• 2019-10-08 02:22:47
  • ព័ត៌មាន

នោះ! នាយ ចឺម នៅ​មិន​សុខ ចេញ​មុខ​បក​ស្រាយ​រឿង​ចចាមអារ៉ាម​ថា ខ្លួន​អួត​ដាក់រៀម​ច្បង

  • 2019-10-08 02:22:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​នេះ មាន​ការ​ប្រទះ​ឃើញ​វីដេអូ​ខ្លី​មួយ​របស់​នាយ ចឺម តារា​ចម្រៀង​សាន់ដេ ដែល​លោក​បាន​​ចេញ​មុខ​មក​បក​ស្រាយ​ជុំ​វិញ​មាន​ការ​លើក​ឡើង​ថា លោក​មាន​បំណង​ផ្ដួល​តារា​ចម្រៀង​ ខេមរៈ សិរីមន្ត ដោយ​ក្នុង​នោះ​ប្រើ​ពេល​តែ​១​ឆ្នាំ​អាច​តាម​ទាន់​ប្រជាប្រិយភាពរៀមច្បង។

នៅ​មុន​នេះ​បន្តិច មាន​ព័ត៌មាន​មួយ​ដែល​ត្រូវ​បាន​ផ្សាយ​ដោយ​វិបសាយ​មួយ​ចំនួន​ថា នាយ ចឺម ដែល​ជា​តារា​ចម្រៀង​រលក​ក្រោយ បាន​អួត​ខ្លួន​ថា រូប​គេ​អាច​ប្រើ​ពេល​តែ​១​ឆ្នាំ អាច​តាម​ទាន់​ភាព​ល្បី​ល្បាញ​របស់​​តារា​ចម្រៀង​រលក​មុន ខេមរៈ សិរីមន្ត។ ព័ត៌មាន​នេះ ត្រូវ​បាន​អ្នក​នៅ​លើ​បណ្ដាញ​សង្គម​ចែកចាយ​បន្ត​គ្នា​រាប់​រយ រាប់​ពាន់ ដោយ​ក្នុង​នោះ មាន​ទាំង​ការ​វាយ​ប្រហារ​លើ​អតីត​តារា​កំប្លែង​ផង។

នៅ​មិន​សុខ​ចំពោះ​បញ្ហា​នេះ នាយ ចឺម បាន​ចេញ​មុខ​តាម​វីដេអូ​ខ្លី​មួយ ដោយ​បាន​ទាត់​ចោល​ព័ត៌មាន​នោះ​ថា ជា​ព័ត៌មាន​មិន​ពិត តែ​ត្រូវ​បាន​គេ​ប្រឌិត​ដើម្បី​​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​សាមី​វិបសាយ​ណា​មួយ​នោះ។ តារា​ចម្រៀង​សាន់ដេ បន្ត​ថា ជុំ​វិញ​រឿង​ដែល​កើត​ឡើង លោក​ខ្លួន​មិន​ឯង​មិន​បាន​ដឹង​រឿង​អ្វី​សោះ ហើយ​ក៏​មិន​ដែល​និយាយ​ពាក្យ​ដូច​ដែល​គេ​ចុះផ្សាយ​នោះ​ដែរ។

នាយ ចឺម បន្ត​សង្កត់​ធ្ងន់​ថា លោក​ខ្លួន​ឯង​ដឹង​ច្បាស់​ថា ខ្លួន​ជា​តារា​រលក​ក្រោយ ថ្មី​ថ្មោង នៅ​ស្ទើរ​បទ​ពិសោធន៍ រឿង​អី​ត្រូវ​ទៅ​យក​ខ្លួន​ទៅ​ប្រដូច ឬ​ប្រៀប​ធៀប​ទៅ​នឹង​រៀម​ច្បង​ដែល​មាន​ពិសោធន៍​ច្រើន​នោះ គឺ​លោក​មិន​ដែល​ទេ។ សំខាន់​ជាង​នេះ លោក ខេមរៈ សិរីមន្ត គឺ​ជា​តារា​ក្នុង​ដួង​ចិត្ត (idol) របស់​លោក​ថែម​ទៀត។

ដូច្នេះ​ហើយ គ្មាន​ហេតុផលអ្វី​លោក​ត្រូវ​ទៅ​អួតអាង ឬ​ត្រូវ​យក​ចាញ់​ឈ្នះ​ជាមួយ អាយដល របស់​ខ្លួន​នោះ​ទេ។ យ៉ាង​ណា ម្ចាស់​បទ "ពុក​អើយ ម៉ែ​អើយ គេ​ការ​ចោល​ខ្ញុំ​ហើយ" បាន​ធ្វើ​សុំ​ទោស​រៀម​ច្បង ខេមរៈ សិរីមន្ត ចំពោះ​ព័ត៌មាន​ខាង​នេះ​ផងដែរ និង​ស្នើ​រៀម​ច្បង​កុំ​មាន​ការ​យល់​ច្រឡំ។ ព្រោះ​ដូច​ការ​អះអាង​ពី​ខាង​លើ គឺ​លោក​មិន​បាន​ដឹង​ព័ត៌មាន​ខាង​លើ​ចេញ​ពី​ប្រភព​ណា​នោះ​ទេ និង​មិនដែល​និយាយ ថែម​ទាំង​មិន​ត្រូវ​និយាយ​បែប​នោះ​ថែម​ទៀត។

“ខ្ញុំ​អត់​ដែល​និយាយ​អីចឹង​ទេ...បើ​ខ្ញុំ​ទៅ​និយាយ​អីចឹង មាន​តែ​​ខ្ញុំ​ហ្នឹង​ឆ្កួត​បាត់​ហើយ ទៅ​និយាយ​អីចឹង​នោះ"។ នាយ ចឺម ថ្លែង។

ជុំវិញ​ព័ត៌មាន​ដែល​ត្រូវ​ច្រាន​ចោល​ដោយ​ភាគី​អតីត​តារា​កំប្លែង​ខាង​លើ គេ​មិន​ទាន់​ឃើញ​ភាគី​ខាង​លោក សិរីមន្ត បញ្ចេញ​ប្រតិកម្ម​ណា​មួយ​នោះ​ទេ គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី ៨ តុលា​នេះ។

ស្ដាប់​ការ​បក​ស្រាយ​របស់ នាយ ចឺម ខាង​ក្រោម៖

អត្ថបទ៖ ទារិកា

មតិយោបល់