• 2019-10-22 03:28:21
  • ព័ត៌មាន

ពិត​ទេ? លេច​ដំណឹង​មក​ថា ឡូរ៉ា ម៉ម ធ្លាប់​ក្រសួង​ហៅ​ទៅ​ព្រមាន!

  • 2019-10-22 03:28:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ មាន​លេច​លឺ​ដំណឹង​មក​ថា តារា​ចម្រៀង​ខ្មែរ​សញ្ជាតិ​អាមេរិក​​ ឡូរ៉ា ម៉ម ធ្លាប់​ត្រូវ​បាន​ក្រសួង​ហៅ​ទៅ​ព្រមាន​ម្ដង​ហើយ ពាក់​ព័ន្ធ​នឹង​ការ​តែង​និពន្ធ​បទ​ចម្រៀង​របស់​នាង​នា​ពេល​កន្លង​មក។ នេះ​បើ​តាម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​មួយ​ ដែល​អះអាង​ថា មាន​សាច់​ញាតិ​ម្នាក់​ធ្វើ​ការ​នៅ​​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​បង្ហើប។

រំលឹក​ថា ឡូរ៉ា ម៉ម បាន​សាង​កេរ្តិ៍​នៅ​ក្នុង​សិល្បៈ​ចម្រៀង​ក្នុង​ស្រុក ដោយ​បាន​ចាប់​ផ្ដើម​ជាមួយ​បទ “ផ្កា​ព្រហាម រីក​ពព្រាយ” និង "សុបិន​ស្នេហ៍" ដែល​ចេញ​អំឡុង​ឆ្នាំ ២០១២ និង​២០១៣។ក្រោយ​មក​ទៀត នាង​ក៏​បាន​ចេញ​បទ “ខ្ញុំ​មិន​សុខ​ចិត្ត​ទេ" និង​បទ "ស្វា​រាំ​មុន​ឃីស" ជា​ដើម ដែល​សុទ្ធ​ប្រភេទ​បទ​ច្នៃ​ចេញ​ពី​បទ​ចម្រៀង​មរតក​ដើម របស់​អ្នក​ស្រី ប៉ែន រ៉ន ដោយ​នាង​បាន​កែ​បន្ថែម​សាច់​ភ្លេង​ថ្មី។

ដូច្នេះ​ហើយ តាម​ការ​បង្ហើប​ពី​ប្រភព​ខាង​លើ ការ​ព្រមាន​នោះ គឺ​មាន​ពាក់​នឹង​ការ​យក​បទ​មរតក​ដើម​មក​កែ​ច្នៃ​ទាំង​នេះ ដែល​ផ្ទុយ​ពី​ច្បាប់​សិទ្ធិ​អ្នក​និពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល។ ប្រភព​លើក​ឡើង​ថា តាម​ច្បាប់​សិទ្ធិ​អ្នក​និពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល គឺ​ពុំ​អនុញ្ញាត​ឲ្យ​យក​រាល់​ស្នាដៃ​បទ​ចម្រៀង​ទាំង​អស់​របស់​គេ យក​មក​កែ​កុន ថែម​ថយ​នោះ​ទេ គឺ​អាច​ត្រឹម​តែ​យក​មក​ច្រៀង​តាម (Cover) ប៉ុណ្ណោះ។ ដូច្នេះ​ករណី​របស់ ឡូរ៉ា គឺ​ប្រាសចាក​ពី​ច្បាប់​ខាង​លើ ដែល​នឹង​នាំ​ឲ្យ​ខូច​ដល់​ស្នាដៃ​ម្ចាស់​ដើម ទើប​ក្រសួង​បាន​កោះ​ហៅ​តារា​ចម្រៀង​សញ្ជាតិ​អាមេរិក​ទៅ​ជួប​ណែនាំ។

