• 2020-03-09 01:59:24
  • ព័ត៌មាន

"ធីតាឯកសង្រ្កាន្ត" ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ តាម​សាកលវិទ្យាល័យ

  • 2020-03-09 01:59:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី៧ ខែមីនា ក្រុមការងាររបស់ FUN Entertainment បានចុះធ្វើយុទ្ធនាការចែកខិតប័ណ្ណ និងពាក្យស្នើសុំចូលរួមប្រកួត "ធីតាឯកសង្រ្កាន្ត" ដល់សិស្ស-និសិ្សត នៅសាកលវិទ្យាល័យធនធានមនុស្ស ដោយមានការសហការ និងយល់ព្រមពីខាងសាកលវិទ្យាល័យផងដែរ ដោយ​មាន​រយៈពេល ១ថ្ងៃកន្លះ ចាប់ពីម៉ោង ៩​ព្រឹក ​ដល់ម៉ោង ១២ៈ៣០ ថ្ងៃត្រង់។

គោលបំណងនៃការធ្វើយុទ្ធនាការនេះ គឺដើម្បីបង្ហាញ និងពន្យល់បន្ថែមអំពីកម្មវិធីជ្រើសរើស "ធីតាឯកសង្រ្កាន្ត" ដែលជាព្រឹត្តិការណ៏ដំបូង និងមិនធ្លាប់មានពីមុនមក ដល់សិស្ស-និស្សិត ជាពិសេសនិស្សិត ដែលជាសុភាពនារី និងជម្រុញលើកទឹកចិត្តដល់ពួកគេ ឲ្យ​ចូលរួមចុះឈ្មោះក្នុងការប្រកួតនេះ កុំ​ឲ្យ​មានការភ័យខ្លាច ឬមានការព្រួយបារម្ភអ្វីទាំងអស់។ ពីព្រោះកម្មវិធីនេះត្រូវបានគាំទ្រដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងអគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា។

ការរៀបចំប្រកួតនេះ គឺធ្វើឡើងក្នុងគោលបំណង ២ ធំៗ ៖ ទី១ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំជូត ។ ទី២ ចង់បញ្ជ្រាបនូវចំណេះដឹងអំពីវប្បធម៌ អរិយធម៌ ប្រវត្តិសាស្រ្ត ទាក់ទងនឹងបុត្រីទាំង ៧អង្គ របស់កបិលមហាព្រហ្ម ដែលទ្រង់នឹងយាងចុះមកគ្រប់គ្រងជម្ពូរទ្វីប ដោយមានយាន្តជំនិះជាសត្វ តែមិនមែនជាសត្វតំណាង​ឲ្យ​ឆ្នាំទាំង ១២ នោះឡើយ ព្រោះថាបុត្រីកបិលមហាព្រហ្មមានតែ ៧អង្គ មិនមែន ១២អង្គ។ ចំពោះទេពធីតាឆ្នាំជូត នាឆ្នាំ២០២០នេះ ជាបុត្រីទី២ របស់កបិលមហាព្រហ្ម មានព្រះនាម គោរាគទេវី មានសត្វជាយានជំនិះ គឺសត្វខ្លា។ ទាំងអស់នេះ គឺជាចំណេះដឹង ដែលកូនខ្មែរគ្រប់ជំនាន់ត្រូវយល់ដឹង និងចងចាំទុក។

យុទ្ធនាការនេះនឹងប្រព្រឹត្តទៅម្តងទៀត នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២០ នៅសាកលវិទ្យាល័យ បៀលប្រាយ ដែលមានរយៈពេល កន្លះថ្ងៃ ដោយចាប់ពីម៉ោង ៩​ព្រឹក រហូតដល់ ម៉ោង ១២ៈ៣០ ថ្ងៃត្រង់ ដូចគ្នាផងដែរ។ គួរបញ្ជាក់ថា ការជ្រើសរើសនៅវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅផ្សារទំនើប អ៊ីអន២ ដោយមានខាងក្រសួងវប្បធម៌ជាគណៈកម្មការ​ពិនិត្យ លើលក្ខខ័ណ្ឌរបស់បេក្ខនារីដែលមកតាមបណ្តាសាកលវិទ្យាល័យនានា៕

មតិយោបល់