- 2019-10-22 08:17:05
- ជីវិតតារា
បូកសរុបរាល់រឿងចម្រូងចម្រាស ទាក់ទងនឹងតារាៗផលិតកម្ម SM
- 2019-10-22 08:17:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បូកសរុបរាល់រឿងចម្រូងចម្រាស ទាក់ទងនឹងតារាៗផលិតកម្ម SM
ចន្លោះមិនឃើញ
ផលិតកម្ម SM Entertainment បានបង្កើតឡើងនៅឆ្នាំ ១៩៩៥ ហើយជាច្រើនឆ្នាំកន្លងមកនេះ មានរឿងចម្រូងចម្រាសជាច្រើនបានកើតឡើងលើតារាៗដែលស្ថិតនៅក្រោមដំបូលផលិតកម្មយក្សមួយនេះ។ បញ្ជាក់ថាខាងក្រោមនេះ មិនមានលើកឡើងទាក់ទងនឹងរឿងស្នេហារបស់តារាៗ SM នោះឡើយ។
នៅឆ្នាំ ១៩៩៩ ក្រុមចម្រៀងស្រីដ៏ល្បីរបស់ SM គឺ S.E.S. បានវិលត្រឡប់ជាមួយបទចម្រៀងចំណងជើងថា "Love” ដោយមានការលេងម៉ូដសក់ពណ៌ទង់ដែង។ បច្ចុប្បន្ននេះការលេងពណ៌សក់ក្នុងពិភព K-Pop គឺជារឿងធម្មតា ប៉ុន្តែពេលនោះវិញសមាជិករបស់ S.E.S ត្រូវបានហាមឃាត់មិនឲ្យបង្ហាញមុខលើប៉ុស្ត៍ទូរទស្សន៍រួមមាន KBS និង SBS ពី ៣ ទៅ ៤ ឆ្នាំឯណោះ។ យ៉ាងណាក្ដីក្រុមមួយនេះបានតស៊ូជម្នះ ហើយស្តង់ដារសង្គមក៏បានផ្លាស់ប្ដូរ ដែលអនុញ្ញាតឲ្យតារាបង្ហាញខ្លួនក្នុងមុខមាត់ប្លែកៗបាន។
នៅខែឧសភា ឆ្នាំ ២០០១ ក្រុមចម្រៀងធំដំបូងគេរបស់ SM គឺ H.O.T. ប្រកាសថាពួកគេនឹងបំបែកក្រុម ក្រោយចូលប្រឡូកបាន ៥ ឆ្នាំ ដោយសារក្រុមនិងក្រុមហ៊ុនមិនព្រមព្រៀងគ្នាលើកុងត្រាថ្មី។ អ្នកគាំទ្របានបង្ហាញអារម្មណ៍ខឹងក្រោធចំពោះ SM និងបានធ្វើបាតុកម្មប្រឆាំងនឹងសកម្មភាពមិនត្រឹមត្រូវចំពោះ H.O.T.។ ក្រោយមកទើបមានការបង្ហាញថា ការមិនព្រមព្រៀងគ្នា គឺដោយសារការទាមទារកម្រៃខ្ពស់ ដោយក្រុមបានទាមទារឲ្យ SM ចែកប្រាក់ ១ ម៉ឺនដុល្លារ រៀងរាល់ការលក់អាល់ប៊ុមបាន ១ លានបន្ទះ។
នៅឆ្នាំ ២០០៣ ពេលដល់វេលាចុះកុងត្រាថ្មីជាមួយក្រុមចម្រៀង Shinhwa កុងត្រាគឺមានផ្ដល់ជូនសមាជិកទាំងអស់ លើកលែងតែ Dongwan ម្នាក់។ ចុងក្រោយក្រុមទាំងមូលក៏បានសម្រេចចុះកុងត្រាជាមួយផលិតកម្មថ្មី ហើយ SM បានបិទសិទ្ធក្រុមមិនឲ្យប្រើឈ្មោះ Shinhwa ឡើយ។ ព្រោះរឿងនេះ ទើបធ្វើឲ្យមានសង្គ្រាមផ្លូវច្បាប់រយៈពេល ១២ ឆ្នាំ ហើយចុងក្រោយ Shinhwa ជាអ្នកឈ្នះ ហើយក្រុមនេះក៏អាចដាក់ឈ្មោះក្រុមហ៊ុនរបស់ខ្លួនទៅជា Shinhwa Company បានផងដែរ។
នៅខែតុលា ឆ្នាំ ២០០៧ ផលិតកម្ម SM បានប្រកាសថាក្រុម Super Junior-M នឹងត្រូវប្រឡូកនៅប្រទេសចិន ដើម្បីវាយលុកទីផ្សារថ្មី ក្នុងនាមជា Sub-Unit។ Han Geng ត្រូវបានប្រកាសថានឹងជា ហើយសមាជិកថ្មីឈ្មោះ Henry ក៏ត្រូវបានប្រកាសថានឹងចូលរួមក្រុមថ្មីនេះដែរ ធ្វើឲ្យរូបគេក្លាយជាសមាជិកទី ១៤ នៃក្រុម Super Junior។ យ៉ាងណាក្ដីអ្នកគាំទ្ររបស់ SJ មិនសប្បាយចិត្តនឹងការសម្រេចចិត្តបន្ថែមសមាជិកថ្មីនេះទេ ដោយពួកគេយល់ថាវាអាចជាឱកាសមួយរបស់ SM ក្នុងការជំនួសសមាជិកណាមួយ។ ហេតុនេះហើយ អ្នកគាំទ្របានប្រមូលលុយដើម្បីទិញហ៊ុននៅផលិតកម្ម SM ដោយសង្ឃឹមថានឹងអាចទទួលបានតំណែងមួយក្នុងក្រុមប្រឹក្សាភិបាលដើម្បីហាមមិនឲ្យ SM បន្ថែមសមាជិកថ្មីទៅក្នុងក្រុម SJ។ អ្នកគាំទ្របានធ្វើបាតុកម្មនៅក្រៅអគារ SM ហើយថវិកាដែលពួកគេប្រមូលបាន អាចទិញហ៊ុនរបស់ក្រុមហ៊ុនបាន ០,៣% ប៉ុណ្ណោះ ហេតុនេះពួកគេក៏បានផ្សព្វផ្សាយដំណឹងនេះដល់សារព័ត៌មានកូរ៉េ។ ចុងក្រោយ SM បានប្រកាសថាសមាជិកថ្មីក្នុងក្រុម Super Junior-M នឹងមិនបញ្ចូលទៅក្រុមធំនោះទេ។
នៅខែកក្កដា ឆ្នាំ ២០០៩ សមាជិក TVXQ មាន Jaejoong, Xia Junsu និង Yoochun បានដាក់ពាក្យបណ្ដឹងប្ដឹងផលិតកម្ម SM ទាក់ទងនឹង "កុងត្រាទាសករ" ដែលកុងត្រាមានរយៈពេលវែង និងការចែកប្រាក់ចំណេញមិនសមរម្យ។ ការប្ដឹងផ្ដល់បានបន្តជាច្រើនឆ្នាំ ហើយចុងក្រោយពួកគេទាំងបីជាអ្នកឈ្នះ ហើយរឿងក្ដីនេះបានឲ្យគេដឹងខ្លះៗអំពីពិភពខ្មៅងងឹតក្នុងសហគ្រាស K-Pop ធ្វើឲ្យតារា K-Pop ជាច្រើនធ្វើការចរចាឡើងវិញលើកុងត្រារបស់ពួកគេ និងបាននាំឲ្យរដ្ឋាភិបាលកំណត់នូវរយៈពេលអតិបរមា ៧ ឆ្នាំ សម្រាប់កុងត្រា K-Pop។
ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០០៩ សមាជិក Super Junior គឺ Kangin ត្រូវជាប់ពាក់ព័ន្ធនឹងករណីបុក-រត់ ពេលដែលរូបគេជិះបុករថយន្តតាក់ស៊ីចតចោតគ្មានមនុស្សនៅក្នុងរថយន្ត។ រូបគេបានចូលខ្លួនសារភាពប្រាប់ប៉ូលិសនៅព្រឹកថ្ងៃបន្ទាប់ និងមានកម្រិតជាតិអាល់កុល ០,០៨២%។ Kangin ត្រូវបានតុលាការសម្រេចថាមានទោសចំពោះហេតុការណ៍នេះនៅខែមករា ឆ្នាំ ២០១០ និងត្រូវពិន័យប្រមាណ ៦ ៨០០ ដុល្លារ។ សកម្មភាពការងាររបស់ Kangin ត្រូវ SM ផ្អាកនៅពេញមួយឆ្នាំ ២០០៩ ហើយរូបគេបានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ ២០១០។
Hang Geng ឬ Hankyung គឺជាសមាជិកសញ្ជាតិចិនដំបូងគេរបស់ SM ហើយក៏ជាសមាជិកសញ្ជាតិបរទេសតែម្នាក់ក្នុងក្រុម Super Junior ដំបូងៗ។ នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០០៩ Han Geng បានដាក់ពាក្យបណ្ដឹង សុំបញ្ចប់កុងត្រាជាមួយផលិតកម្ម SM ដោយលើកឡើងអំពីកុងត្រាដែលមានរយៈពេលដល់ ១៣ឆ្នាំ ការចែកប្រាក់ចំណេញមិនសមរម្យ និងការងារដែលច្រើនលើសលប់។ មានការរាយការណ៍ថា Han Geng មិនដែលបានឈប់សម្រាកសោះក្នុងពេល ២ ឆ្នាំ ដែលបណ្ដាលឲ្យកើតមានជំងឺតម្រងនោម។ នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១០ រូបគេបានឈ្នះក្ដី ហើយ SM ក៏សម្រេចប្ដឹងឧទ្ធរណ៍លើការសម្រេចនេះ។ នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១១ មានការបង្ហាញថាភាគីទាំងពីរបានសម្រេចសម្រួលគ្នា ដែលអនុញ្ញាតឲ្យ Han Geng ផ្ដាច់កុងត្រា និងចេញពីក្រុម Super Junior។
នៅថ្ងៃទី ១៥ ឧសភា Kris សមាជិកក្រុម EXO បានដាក់ពាក្យបណ្ដឹងប្ដឹងផលិតផល SM សុំបញ្ចប់កុងត្រារបស់ខ្លួន ដោយលើកឡើងថាក្រុមហ៊ុនមានការចែកប្រាក់ចំណេញមិនសមរម្យ មិនឲ្យតម្លៃលើសុខភាពខ្លួន បិទសិទ្ធសេរីភាព និងចាត់ទុករូបគេដូចជាផលិតផលជាជាងមនុស្ស។
នៅថ្ងៃទី ១០ តុលា ឆ្នាំដដែល Luhan សមាជិក EXO គឺជាសមាជិកចិនទីពីរដែលដាក់ពាក្យបណ្ដឹងប្ដឹងក្រុមហ៊ុន ដោយលើកយករឿងដូចជា Kris ដែរ និងបានចោទប្រកាន់ថា SM មិនយកចិត្តទុកដាក់រូបគេ ដូចជាសមាជិកកូរ៉េនោះទេ។
នៅឆ្នាំបន្ទាប់ Tao នៃក្រុម EXO ជាសមាជិកចិនទី ៣ ដែលដាក់ពាក្យប្ដឹង SM សុំផ្ដាច់កុងត្រា ក្រោយពីកើតមានរបួសនៅអំឡុងពេលផ្សព្វផ្សាយពីបទចម្រៀងថ្មី។
SM បានធ្វើការឆ្លើយតបដោយនិយាយថា ៖ "ក្រុមហ៊ុនរបស់យើង គ្រោងនឹងប្រើប្រាស់គ្រប់យ៉ាងដែលយើងមាន រួមមានអ្នកជំនាញផ្នែកច្បាប់ទាំងកូរ៉េ និងចិន និងដៃគូដើម្បីឆ្លើយតបតាមផ្លូវច្បាប់ ទាំងនៅកូរ៉េ និងចិន។” ផលិតកម្មបានធ្វើការប្ដឹងបកទៅសមាជិកទាំង ៣ ស្របពេលដែលពួកគេទាំង ៣ មានសកម្មភាពល្មើសនឹងកុងត្រា។
ពេលដែល EXO បន្តដំណើរជាមួយសមាជិកទាំង ៩ នាក់ សង្គ្រាមផ្លូវច្បាប់សម្រាប់សមាជិក ៣ នាក់ទៀត បានបន្តអស់ជាច្រើនឆ្នាំ។ ចុងក្រោយ Kris និង Luhan សម្រេចសម្រួលគ្នា ដោយពួកគេត្រូវជាប់កុងត្រាជាមួយ SM រហូតដល់ឆ្នាំ ២០២២។ ចំណែក Tao វិញ បានចាញ់ក្ដីមួយចំនួន ដោយសារមិនអាចសងលុយឲ្យក្រុមហ៊ុនពេលចាកចេញ និងការពន្យារពេលបង់ប្រាក់ផងដែរ។ គេយល់ឃើញថាកុងត្រារបស់ Tao ជាមួយ SM នៅបន្តមានសុពលភាព រហូតដល់ពេលកំណត់មានលើកុងត្រា។
នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៤ អំឡុងការផ្សព្វផ្សាយបទ "Red Light” របស់ f(x) សមាជិកក្រុមគឺ Sulli ស្រាប់តែសុំសម្រាក ដោយថានាងរងទុក្ខទាំងផ្លូវការនិងផ្លូវចិត្ត ដោយសារការបញ្ចេញមតិមិនត្រឹមត្រូវ និងមិនពិតអំពីនាង។ នៅខែសីហា ឆ្នាំ ២០១៥ Sulli បានចេញពីក្រុមជាផ្លូវការ។
នៅថ្ងៃទី ១ ខែសីហា ក្រុម Red Velvet បានចេញប្រឡូកជាផ្លូវការជាមួយវីដេអូចម្រៀងសម្រាប់បទ "Happiness”។ ក្រោយពី MV ចេញភ្លាម ក្រុមនេះ និងផលិតកម្ម SM ទទួលរងការវាយប្រហារពីអ្នកគាំទ្រ និងស្ថាប័នព័ត៌មានជុំវិញពិភពលោក ដោយសារការប្រើប្រាស់រូបភាពចម្រូងចម្រាសនៅក្នុង MV ដែលរួមមានរូបភាពនៃគ្រាប់បែបបរមាណូនៅហីរ៉ូហ្សីម៉ា និងណាហ្គាសាគីពីសង្គ្រាមលោកលើកទី ២ និងរូបភាពនៃការវាយប្រហារអគារភ្លោះនៅអាមេរិក។ ក្រោយមក MV នៃបទ "Happiness” ត្រូវបានដកចេញ និងបង្ហោះសាជាថ្មីដោយធ្វើការលុបរូបភាពចម្រូងចម្រាសចេញ។
នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៤ សមាជិក Girls' Generation គឺ Jessica ផ្ទាល់ បានប្រកាសថានាងត្រូវបានគេបង្ខំឲ្យចេញពីក្រុម ដោយប្រកាសតាមរយៈគណនី Weibo របស់ខ្លួន។ ក្រោយមកផលិតកម្ម SM បានបញ្ជាក់ថានាងលែងជាសមាជិក Girls' Generation តទៀតដោយសារ បញ្ហារៀបចំកាលវិភាគ។ ក្រុម Girls' Generation ត្រូវបន្តដំណើរដោយមានសមាជិក ៨ នាក់ ហើយ SM ត្រូវគ្រប់គ្រងលើសកម្មភាពទោសរបស់ Jessica។ ប៉ុន្តែនៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០១៥ មានការបង្ហាញថា Jessica និងផលិតកម្ម SM បានចែកផ្លូវគ្នាជាផ្លូវការ។
នៅខែធ្នូ ឆ្នាំ ២០១៤ ដែលពេលនោះ Taeyong នៅជាសមាជិក SMROOKIES នៅឡើយ បានជាប់ពាក់ព័ន្ធនឹងរឿងចម្រូងចម្រាសដំបូង ដោយកាលរៀននៅមធ្យមសិក្សា រូបគេបានបោកប្រាក់មនុស្សនៅលើវិបសាយលក់ទំនិញអនឡាញយ៉ាងសកម្ម។ រូបគេយកការផ្សព្វផ្សាយកន្លែងក្លាយមកបង្ហោះ រួចយកលុយពីអតិថិជន ហើយមិនផ្ញើឥវ៉ាន់ឲ្យអតិថិជននោះទេ ទោះបីផ្ញើក៏ផ្ញើផលិតផលមានបញ្ហាដែរ។ សារទូរសព្ទបង្ហាញថា Taeyong បានប្រើពាក្យអសុរោះ ទៅកាន់អ្នកដែលខ្លួនបានបោក ក្រោយពីគេតាមទាន់។ ផលិតកម្ម SM បានបញ្ចេញការសុំទោសជំនួស Taeyong ដោយនិយាយថា SM នឹងធានាថា Taeyong នឹងដឹងខុស ហើយនឹងជួយបណ្ដុះបណ្ដាលរូបគេឲ្យក្លាយជាតារាមានអត្តចរិតល្អ។
នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៤ សមាជិក SJ គឺ Sungmin បានរៀបការស្ងាត់ៗជាមួយតារាសម្ដែង Kim Sa-eun ក្រោយពីមានការបញ្ជាក់អំពីទំនាក់ទំនងស្នេហានៅខែកញ្ញា។ អ្នកគាំទ្រមិនសប្បាយចិត្ត ដោយសារមង្គលការធ្វើឡើង អំឡុងការហាត់សមសម្រាប់ការប្រគំតន្ត្រីដំណើរកម្សាន្ត Super Show ហើយផលិតកម្ម និងសមាជិករួមក្រុមក៏បានជំទាស់នឹងការរៀបការនេះដែរ។ នៅឆ្នាំ ២០១៧ នៅពេលប្រកាសថា Super Junior នឹងវិលត្រឡប់ដោយមានសមាជិកតែ ៨ នាក់ ក្រោយសម្រាក ២ ឆ្នាំ អ្នកគាំទ្របានធ្វើបាតុកម្មសុំឲ្យដក Sungmin ចេញពីក្រុម និងគំរាមឈប់គាំទ្រ SJ ទៀតផង ដោយសារការផ្គើនរបស់ Sungmin។
នៅឆ្នាំ ២០១៥ តារាចម្រៀងនិងតារាសម្ដែង No Minwoo នៃក្រុម Trax បានដាក់ពាក្យប្ដឹងផលិតកម្ម SM ទាក់ទងនឹងកុងត្រាទាសករ និងការហាមឃាត់មិនឲ្យលេចមុខលើទូរទស្សន៍។ កុងត្រារបស់គេមានរយៈពេលដល់ ១៧ ឆ្នាំ ហើយ Minwoo អះអាងថាពេលដែលគេបង្ហាញអារម្មណ៍មិនពេញចិត្តនឹងកុងត្រា ផលិតកម្មក៏បានកាត់ផ្ដាច់ការផ្គត់ផ្គង់លើសកម្មភាពរបស់ Minwoo។ រូបគេបានចាប់ផ្ដើមមានសកម្មភាពសិល្បៈដោយខ្លួនឯង ប៉ុន្តែផលិតកម្មបានបិទផ្លូវមិនឲ្យរូបគេលេចមុខលើទូរទស្សន៍បាន។ នៅឆ្នាំ ២០១៨ Minwoo បានចាញ់ក្ដី និងចាញ់ការប្ដឹងឧទ្ធរណ៍ដោយសារមានភស្តុតាងមិនគ្រប់គ្រាន់លើការអះអាង។
នៅខែឧសភា ឆ្នាំ ២០១៦ អ្នកហាត់ការឈ្មោះ Yu Zhi ដែលដើមឡើងត្រូវដាក់បញ្ចូលក្រុម NCT ត្រូវអ្នកគាំទ្រចិនទម្លាយរឿងអតីតនៅលើបណ្ដាញសង្គម អះអាងថានៅពេលរូបគេចូលរួមកម្មវិធីប្រកួតនៅចិនឆ្នាំ ២០១៣ រូបគេបានផ្ញើរូបអាក្រាតរបស់ខ្លួនទៅកាន់អ្នកគាំទ្រ ហើយថែមទាំងមានបុរសចិញ្ចឹមនៅវ័យ ១៥ ឆ្នាំទៀត។ អ្នកគាំទ្រខឹងសំបារ និងប្រាប់ SM ឲ្យបណ្ដេញ Yu Zhi ចេញពីក្រុមហ៊ុន។ មកទល់ពេលនេះគេមិនឃើញវត្តមានរបស់ Yu Zhi តទៀតឡើយ។
ខែសីហា ឆ្នាំ ២០១៧ Onew សមាជិក SHINee បានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសបៀតបៀនផ្លូវភេទនារីម្នាក់ ក្នុងក្លឹបកម្សាន្តមួយក្នុងទីក្រុងសេអ៊ូល។ ខាងផលិតកម្ម SM Entertainment បានស្នើឲ្យនាងដកពាក្យបណ្ដឹងវិញ ដោយថាវាគ្រាន់តែជាការយល់ច្រឡំមួយពេលតែប៉ុណ្ណោះ។
នៅខែតុលា ឆ្នាំ ២០១៧ ឆ្កែរបស់ Siwon បានខាំស្ត្រីម្នាក់បណ្ដាលឲ្យស្លាប់ ដោយសារមេរោគជ្រាបចូលក្នុងឈាម។ ឆ្កែរបស់ Siwon ពេលនោះគឺឪពុក Siwon ជាអ្នកបណ្ដើរ។ ក្រោយមានរឿងធ្ងន់បែបនេះ ទាំង Siwon និងឪពុក បានបញ្ចេញសារសុំទោសជាហូរហែ ជាសាធារណ និងចំពោះគ្រួសារនៃសព្វផងដែរ។
នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៧ សមាជិក SHINee គឺ Jonghyun បានធ្វើអត្តឃាត ក្រោយជួបប្រទះនឹងជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរជាច្រើនឆ្នាំ។ ការស្លាប់របស់ Jonghyun បានធ្វើឲ្យសហគមន៍ K-Pop ចាប់អារម្មណ៍កាន់តែខ្លាំងលើពិភពខ្មៅងងឹតនៃសហគ្រាស K-Pop។ ពិភពលោកក៏បានដាក់សំនួរសួរដល់ផលិតកម្ម SM និងចំពោះសហគ្រាស K-Pop ឲ្យយកចិត្តទុកដាក់ចំពោះសុខភាពផ្លូវចិត្ត និងអត្តចរិតតារារបស់ខ្លួនផងដែរ។
នៅល្ងាចថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៩ ដំណឹងនៃការស្លាប់របស់ Sulli បានធ្វើឲ្យកក្រើកពិភព K-Pop និងពិភពលោកទាំងមូល ដែលដំបូងឡើយគ្រប់គ្នាគិតថាជាព័ត៌មានមិនពិត។ ប៉ុន្តែក្រោយមកមានការបញ្ជាក់អំពីប៉ូលិស និងពីផលិតកម្ម SM អំពីការស្លាប់របស់តារាវ័យ ២៥ ឆ្នាំនេះ។ ប៉ូលិសបានបញ្ជាក់ថា Sulli បានសម្រេចចិត្តបញ្ចប់ជីវិតគ្មានស្រណោះឡើយ ហើយមូលហេតុដែលធ្វើឲ្យ Sulli ឈានដល់ការគិតខ្លីនេះ ក៏ព្រោះនាងជួបវិបត្តិផ្លូវចិត្ត ទើបបណ្ដាលឲ្យនាងសម្រេចចងកខ្លួនឯង នៅជាន់ទី២តែម្ដង៕
ចុចអាន ៖ រឿងរ៉ាវខ្មៅងងឹតពីក្រោយពិភព K-Pop គ្រប់គ្នាអាចស្មានមិនដល់