ​ថា Sulli មាន​ផ្ទៃ​ពោះ។ អ្នក​ដែល​ផ្សព្វផ្សាយ​នោះ​បាន​និយាយ​ថា នាង​បាន​ឃើញ​ Sulli នៅ​គ្លីនិក​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ ហើយ​ពាក្យ​ចចាម​អារ៉ាមនោះ​ត្រូវ​បាន​ចែក​ចាយ​ដូច​ភ្លើងឆេះ។

៤. Park Bom

តារា​ចម្រៀង​ទោល និង​ជា​អតីត​សមាជិក 2NE1 ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ជា​ច្រើន​ដង​ទាក់​ទង​ទៅ​នឹង​រឿង ការ​វះ​កាត់​កែ​សម្ផស្ស ព្រម​ទាំង​រឿង ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ទៀត។ យ៉ាង​ណា​មិញ ខាង​ផលិត​កម្ម ក៏​បាន​ធ្វើ​សកម្ម​ភាព​មួយ​ចំនួន​ ដើម្បី​ប្រឆាំង​នូវ​ពាក្យ​មិន​ពិត​ទាំង​នោះ​ផង​ដែរ​។

៥. HyunA និង Jang Hyunseung

ដើម​ឆ្នាំ ២០១៤ មាន​សារ​ព័ត៌មាន​មួយ​ថា HyunA និង Jang Hyunseung មាន​កូន​ជា​មួយ​គ្នា ហើយ​កូន​នោះ​ត្រូវ​បាន​យក​ចេញ។ យ៉ាង​ណាមិញ​ ព័ត៌មាន​ចោទ​ប្រកាន់​មួយ​នោះ​ត្រូវ​បាន​ដឹង​ថាជា​ព័ត៌មាន​ប្រឌិត​។

៦. Rain

នៅ​ខែ​វិច្ឆិកា តារា​សម្ដែង​លំដាប់​ហូ​លីវូដ Rain ត្រូវ​បាន​ចែក​ចាយ​នូវ​រូបភាព​អាក្រាត​កាយ​របស់​ខ្លួន។ អ្នក​ដែល​បាន​ចែក​ចាយ​រូប​ភាព​ទាំង​នោះ​បាន​និយាយ​ថា រូបភាព​ទាំង​នោះ​គឺ​បាន​មក​ពី​ទូរសព្ទ​របស់​ Kim Tae Hee។ ចុង​ក្រោយ​រូប​ភាព​ទាំង​នោះ​ក៏​ត្រូវ​បាន​បក​ស្រាយ​ថា មិន​មែន​ជា Rain គឺ​គ្រាន់​តែ​មាន​មុខ​ស្រដៀង​ប៉ុណ្ណោះ​។

៧. Suho សមាជិក​ក្រុម EXO

ដោយ​មាន​ពាក្យ​ចចាម​អារ៉ាម​ថា ឪពុក​របស់​ប្រធាន​ក្រុម EXO គឺ​ជា​មន្ត្រី​បម្រើ​ការ​ក្នុង​ជួរ​រដ្ឋាភិបាល​ជប៉ុន​ ដែល​ព័ត៌មាន​នេះ​ត្រូវ​បាន​ចែក​ចាយ​ដោយ​ក្រុម​ប្រជាជន​។ ដោយ​ជឿ​ទៅ​លើ​ពាក្យ​ចចាម​អារ៉ាម មាន​ប្រជាជន​ជា​ច្រើន​បាន​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ទៅ​លើ Suho និង​ឪពុក​របស់​គេ។ យ៉ាង​ណា​ក្ដី​ ព័ត៌មាន​នោះ​ត្រូវបាន​លាត​ត្រដាង​ថា ជាព័ត៌មាន​មិន​ពិត​នោះ​ទេ​៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់
អត្ថបទពេញនិយម