• 2020-04-02 09:39:39
  • ជីវិតតារា

ស្ពឹកមុខហើយ សមាគមសិល្បករខ្មែរ ប្រតិកម្ម​ទៅ​​តារា​២​ដួង ដែល​ហែកហួរ​គ្នា​លើ​ហ្វេសប៊ុក!

  • 2020-04-02 09:39:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគម​សិល្បករ​ខ្មែរ ស្នើ​ឲ្យ​តារា​កំប្លែង អ្នកនាង សំ ប៉ូលីដា និងដៃគូរជម្លោះ បញ្ឈប់​សកម្មភាព​ជេរ​បញ្ចោរ និង​ហែកហួរ​គ្នា​តាម​បណ្ដាញសង្គមហ្វេស​ប៊ុក​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​អ្នក​សិល្បៈ។

ប្រធាន​សមាគម និង​ជា​តារា​សម្ដែង​ចាស់​វស្សា អ្នកនាង ចន ច័ន្ទ​លក្ខិណា លើក​ឡើង​ថា ការ​វាយ​ប្រហារ​គ្នា​ដោយ​ពាក្យ​អសុ​រស គឺ​ជា​ការ​បន្ថែម​កំហឹង ឬ​ការ​មិន​ឲ្យ​តម្លៃ​ពី​សាធារណៈ​ជន​មក​លើ​បុគ្គល​ដែល​កំពុង​ជម្លោះ​គ្នា ហើយ​ក៏​ប៉ះពាល់​ដល់​តម្លៃ​អ្នក​សិល្បៈ​ដទៃ​ទៀត​ដែរ។ 97/5e859de6d4682_1585815000.jpg "")

ចន ច័ន្ទ​លក្ខិណា៖"កន្លង​មក​គេ​មិន​សូវ​ឲ្យ​តម្លៃ​អ្នក​សិល្បៈ​ដែល​មើល​ងាយ​អ្នក​សិល្បៈ​ដូច​គ្នា ហើយ​បើ​យើង​បង្ហាញ​ពី​ទង្វើ​ហ្នឹង​ទៀត រឹត​តែ​ធ្វើ​ឲ្យ​គេ​មើល​ងាយ។ អីចឹង​វា​នឹង​ប៉ះពាល់​ដល់​អ្នក​សិល្បៈ​ដទៃ​ទៀត​ដែល​គេ​ពុំ​ដែល​មាន​ទង្វើ​បែប​នេះ"។

កាល​ពី​រសៀល​ថ្ងៃ​ទី១ ខែ​មេសា តារា​កំប្លែង​មាត់ឆៅ អ្នកនាង សំប៉ូ លីដា បាន​ព្រលះ​អតីត​មិត្ត​រួម​អាជីព​ម្នាក់​ដែល​នាង​មិនបានបញ្ចេញឈ្មោះចំៗ​នោះទេ។ នៅ​ក្នុង​វីដេអូ​ឡាយ​រយៈពេលជិត​១​ម៉ោង​របស់​អ្នក​នាង សំប៉ូ លីដា បាន​បង្ហាញ​ថា រូប​នាង​ត្រូវ​បាន​នារីម្នាក់ ចោទ​ថា​នាងលួច​កាបូប​ដៃ​ដែល​មាន​តម្លៃ​៦០០​ដុល្លារ។ ប៉ុន្តែអ្នកនាង​ សំប៉ូ លីដា បាន​បដិសេធ​ទាំងស្រុង ហើយបានបញ្ចេញពាក្យក្រេវក្រោធយ៉ាងច្រើន។

អ្នក​សិល្បៈ​ដែល​បាន​ចូល​មើល និង​ comment នៅ​លើ​ទំព័រ​ហ្វេសប៊ុកអ្នកនាង សំប៉ូ លីដា ភាគ​ច្រើន​សុំ​ឲ្យ​អ្នក​នាង​មាន​ការ​ខន្ដី ហើយ​បើ​ការ​ចោទ​ពី​ភាគី​ម្ខាង​នោះ មិន​មាន​មូលហេតុ​ច្បាស់​លាស់ ឬ​គ្មាន​ភស្តុតាងគ្រប់​គ្រាន់ គួរ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​តែ​ម្ដង​ល្អ​ជាង។

ពាក់​ព័ន្ធ​នឹង​ករណី​នេះ​ដែរ សម្ដេច​តេជោ ហ៊ុន សែន ធ្លាប់​ដាស់តឿន​អ្នក​សិល្បៈ​ទាំង​អស់​នៅ​ក្នុង​ទិវា​វប្បធម៌​ជាតិ កាល​ពី​ដើម​ខែ​មីនា ​ថា អ្នក​សិល្បៈ​គ្រប់​ទម្រង់ គួរ​ឈប់​យក​ហ្វេស​ប៊ុក​ធ្វើ​ជា​វេទិកា​ជេរ​បញ្ចោរ ឬហែកហួរ​គ្នា។ បើ​មាន​បញ្ហា​អ្វី​គួរ​ទៅ​ជជែក​គ្នា​ដោយ​ផ្ទាល់ ឬ​ទូរស័ព្ទ​ជជែក​គ្នា​រក​ដំណោះ​ស្រាយ ជាជាង​មក​ហែក​ហួរ​គ្នា​លើ​ហ្វេសប៊ុក​នាំ​ធ្លាក់​ចុះ​តម្លៃ​សិល្បករ​ខ្មែរ​ទាំង​មូល៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម