• 2020-05-15 03:04:20
  • ព័ត៌មាន

បទ​ពិសោធន៍​ជីវិត! ប្រុស​ស្អាត សុខ​ចិត្ត​ចោល​ការងារ​សរសេរ​កូដ​នៅ​ជប៉ុន​ប្រាក់​ខែ​រាប់​ពាន់​ដុល្លារ មក​ធ្វើ​វីដេអូ​ត្រូវ​គេ​ពេបជ្រាយ

  • 2020-05-15 03:04:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ល្បី​លើ​បណ្ដាញ​សង្គម(Influencer) ហេង វិសាល បាន និង​កំពុង​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល ក្រោយ​ដឹង​ថា ត្បិត​ពេល​នេះ លោក​គឺ​ជា​អ្នក​ធ្វើ​វីដេអូ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ក៏​ពិត​មែន ប៉ុន្តែ​ដើម​ឡើយ​លោក​គឺ​ជា​អ្នក​ជំនាញ IT ដែល​បម្រើ​ការងារ​ជា​អ្នក​សរសេរ​កូដ​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន បាន​ប្រាក់​ខែ​រាប់​ពាន់​ដុល្លារ​ឯណោះ។

ប្រុស​ស្អាត​បាន រំលឹក​ឡើង​នូវ​រឿង​នេះ​ខាង​លើ ក្រោយ​ពី​គន្លង​ជីវិត​របស់​លោក​ដើរ​មក​ដល់​ពេល​នេះ ធ្លាប់​ត្រូវ​គេ​ពេបជ្រាយ​។ លោក​លើក​ឡើង​ថា "នៅ​ពេល​ខ្ញុំ​អាយុ ១៦​ឆ្នាំ​គេ​សួរ​ខ្ញុំ​ថា ពេល​ខ្ញុំ​រៀន​ចប់​ខ្ញុំ​ចង់​បន្ត​រៀន​អ្វី ខ្ញុំ​បាន​ប្រាប់​គេ​ថា​ចង់​រៀន IT “ស្អី​គេ​រៀនIT? រៀន​ចប់​ហ្អែង​ចង់​ទៅ​បើក​តូប​បញ្ចូល​បទ​ចម្រៀង​មែន?” នេះ​គឺ​ជា​ពាក្យ​ដែល​គេ​បាន​និយាយ​មក​ខ្ញុំ ខ្ញុំ​ក៏​ញញឹម​ហើយ​ប្រាប់​ថា រៀន​ចប់​ខ្ញុំ​ចង់​ធ្វើ​ជា​អ្នក​សរសេរ​កូដ គេ​ក៏​សើច"។

លុះ​រហូត​ដល់​អាយុ ១៨​ឆ្នាំ លោក​ក៏​ចាប់​ផ្ដើម​ធ្វើ​វីដេអូ​បង្ហោះ​ចែក​ជូន​ប្រិយមិត្ត​លើ​បណ្ដាញ​សង្គម​ទស្សនា​កម្សាន្ត ហើយ​ក៏​ត្រូវ​គេ​ពេបជ្រាយ​ទៀត។ “មើល​វា​ធ្វើ Videoឆ្កួត​ៗ​អត់​ចេះ​ខ្មាស​គេ ចង់​ល្បី​មែសហ្អាស? Videoបាន10k viewហ្នឹង សង្ស័យ​មើល​តែ​ខ្លួន​ឯង​ទេ​ហ្អីៗ”។ វិសាល ថ្លែង​ពី​សម្ដី​របស់​មនុស្ស​ដែល​ពេបជ្រាយ​លោក ប៉ុន្តែ​១​ឆ្នាំ​ក្រោយ​មក មនុស្ស​នោះ​ឯង បាន​ហៅ​លោក​ឲ្យ​ទៅ​ជួយPromoteហាង​របស់​គេ។

មិន​ត្រឹម​អ្នក​ក្រៅ​ទេ សូម្បី​តែ​សាច់ញាតិ ក៏​បាន​ចំអែចំអន់​លោក​ដែរ ក្នុង​នោះ​បង​ស្រី​លោក​បាន​ថ្លែង​ថា “កុំ​ខំ​ពេក​អា​រឿងធ្វើ Videoហ្នឹង យ៉ាង​ច្រើន​ល្បី​បាន​ការងារ​ធ្វើ​មួយ​ឆ្នាំ ២​ឆ្នាំ​ទៀត​ហ្នឹង តែ​មាន​អ្នក​ថ្មី​មក​ហ្អែង​ចប់​ហើយ មើល​តែ​តារា​ទៅ” ខ្ញុំ​ញញឹម​ហើយ​ថា​ខ្ញុំ​មិន​មែន​តារា​ទេ។ ៥ ឆ្នាំ​ក្រោយ​ខ្ញុំ​នៅ​តែ​មាន​ការងារ​មិន​ស្បើយ"។

ទោះ​យ៉ាង​នេះ​ក្ដី តាម​ចិត្ត​គួច​ប៉ង​ចង់​ក្លាយ​ជា​អ្នក​ជំនាញ Programer មួយ​រូប វិសាល បាន​សម្រេច​គោលដៅ​របស់​គេ ដោយ​នៅ​អាយុ​២៤​ឆ្នាំ លោក​បាន​ទៅ​ធ្វើការ​ជា​អ្នក​សរសេរ​កូដ​នៅ Tokyo,Japan។ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​ជាមួយ​គ្នា លោក​បាន​លា​ឈប់ សម្រេច​ចិត្ត​ថា​មិន​ទៅ​បន្ត​ការងារ​នៅ​ជប៉ុន​ទេ ហើយ​ក៏​ជា​ពេល​លោក​ទទួល​បាន​ពាក្យ​និន្ទា​ថ្មី​ៗ​ទៀត។ “ចុះ​អា​នេះ​ក៏​គំនិត​ខ្លី​ម្ល៉េស បាន​ធ្វើការ​សុទ្ធ​តែ​នៅ​ជប៉ុន ប្រាក់​ខែ​ពីរ បី​ពាន់​អត់​ទៅ​ធ្វើ សុខ​ចិត្ត​មក​គិត​ខ្លី​ធ្វើ Video អត់​កំណើត”។

បែប​នេះ​ក្ដី តារា​វ័យ​ក្មេង បាន​សម្រេច​ចិត្ត​ត្រូវ​ព្រោះ លោក​អាច​រក​បាន​អចលនទ្រព្យ​មួយ​ចំនួន​ក្នុង​រយៈ​ពេល​តែ​១​ឆ្នាំ​ជាមួយ​ការងារ​ដែល​លោក​បាន​សម្រេច​ចិត្ត​ចាប់​យក ហើយ​ព្រលែង​ចោល​ការងារ​ជា Programer នៅ​តូក្យូ​ប្រទេស​ជប៉ុន។ លោក​ថា "១​ឆ្នាំ​ក្រោយ​ខ្ញុំ​សល់​កូន​ផ្ទះ​មួយ កូន​ឡាន​មួយ កូន​ដី​២​ដំ និង​កូន​របរ​រកស៊ី២ ៣មុខ"។

លោក ហេង វិសា បាន​លើក​យក​មេរៀន មក​ចែក​រំលែក ដោយ​លោក​ចង់​ក្រើន​រំលឹក​ថា "ចូរ​ចាំ​ថា​កុំ​បោះបង់​នូវ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ដោយសារ​សម្តី​របស់​អ្នក​ដទៃ ជីវិត​នេះ ជា​ជីវិត​របស់​យើង​ធ្វើ​អ្វី​ដែល​យើង​គិត​ថា​ត្រូវ ល្អ មិន​ប៉ះពាល់​ដល់​សង្គម និង​អ្នក​ដទៃ។ជីវិត​យើង មាន​តែ​យើង​ប៉ុណ្ណោះ​ដឹង​ថា​យើង​ចូល​ចិត្ត​អ្វី ចង់​ទៅ​ទីណា ហើយ​ទៅ​តាម​ផ្លូវ​ណា។ ជីវិត​យើង បើ​មិន​ជឿ​ខ្លួន​ឯង ជឿ​អ្នកណា?”។

លោក ហេង វិសាល គឺ​ជា​តារា​ល្បី​លើ​បណ្ដាញ​សង្គម ឬ​ហៅ​តាម​ពាក្យ​បច្ចេកទេស​ថា "Influencer”។ បច្ចុប្បន្ន​លោក​បាន និង​កំពុង​ពេញ​និយម ហើយ​ជាមួយ​គ្នា​លោក​ទទួល​បាន​ការងារ​ជា​ច្រើន​មាន​ទាំង​ស្ប៉តពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​នានា សម្ដែង​រឿង កម្មវិធី​ផ្សេង​ៗ និង​ធ្វើ​ជា​តារា​តំណាង​ផលិតផល​ជា​ច្រើន​ទៀត៕

រូបភាព៖បណ្ដាញ​សង្គម ហេង វិសាល

អត្ថបទ៖ ទារិកា

មតិយោបល់