• 2020-07-15 03:59:29
  • ព័ត៌មាន

បង្ហាញ​ជូន អ្នក​រាំ​របាំ​ព្រះ​រាជ​ទ្រព្យ​ជួរ​មុខរបស់​កម្ពុជា​៥​រូប ល្បី​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម

  • 2020-07-15 03:59:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​ល្បី​ល្បាញ​ខាង​របាំ ទាំង​របាំ​ផ្នែក​បុរាណ​ និង​ប្រពៃណី ពិភព​លោក​បាន​ឱ្យ​តម្លៃ​ប្រទេស​កម្ពុជា​ថា​ ជា​ជង្រុក​នៃ​វប្បធម៌​ដ៏​ល្អ​អស្ចារ្យ។ ថ្ងៃនេះ Sabay សូម​ណែនាំ​តួ​របាំ៥រូប ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម ដែល​បាន​ចូល​រួម​លើក​តម្កើង​វប្បធម៌​ជាតិ តាំង​តែ​ពី​កុមារ​ភាព ជូន​លោក​អ្នក​បាន​ស្គាល់។

១.អ្នក​ស្រី ហ៊ុន សឿន ចូល​សិល្បៈ​ផ្នែក​របាំ​ព្រះ​រាជទ្រព្យ​ក្នុង​អំឡុង​ឆ្នាំ ១៩៥០ តាំង​ពី​អាយុ៨ឆ្នាំ បច្ចុប្បន្ន​អ្នក​ស្រី​មាន​វ័យ៧៤ឆ្នាំ។ តាំង​ពី​នៅ​វ័យ​កុមារ អ្នក​ស្រី​បាន​សម្ដែង​ក្នុង​កម្ម​វិធី​ថ្នាក់​ជាតិ​ធំ​ៗ​ជា​ច្រើន មិន​តែ​ប៉ុណ្ណោះ​ខ្នាត​អន្តរជាតិ​សម្ដែង​ក្រៅ​ប្រទេស ក៏​សម្ដែង​មិន​តិច​ដង​ដែរ។ អ្នក​ស្រី​បាន​ដង្ហែ​អង្គ​ព្រះ​មហាក្សត្រិយានី​ទៅ​សម្ដែង​នៅ​ប្រទេស​ចិន​ក្នុង​អំឡុង ​ឆ្នាំ១៩៧៣។ បន្ទាប់​ពី​ចេញ​ទៅ​ប្រទេស​បារាំង​ក្នុង​ឆ្នាំ​១៩៧៦ អ្នក​ស្រី​បាន​បង្កើត​ក្រុម​របាំ​មួយ​នៅ​ប្រទេស​បារាំង​ដើម្បី​បង្ហាត់​កូន​ខ្មែរ​នៅ​ទី​នោះ។

អ្នកស្រី ហ៊ុន សឿន រាប់​ពី​ស្ដាំទី២

២.លោក ព្រឿង ឈាង ចូល​សិល្បៈ​តាំង​ពី​ឆ្នាំ១៩៥៧ ពេលអាយុ៨ឆ្នាំ ដោយ​មាន​ជីដូន​ជា​គ្រូ​បង្ហាត់​របាំ​នៅ​ក្នុង​ព្រះ​រាជ​វាំង​ស្រាប់​ ដូច្នេះមាន​ពេល​ច្រើន​ក្នុង​ការ​ហាត់​របាំ។ លោក​បាន​សម្ដែង​របាំ​ព្រះ​រាជ​ទ្រព្យ​ក្នុង​កម្ម​វិធី​ធំ​ៗ​ជា​ច្រើន ទាំង​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស។ សិល្បករ​រូប​នេះ​គឺ​ជា​តួអង្គ ជាលី ដំបូង​គេ​បង្អស់​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម ក្នុង​ស្នាដៃ​រឿង "មហាវេស្សន្ដរជាតក" និង​ដើរ​តួ​ព្រះ​វេស្សន្ដរ ក្នុង​រឿង​ដដែល​នេះ​សម្ដែង​ក្នុង​ឆ្នាំ២០១៧។ សិល្បករ​វ័យ​៦៧ឆ្នាំ​រូប​នេះ​មាន​ទេពកោសល្យ​ខ្ពស់​ផ្នែក​សិល្បៈ ទាំង​ផ្នែក​របាំ សម្ដែង និង​ដឹក​នាំ​រឿង។

លោក ព្រឿង ឈាង

៣.អ្នក​ស្រី ប៉ែន សុខជា ចូល​រៀន​សិល្បៈ​តាំង​ពី​អាយុ៧ឆ្នាំ ពោល​ក្នុង​អំឡុង​ឆ្នាំ ១៩៦០ បច្ចុប្បន្ន​អ្នក​ស្រី​មាន​វ័យ​៦៧ឆ្នាំ។ ជា​អតីត​គ្រូ​បង្ហាត់​របាំ​បុរាណ​ អ្នក​ស្រី​បាន​ធ្វើ​ការ​ងារ​ច្រើន​ដើម្បី​បង្ហាត់​របាំ​ដល់​ក្មេង​ជំនាន់​ក្រោយ។ ស្នាដៃ​សិល្បៈ អ្នក​ស្រី​បាន​សម្ដែង​ក្នុង​កម្ម​វិធី​ទទួល​គណៈ​ប្រតិភូ​ជាតិ​ និង​អន្តរជាតិ និង​ថ្នាក់​ដឹក​នាំ​កំពូល​ៗ​ជា​ច្រើន​លើក។ អតីត​ប្រធាន​ការិយាល័យ​ទស្សនីយភាព​ផ្នែក​របាំ​បុរាណ​រូប​នេះ មាន​​បទ​ពិសោធន៍​សម្ដែង​របាំ​បុរាណ​តាំង​ពី​វ័យ​កុមារ​មក​ម្ល៉េះ ដោយ​ទទួល​ការ​បណ្ដុះ​បណ្ដាល​ពី​ក្នុង​ព្រះបរមរាជវាំង។ និយាយ​ពី​ការ​ចេញ​ទៅ​សម្ដែង​ក្រៅ​ប្រទេស​វិញ អ្នក​ស្រី​ទៅ​សម្ដែង​ប្រមាណ​ជិត​៥០ប្រទេស ទាំង​អាស៊ី​និង​អឺរ៉ុប។

អ្នកស្រី ប៉ែន សុខជា រាប់ពីស្ដាំទី១

៤.អ្នក​ស្រី ហ៊ុល ភឿនណារី ជា​គ្រូ​បង្ហាត់​របាំ​បុរាណ​ខ្មែរ បច្ចុប្បន្ន​មាន​វ័យ​៦៣ឆ្នាំ ចូល​សិល្បៈ​តាំង​ពី​អាយុ៨ឆ្នាំ។ ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម អ្នក​ស្រី​ច្រើន​សម្ដែង​ក្នុង​ព្រះ​បរម​រាជ​រាំង​ ទទួល​គណៈប្រតិភូ​ជាតិ​ និង​អន្តរជាតិ​ធំ​ៗ។ មក​ដល់​បច្ចុប្បន្ន​អ្នក​ស្រី​ជា​គ្រូ​បង្ហាត់​របាំ​នៅនាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព។ បទ​ពិសោធន៍​សម្ដែង​ក្រៅ​ប្រទេស​វិញ​ អ្នក​ស្រី​បាន​ទៅ​សម្ដែង​មិន​តិច​ជាង​១៥ប្រទេស ហើយ​ក្នុង​១ប្រទេស យ៉ាង​ហោច​ណាស់​៣ដង។

អ្នកស្រី ហ៊ុល ភឿនណារី

៥.អ្នក​ស្រី សុទ្ធ សុមាលី ដោយ​មាន​ជីដូន​ជា​គ្រូ​បង្ហាត់​របាំ​នៅ​ក្នុង​ព្រះរាជវាំង​ស្រាប់​ អ្នក​ស្រី​មាន​ឱ្យ​កាស​ហាត់​រៀន​របាំ​បាន​ច្រើន ដោយ​ចូល​រៀន​តាំង​ពី​អាយុ៥ឆ្នាំ ក្នុង​អំឡុង​ឆ្នាំ១៩៦០ជាង បច្ចុប្បន្ន​មាន​វ័យ​៥៧ឆ្នាំ។ អ្នក​ស្រី​មាន​ស្នាដៃ​បង្កើត​របាំ​ថ្មី​ៗ​ជា​ច្រើន ជា​ពិសេស​អ្នក​ស្រី​ជា​អ្នក​ផ្ដួច​ផ្ដើម​បង្កើត​ស្នាដៃ​រឿង "មហាវេស្សន្ដរជាតក” ក្នុង​ឆ្នាំ​២០១៧នេះ ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ត្រចះត្រចង់។ គ្រូ​បង្ហាត់​របាំ​រូប​នេះ បាន​សម្ដែង​របាំ​ទទួល​គណៈប្រតិភូ​ជាតិ​និង​អន្តរជាតិ និង​បាន​ចេញ​សម្ដែង​ក្រៅ​ប្រទេស​ជា​ច្រើន​ផង​ដែរ។

អ្នកស្រី សុទ្ធ សុមាលី

តួ​របាំ​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ​សុទ្ធ​សិង​តែ​ជា​គ្រូ​របាំ ដែល​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ចេញ​ពី​ក្នុង​ព្រះបរមរាជវាំង​ទាំង​អស់ ព្រម​ទាំង​មាន​បទពិសោធន៍​សម្ដែង​របាំ​តាំង​ពី​វ័យ​កុមារ។ តួ​ទាំង​អស់​សុទ្ធ​តែ​មាន​វត្តមាន​សម្ដែង​ក្នុង​ស្នាដៃ​រឿង "មហាវេស្សន្ដរជាតក" ក្នុង​ឆ្នាំ២០១៧​នេះ។

អត្ថបទ៖ សាគុណ

មតិយោបល់