យ៉ាង​ណា ក៏​ដោយ​ករណី​ហៅ ឡូរ៉ា ទៅ​ជួប​នេះ មិន​មែន​ទើប​កើត​មាន​ក្នុង​ពេល​ថ្មី​ៗ​នេះ​នោះ​ទេ។ តាម​ប្រភព​បាន​អះអាង​ថា រឿង​នេះ​បាន​កើត​ឡើង​យូរ​មក​ហើយ គឺ​តាំង​តែ​ពី​ពេល ឡូរ៉ា ម៉ម បាន​បញ្ចេញ​បទ​ចម្រៀង​ទាំង​អំបាលម៉ាន​ខាង​លើ មិន​ប៉ុន្មាន​ខែ​ម្ល៉េះ។

ទន្ទឹម​នឹង​ការ​បង្ហើប​ពី​ប្រភព​កំបាំង​មុខ​ខាង​លើ ចំណុច​គួរ​ចាប់​អារម្មណ៍​គឺថា ឡូរ៉ា ម៉ម ក៏​ហាក់​មិន​សូវ​ឃើញ​មាន​ចេញ​បទ​ចម្រៀង​ថ្មី ដោយ​យក​បទ​មរតក​ដើម​មក​កែ​ច្នៃ​ដូច​មុន​ទៀត​ដែរ ពោល​គឺ ឡូរ៉ា នៅ​តែ​ចេញ​បទ​ថ្មី​បន្ត​បន្ទាប់ ប៉ុន្តែ​ទាំង​នោះ សុទ្ធ​ជា​បទ​រសជាតិ​ថ្មី មិន​ដូច​មុន​ឡើយ ដែល​ក្នុង​នោះ គេ​ឃើញ​មាន​ដូច​ជា​បទ "Coming Home” “ស្រី​ស្អាត” "ចិញ្ចៀន​បញ្ចាំ​ចិត្ត" ជា​ដើម។

យ៉ាង​ណា​មិន​ដឹង​ថា សាច់​រឿង​ពិត​យ៉ាង​ណា​នៅ​ឡើយ ខណៈ​ជុំវិញ​ដំណឹង​លេច​លឺ​ខាង​លើ ភាគី​ខាង ឡូរ៉ា ម៉ម មិន​អាច​សុំ​ការ​អធិប្បាយ​បាន​នោះ​ទេ។ តារា​ស្រី​មាន​ទេពកោសល្យ​ខាង​រាំ​រូប​នេះ ហាក់​ផ្ដាច់​ខ្លួន​ពី​ការ​សាក​សួរ​របស់​សារព័ត៌មាន ជាក់​ស្ដែង​នៅ​ជំនួប​នៅ​ប្រលាន​យន្តហោះ​កាល​ពី​មុន​ចូល​ឆ្នាំ​ខ្មែរ វេលា​ដែល​នាង និង​សិល្បករ​មួយ​ចំនួន​ចេញ​ទៅ​ច្រៀង​នៅ​កូរ៉េ​នោះ ឡូរ៉ា បាន​បដិសេធ​ផ្ដល់​សម្ភាសន៍ ដោយ​សំអាង​ថា នាង​ដល់​ពេល​ឡើង​យន្តហោះ​ហើយ។

ដោយ​ឡែក ជំនួប​ផ្ទាល់​ចុង​ក្រោយ​នៅ​ផ្សារ​ទំនើប​អ៊ីអន​នៅ​សង្កាត់​ទន្លេ​បាសាក់ ក្នុង​កម្មវិធី​ប្រារព្ធ "ទិវា​ក្មេង​ស្រី​អន្តរជាតិ" រៀប​ចំ​ដោយ​អង្គការ ផ្លេន កាល​ពី​ថ្ងៃ​ទី ១០ តុលា កញ្ញា ឡូរ៉ា នៅ​តែ​មិន​ព្រម​ទទួល​ការ​សម្ភាសន៍​ទៀត ដោយ​នាង​លើក​ឡើង​ថា សុំ​មិន​និយាយ​អ្វី​ទាំង​អស់​ពី​រឿង​ផ្ទាល់​ខ្លួន ក៏​ដូច​ជា​ស្ថានភាព​ការងារ​សិល្បៈ​របស់​នាង ដោយ​សុំ​និយាយ​តែ​សកម្មភាព​របស់​នាង​ក្នុង​កម្មវិធី​របស់​អង្គការ ផ្លេន នា​ពេល​នោះ​ប៉ុណ្ណោះ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម