• 2020-01-02 03:46:30
  • ព័ត៌មាន

ក្នុងឆ្នាំ ២០២០ តើ​តារាប្រុសណាខ្លះនឹងបញ្ចប់​កាតព្វកិច្ចផ្លូវការចេញពីជួរទាហាន?

  • 2020-01-02 03:46:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើគិតៗទៅ​រយៈពេល​ ២​ឆ្នាំ​ពិត​ជាកន្លង​ផុត​ទៅ​លឿន​មែន​ទែន​ ដូច​តារា​ប្រុស​ K-Pop ទាំង​នេះជា​ដើម​ បន្ទាប់​ពីលា​អ្នក​គាំទ្រ​ចូល​បំពេញ​កាតព្វកិច្ច​ក្នុង​ជួរ​​ទាហាន​មួយ​រយៈ​ធំ​ មិន​យូរ​មិន​ឆាប់​ពួកគេ​នឹង​វិល​មក​រក​វិញ​ហើយ។

ឆ្នាំ​ ២០២០​នេះ​អាច​ជា​ឆ្នាំ​រំភើប​មួយ​ទៀត​ហើយ​សម្រាប់​អ្នក​ស្នេហា​វិស័យ​ K-Pop ពិសេស​អ្នក​ដែល​មាន​តារា​ក្នុង​ដួង​ចិត្ត​ចូលបំពេញ​កាតព្វកិច្ច​ក្នុង​ជួរ​ទាហាន​គ្រប់​ ២​ឆ្នាំគិត​ត្រឹម​ឆ្នាំ​នេះ ព្រោះ​ថា​តារា​ប្រុស​ទាំង​នោះ​នឹង​បញ្ចប់​កាតព្វកិច្ច​សំខាន់​នេះ​ចប់​ជា​ស្ថាពរ​ក្នុង​ពេល​ឆាប់ៗ។ ដូច​នេះ​សូម​មក​ដឹង​ថា​មានអ្នកណា​ខ្លះ ហើយ​ពួកគេ​ចេញ​ពី​ទាហាន​នៅ​ថ្ងៃ​ណា ខែណា?

១. Sunggyu

Sunggyu (មេក្រុម INFINITE) នឹង​ក្លាយ​ជា​តារា​ប្រុស​ដំបូង​ដែល​នឹង​បញ្ចប់​តួនាទីពី​ជួរ​កងទ័ព​មុនគេ មានន័យ​ថា​នៅ​ថ្ងៃ​ទី ០៨ ខែមករា​ ឆ្នាំ ២០២០។ ជាក់ស្ដែង​ Sunggyu បាន​ចូល​បម្រើ​ការងារ​នេះ​តាំង​ពី​ខែឧសភា ឆ្នាំ ២០១៨។

២. Wooyoung

នៅ ថ្ងៃទី ២៨ ខែកុម្ភៈ​ Wooyoung សមាជិក​ក្រុម 2PM នឹង​ចេញ​ពីទាហាន​ បញ្ចប់​តួនាទី​នេះ​ជា​ផ្លូវការ។ ចង់​ដឹង​ថា​វិល​ចូល​សិល្បៈ​វិញ​ លោក​នឹង​មាន​អ្វី​បង្ហាញ​ ក៏ដូចជា​ស្វាគមន៍​អ្នក​គាំទ្រ រង់ចាំ​មើល​ទាំងអស់​គ្នា។

៣. Jo Kwon

ខែនេះ​ក៏​ជា​ពេល​ដែល​ តារា​ប្រុស​ក្រមិចក្រមើម​ Jo Kwon នឹង​ត្រឡប់​ពី​បម្រើទាហាន​វិញ​ គឺ​នៅ​ថ្ងៃទី ២៤ ខែមីនា​ ឆ្នាំ ២០២០។

