- 2020-07-08 03:30:51
- ព័ត៌មាន
អតីតចាងហ្វាង KH Promotion គ្រោងចូលរៀនសាកលវិទ្យាល័យកំដរជីវិតចុងក្រោយ
- 2020-07-08 03:30:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតចាងហ្វាង KH Promotion គ្រោងចូលរៀនសាកលវិទ្យាល័យកំដរជីវិតចុងក្រោយ
ចន្លោះមិនឃើញ
លោក តាំង គឹមហេង ដែលស្គាល់ថាជាអតីតចាងហ្វាងផលិតកម្ម KH Promotion នោះ បានព្រលយឲ្យដឹងថា លោកមានបំណងចូលរៀននៅសាកលវិទ្យាល័យឆាប់ៗ សម្រាប់ជីវិតចុងក្រោយរបស់លោក។
បំណងនេះ បានកើតមានក្រោយជីវិតរបស់លោកហាក់បានចាប់ផ្ដើមសារជាថ្មី ក្រោយពីលោកបានជួបរឿងរ៉ាវបែកបាក់គ្រួសារដែលបានរួមរស់ជាមួយគ្នាអស់រយៈពេលប្រមាណ ២៥ឆ្នាំហើយនោះ។ លោក គឹមហេង លើកឡើងជារឿយៗថា ពីពេលនេះទៅ លោកនឹងញញឹមទទួលយកជីវិតថ្មី ហើយនឹងធ្វើរឿងទាំងឡាយដែលខ្លួនពេញចិត្ត មានប្រយោជន៍ដល់ខ្លួនឯង សហគមន៍ រួមទាំងសង្គម។
កិច្ចការទាំងនោះ មានទាំងសកម្មភាពរួមចំណែកផ្សេងៗ ការងារសប្បុរសធម៌ និងការអភិវឌ្ឍន៍ខ្លួនឯងបន្ថែម។ និយាយដល់ការអភិវឌ្ឍន៍ខ្លួនឯងបន្ថែម ចាងហ្វាងផលិតកម្មដែលបានបណ្ដុះតារាចម្រៀងល្បីៗខ្មែរជាច្រើននាក់ បង្ហើបថា លោកគ្រោងនឹងចូលរៀនសាកលវិទ្យាល័យសម្រាប់ជីវិតចុងក្រោយនេះ។
មកទល់បច្ចុប្បន្ន លោក គឹមហេង មានវ័យជាង ៥០ឆ្នាំហើយ ហើយវ័យនេះ លោកដឹងច្បាស់ថា ទំនងមិនបានចំណេះជំនាញពីការវិលចូលសាលាថ្មីនេះ មកប្រើជាប្រយោជន៍បានច្រើននោះទេ ខណៈលោកកាន់តែចាស់ណាស់ទៅហើយ។ ប៉ុន្តែសំខាន់ នេះជាអ្វីដែលលោកចង់ធ្វើ និងជាអ្វីដែលលោកស្រឡាញ់។ លោកលើកឡើងបន្ថែមថា លោកបានរសាត់បាត់ឆ្ងាយពីការរៀនសូត្រប្រមាណ ៣០ឆ្នាំមកហើយ ប៉ុន្តែចិត្តលោកនៅតែស្រឡាញ់ការរៀន ទើបសម្រេចថានឹងចូលរៀនម្ដងទៀត ចាត់ជាការងារកំដរជីវិតចុងក្រោយរបស់លោក ម្យ៉ាងនោះ ជាបំណងរបស់ម្ដាយលោកកាលនៅរស់ផង។
"ពីមុនបងគ្មានពេលរៀន តែឥឡូវបងមិនចង់ទុកពេលមានឱកាសចោលអត់ប្រយោជន៍ ទើបសម្រេចថារៀន...វាប្រហែលមិនបានប្រើបានយូរទេ តែគ្រាន់បានកំដរជីវិត និងបានស្គាល់មនុស្សកាន់តែច្រើន ឬក៏បានចែករំលែកបទពិសោធន៍ខ្លះដល់ក្មេងជំនាន់ក្រោយតិចតួច យ៉ាងណាក៏ប្រហែលជាអស់ជម្រើស លែងចង់ធ្វើអ្នកមានទៀតហើយ!”។ លោក គឹមហេង។
បច្ចុប្បន្នលោក តាំង គឹមហេង បាន និងកំពុងគិតពីការជ្រើសរើសសាលា និងមុខជំនាញ ដោយក្នុងនោះលោកបានកំពុងពិចារណាជំនាញមួយក្នុងចំណោម៤គឺ ភាសាអង់គ្លេស ជំនាញតែងនិពន្ធ គ្រប់គ្រងគម្រោង និងកសិកម្ម។ លោកលើកឡើងថា ប្រសិនបើកខូវីដចប់ពេលណា ក៏ដូចជាសាលាបើកពេលណាលោកនឹងចូលរៀន ហើយនឹងរៀនឲ្យបានចប់ ប្រសិនបើសុខភាពមិនរំខានទេនោះ។
ក្រៅពីគម្រោងរៀនសូត្រម្ដងទៀត លោក គឹមហេង គឺលោកនឹងចូលរួមការងារសប្បុរសធម៌ ក្នុងនោះចុងឆ្នាំនេះ លោកនឹងចុះទៅចែកអំណោយសម្ភារៈសិក្សានៅសាលារៀនមួយកន្លែង ហើយក្រៅពីចំណូលរបស់លោកពីការងារមួយចំនួនដែលលោកបាន និងកំពុងធ្វើ ដូចជាទីប្រឹក្សាផលិតកម្មថ្មីមួយ និងជាបុគ្គលិកផ្នែកកសិកម្មរបស់ស្ថាប័នមួយផង គឺលោកនឹងកាត់មួយចំណែកទុកចែកជូនជនទីទ័លក្រ ហើយនេះជាការងារកំដរជីវិតចុងក្រោយរបស់លោក៕