• 2020-07-14 03:05:03
  • ព័ត៌មាន

ត្រឡប់​មក​ពី​ធ្វើ​បុណ្យ​វិញ រថយន្ត​ទំនើប​របស់​អតីត​អ្នក​ដឹកនាំ​ថត​នៅ ថោន ត្រូវ​ម៉ូតូ​យុវជន​២​នាក់​បុក​ផាំង

  • 2020-07-14 03:05:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ប៊ុន រតនា ហៅ សេម អតីត​អ្នក​ដឹកនាំ​ថត​នៅ​ផលិតកម្ម ថោន បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​ផ្លូវ​ដោយ​រថយន្ត​ទំនើប​របស់​លោក​មួយ​គ្រឿង​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​បើក​បរ​ដោយ​យុវជន​២នាក់ ជិះ​មក​បុក​ធ្វើ​ឲ្យ​ខូច​ខាត​ក្រោយ​ពី​លោក​ទើប​ត្រឡប់​មក​ពី​ធ្វើ​បុណ្យ​នៅ​ស្រុក គីរី​វង្ស ខេត្ត​តាកែវ។

លោក សេម ដែល​បច្ចុប្បន្ន​បាន​ក្លាយ​ជា​ថៅកែ​ហ្គារ៉ាស​ឡាន​មួយ​កន្លែង​នោះ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៦​ល្ងាច​ម្សិលមិញ​នេះ លោក និង​ក្រុម​គ្រួសារ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​២​គ្រឿង មក​ពី​ស្រុក​គីរីវង្ស ខេត្ត​តាកែវ។ ពេល​មក​ដល់​ជិត​អង់​តាសោម រថយន្ត​របស់​លោក​ដែល​បើកបរ​បង​ស្រី​លោក​បាន​ប៉ះ​គ្នា​ជាមួយ​ម៉ូតូ​មួយ​គ្រឿង បើក​បញ្ច្រាស​គ្នា​ដោយ​យុវជន​ពីរ​នាក់​វ័យ18-19ឆ្នាំ។

លោក​ថា ដើម​ហេតុ​ គឺ​ភាគី​ម៉ូតូ​បើក​បញ្ច្រាស ហើយ​ពេល​មក​ដល់​កន្លែង​កើត​ហេតុ ម៉ូតូ​នោះ​ក៏​បាន​បន្ថែម​ល្បឿន​វ៉ា​រថយន្ត Lexus330 ហើយ​វាក់​អឺ គេច​ឆ្លង​ចូល​គង្លង​ផ្លូវ​ម្ខាង ហើយ​ក៏​បាន​ប៉ះ​រថយន្ត​របស់​លោក​ដែល​បើក​បរ​ដោយ​បង​ស្រី។ ក្រោយ​កើត​ហេតុ រថយន្ត​របស់​លោក​ម៉ាក់ ឡិចស៊ីស ២០០តេ របស់​លោក បាន​ខូចខាត​ផ្នែក​ខាង​មុខ រឺ​ឯ​ម៉ូតូ​ខូចខាត​វៀច​កង់​ខាង​មុខ ចំណែក​ឯ​អ្នក​បើក​ម៉ូតូ​របួស​បន្តិច​បន្តួច។

សមត្ថកិច្ច​ចរាចរណ៍​បាន​ចុះ​មក​ធ្វើ​ការ​វាស់វែង និង​បាន​កំណត់​ថា ភាគី​ខាង​ម៉ូតូ​ជា​អ្នក​ខុស ព្រោះ​តែ​ពួក​គេ​បាន វ៉ា​ជែង​មិន​បាន​ប្រុង​ប្រយ័ត្ន​ហើយ​បើក​រំលោភ​ចូល​ផ្លូវ​ម្ខាង​ទៀត ទើប​កើត​ជា​រឿង​ដូច្នេះ។ ទោះ​យ៉ាង​នេះ​ក្ដី ភាគី​ខាង​រថយន្ត​បាន​សម្រេច​ថា មិន​ឲ្យ​យុវជន​ទាំង​ពីរ​នាក់​សង​ឡើយ បើ​ទោះ​ជាក់​ស្ដែង​រថយន្ត​ដែល​រង​ការ​ខូចខាត ត្រូវ​ចំណាយ​ច្រើន​គួរ​សម​លើ​ការ​ជួសជុល​ឡើង​វិញ​ក៏​ដោយ។