៤. Eunkwang

មេក្រុម BTOB គឺ Eunkwang ក៏​នឹង​ដល់​ពេល​វិល​មករក​អ្នក​គាំទ្រ​វិញ​ដែរនៅថ្ងៃទី ០៧ ​ខែមេសា។ អ្វី​ដែល​ចាំមិន​ភ្លេច ពេល​លា​ចូល​ទាហាន​ លោក​បាន​ធ្វើ​ឲ្យគ្រប់គ្នា ក្ដុកក្ដួល​ណាស់រហូត​យំ​ទាំង​សមាជិក​រួម​ក្រុម និង​អ្នក​គាំទ្រអំឡុងពេល​ប្រគំតន្ត្រី​ទេសចរណ៍​របស់​ក្រុម។

៥. Doojoon

មេក្រុម​ HIGHLIGHT ក៏​ជា​អ្នក​ដែល​ត្រូវ​ចប់​តួនាទី​នៅ​ខែមេសាដែរ ប៉ុន្តែ​ថ្ងៃទី ១០។ អ្នក​គាំទ្រ​ទាំងអស់​ពិត​ជា​រំភើប​ និង​បន់​ឲ្យ​ថ្ងៃ​នោះ​មក​ដល់​ឆាប់ៗបំផុត ព្រោះ​ពួកគេ​ចង់​ឃើញ​ស្នាដៃថ្មីៗរបស់​ Doojoon ជាបន្ត។

៦. Onew

ឈាន​ចូល​ដល់ថ្ងៃទី ២០ ខែកក្កដា ក៏​ដល់​វេន​របស់ Onew មេក្រុម SHINee បញ្ចប់​កាតព្វកិច្ចសំខាន់​របស់​ខ្លួន​ដែរ។ ដំណឹង​នេះ​មិន​អាច ទប់​អារម្មណ៍​របស់​អ្នក​គាំទ្រ​មិន​ឲ្យ​រំភើប​មិន​បាន​ទេ។

៧. Changsub

សមាជិក​ BTOB ម្នាក់​ទៀត​ហើយ​ដែល​ត្រូវ​ចប់​ភារកិច្ច​ដូចគ្នា​គឺ Changsub។ ថ្ងៃ​កំណត់​គឺចំ​ថ្ងៃ​ទី ២១ ខែសីហា​ ឆ្នាំ ២០២០។

៨. Yoseob

ខែសីហា​ក៏​នៅ​មាន​ តារា​ប្រុស​ម្នាក់​ទៀត​ដែរ​នោះ​គឺ Yoseob សមាជិក​ក្រុម HIGHLIGHT ដែល​ត្រូវ​វិល​មក​ជួប​អ្នក​គាំទ្រ​វិញនៅ​ថ្ងៃទី ៣០ ខែសីហា​ បន្ទាប់ពី​ចេញ​ទៅ​បម្រើជាតិ​រយៈជាង ២ឆ្នាំ។

៩. Minhyuk

សមាជិក​ក្រុម BTOB ម្នាក់​ទៀត​ដែល​នឹង​វិល​ទៅ​រក​ក្រុម​វិញ គឺ Minhyuk។ លោក​នឹង​បញ្ចប់​នៅ​ថ្ងៃទី ១២ ខែកញ្ញា ហើយ​អ្នក​គាំទ្រ​កំពុង​តែ​ទន្ទឹង​រង់ចាំ​ថ្ងៃ​នោះ​ បន់​ឲ្យ​មក​ដល់​ឆាប់ៗទៀតផង។

១០. Key

សមាជិក​ SHINee រូប​នេះ​ក៏​ជិត​ដល់​ពេល​លា​មូលដ្ឋាន​ទាហាន​នៅ​ថ្ងៃទី​ ០៧ ខែតុលា​ខាង​មុខ​ដែរ ក្រោយ​បំពេញ​កាតព្វកិច្ច​ពេញ​លេញ​ក្នុង​នាម​ជា​បុរស​កូរ៉េ។ ជាក់​ស្ដែង​បើ​ទោះ​ចូល​ក្នុង​ជួរ​ទាហាន​ ក៏​លោក​មិន​ទៅណា​ឆ្ងាយ​ពី​វិស័យ​នេះ​ដែរ ដោយ​បាន​ឡើង​សម្ដែង​ជា​បន្តបន្ទាប់​ក្នុង​កម្មវិធី​របស់​ទ័ព។

១១. N

សមាជិក​រាង​ខ្ពស់​សង្ហា​របស់​ VIXX ក៏​ត្រូវ​ចេញ​ថ្ងៃ​តែមួយ​ជាមួយ​នឹង​ Key ដែរ​គឺ​នៅ​ថ្ងៃ​ ០៧ ខែតុលា។

១២. Jaehyo

ឈាន​ចូល​ដល់​ថ្ងៃ​ទី ២២ ខែតុលា​ដដែល Jaehyo សមាជិក​ក្រុម Block B។ ស្ថិត​ក្នុង​ជួរ​កងទ័ព​មិន​មែន​ជា​រឿង​ងាយស្រួលទេ ដូចនេះ​អ្នក​គាំទ្រ​ក៏​ជូន​ពរ​សូម​ឲ្យ​ការវិល​មក​វិញ​របស់​លោក​មាន​សុវត្ថិភាព។

១៣. Sungyeol

នៅ​ថ្ងៃទី​ ២៧ ខែតុលា​ មិន​មាន​តារា​ប្រុស​ម្នាក់​ទៀត​ដែល​របស់​ INFINITE គឺ​ Sungyeol ដែល​នឹង​បញ្ចប់​កិច្ចការ​នេះ​ដូចគ្នា។

១៤. Minho

សម្រាប់​ Minho សមាជិក​ខ្ពស់​ជាងគេ​ប្រចាំ SHINee វិញ​នឹង​វិល​វិញ​នៅ​ថ្ងៃទី ១៥ ខែវិច្ឆិកា ហើយ​ក៏​នឹង​វិល​ចូលល​សិល្បៈ​វិញ​ជា​ប្រាកដ​មក​ជួប​អ្នក​គាំទ្រ។

១៥. Dongwoo

Dongwooសមាជិក​របស់​ INFINTE ម្នាក់​ទៀត​ហើយ​ក៏​ត្រូវ​ចប់​ភារកិច្ច​ដូចគ្នា​ គឺ​នៅ​ថ្ងៃទី​ ១៥ ខែវិច្ឆិកា។

១៦. Kikwang

រីឯតារាប្រុស​របស់​ HIGHLIGHT Kikwang វិញ​ដល់​ថ្ងៃ​ចេញ​នៅ​ថ្ងៃទី ១៨ ខែវិច្ឆិកា ក្រោយ​ពី​ចូល​ដំបូង​នៅ​ខែមេសា ឆ្នាំ២០១៨។

១៧. Xiumin

សម្រាប់​ថ្ងៃ​កំណត់​បញ្ចប់​កាតព្វកិច្ច​របស់​បងប្រុស​ធំ​មុខក្មេង​ជាងគេ​របស់ EXO ឯណេះ​វិញ​ គឺ​នៅ​ថ្ងៃទី ០៦ ខែធ្នូ ហើយ​ពេល​នោះ​ហើយ​ជាពេល​ដែល​អ្នក​គាំទ្រ​លោក​ទាំង​អស់​ អស់​បារម្ភពី​សុខទុក្ខលោក​​ក្នុង​ជួរ​ទាហាន។

១៨. Dongwoon

កូន​ពៅ​ HIGHLIGHT វិញ​នឹង​ចេញ​នៅ​ថ្ងៃទី ០៨ ខែធ្នូ ដូចនេះពេល​នោះ​ក៏​បានសេចក្ដី​​​ថា​សមាជិក​ទាំង​អស់​របស់​ក្រុម​នេះជុំ​គ្នា​អស់​ហើយ។​

១៩. Yoon Ji Sung

ចុង​ក្រោយគឺ Ji Sung តារា​ប្រុស K-Pop ដែល​នឹង​បញ្ចប់​កាតព្វកិច្ច​សំខាន់​បំផុត​ជូន​ជាតិ​នៅ​ឆ្នាំ ២០២០ គឹ​នៅ​ថ្ងៃទី ១៣ ខែធ្នូ។ ចប់​ពីនេះ ច្បាស់​ណាស់​លោក​នឹង​វិល​ចូល​សិល្បៈ​វិញ​មិន​ឲ្យ​អ្នកគាំទ្រខកចិត្ត​ឡើយ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់