លោក ប៊ុន រតនា ហៅ សេម បាន​លើក​ឡើង​ថា លោក​មិន​ឲ្យ​យុវជន​ទាំង​ពីរ​សង​សំណង​ឡើយ ព្រោះ​យល់​ថា ពួក​គេ​នៅ​ក្មេង និង​មិន​មាន​ការងារ​អ្វី​ដុំ​កំភួន​ផង ក្នុង​នោះ​ម្នាក់​នៅ​ជា​សិស្ស ហើយ​ម្នាក់​ជា​អ្នក​ធ្វើ​ការ​នៅ​រោងចក្រ។ ដូច្នេះ​បើ​ទោះ​ជា​លោក​ឲ្យ​ពួក​គេ​ចេញ​ថ្លៃ​សំណង ក៏​ពួក​គេ​ទំនង​មិន​មាន​ដែរ។ ដូច្នេះ​ហើយ លោក​បាន​សម្រេច​ថា មិន​បន្ត​វែង​ឆ្ងាយ គ្រាន់​ស្នើ​ពួក​គេ​កែ​ប្រែ​ឥរិយាបថ​ក្នុង​ការ​បើក​បរ ជៀសវាង​ជួប​រឿង​ដូច្នេះ​ទៀត​នៅ​ពេល​ក្រោយ។

ក្រៅ​ពី​នេះ លោក​នៅ​បាន​ស្នើ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ ពិសេស​យុវវ័យ​ទាំង​អស់ ចូល​រួម​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា ហើយ​ក្នុង​នោះ​ប្រសិន​បើ​ចៃដន្យ​មាន​រឿង​បែប​នេះ គប្បី​ចូល​រួម​ដោះស្រាយ​ដោយ​សន្តិវិធី ដោយ​ជជែក​រក​ខុស​រក​ត្រូវ​ពិត​ប្រាកដ ដើម្បី​ឈាន​ទៅ​សម្រុះ​សម្រួល​គ្នា​ដោយ​ការ​យោគយល់​គ្នា។

កាយវិការ​របស់​អ្នក​ដឹកនាំ​កម្មវិធី​នៅ ថោន ទទួល​បាន​ការ​សាទរ​ជា​ច្រើន​ពី​ប្រិយមិត្ត​លើ​បណ្ដាញ​សង្គម ក្នុង​នោះ​ក៏​គេ​ឃើញ​សាច់​ញាតិ​របស់​អ្នក​បង្ក​បាន​ចូល​មក​ថ្លែង​អំណរគុណ​លោក​ទៀត។ ប៉ុន្តែ​អ្នក​ខ្លះ ក៏​លើក​ឡើង​ថា ការ​លើក​លែង​ដោយ​ងាយ​ស្រួល​ពេក​ដល់​អ្នក​បង្ក អាច​ឲ្យ​ពួក​គេ​មិន​រាង​ចាល ហើយ​អាច​នៅ​តែ​ធ្វើ​ឲ្យ​ថ្លោះធ្លោយ​នៅ​ពេល​ក្រោយ។ បែប​នេះ​ក្ដី លោក សេម បញ្ជាក់​ថា ពួក​គេ​ទាំង​ពីរ​នៅ​ក្មេង មិន​ទាន់​រឹងមាំ ម្យ៉ាង​ពួក​គេ​បាន​ដឹង និង​ទទួល​កំហុស​ហើយ ទើប​សម្រេច​មិន​យក​ទោស​ពៃ​ពួកគេ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម