• 2020-07-30 02:08:32
  • ព័ត៌មាន

​សកម្មភាពអ្នកគាំទ្រ​ជ្រុលនិយម​រុញតារា K-Pop ឲ្យ​ធ្លាក់ក្នុង​សភាពគ្រោះថ្នាក់

  • 2020-07-30 02:08:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រផ្ដូរផ្ដាច់​ជា​ច្រើន​ ​ផ្ដល់​ក្ដី​ស្រឡាញ់​ដល់ពួកគេ​ វាជារឿង​ធម្មតា​ ប៉ុន្តែ​ក៏នៅ​មាន​ប្រភេទ​អ្នក​គាំទ្រ​ខ្លះ​ទៀត ដែល​គេ​ហៅថា​ Sasaeng Fans ​ហ៊ាន​ធ្វើ​រឿង​ជ្រុល​ហួសហេតុ​បំភ័យ​ដល់​តារា​ដែលពួកគេ​ស្រឡាញ់ យូរៗទៅ​មិន​មែន​ជា​ការ​គាំទ្រ​ទេ វាទៅជា​រឿង​គំរាមកំហែង​ ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ទៅ​វិញ។

សូម​មក​ដឹង​បទ​ពិសោធន៍​គ្រោះ​ថ្នាក់​ដែល​តារា​ K-Pop ជួប​ប្រទះត្រួសៗ​ទាំង​ ១២៖

១. Taeyeon (ក្រុម Girls' Generation)

អំឡុង​ឆ្នាំ ២០១១ ក្នុង​កម្មវិធី​ Angel Price Music Festival បុរស​ម្នាក់​បាន​រត់​ឡើង​ឆាក​ អំឡុង​ពេល​ Girls Generation កំពុង​តែ​សម្ដែង​ ដោយ​បាន​ចាប់​ Taeyeon អូសដៃទាញទៅ​ក្រោយ​ឆាក។ ពេល​នោះ​ Sunny បាន​ឃើញ​ភ្លាម ក៏​ដេញ​តាមជួយជាមួយ​នឹង​ពិធីករ​កម្មវិធី ក៏ដូចជា​ក្រុមការងារ​ផ្សេងៗទៀត។ វា​ហាក់​ដូចជា​ស្ដែង​ស្រស់ៗពេក​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ផ្សេង​ទៀត​មាន​ការ​ខឹង​សម្បារ​ជា​ខ្លាំង​ និង​ស្នើឲ្យ​មាន​ការការពារ​ឲ្យ​បាន​ល្អ​ជាង​នេះ​នៅពេល​ក្រោយ។

២. EXO

នៅពេល​មួយ​ ពេល​សមាជិក​ EXO ​ប្រគំតន្ត្រី​នៅ​ប្រទេស​ចិន អ្នក​គាំទ្រ​នារីៗ​មួយចំនួន​ហ៊ាន​កោរ​សក់​ចេញ​ ដើម្បី​បន្លំ​ខ្លួន​ជា​ប្រុស និង​ដើរ​តាម​សមាជិក​ក្រុម ទៅ​ដល់​បន្ទប់​ទឹក។ អ្វី​ដែល​គួរ​ឲ្យ​ហួស​ចិត្ត​ពួកគេ​ថែម​ទាំង​បាន​លួច​ថត​រូប​ EXO ក្នុង​បន្ទប់ទៀត។

៣. BTS

អ្នកគាំទ្រ​ជ្រុលរបស់​ BTS ក៏ធ្វើ​ឲ្យ​សមាជិក​ក្រុម​ភ័យ​ច្រើន​ដង​ដែរ។ ជួនកាល​ Fans ទាំង​នោះ​ព្យាយាម​ចាប់ និង​ទាញ​ BTS ដើម្បី​អាច​ថតរូបម្ដងៗ។ បើ​ V វិញ​ លោក​ធ្លាប់​ត្រូវ​ Sasaeng Fans រត់​ដេញ​តាមពេល​ថត​កម្មវិធី​មួយស្ដែងៗ។ និយាយដល់​ពេល​ជិះ​យន្តហោះវិញ ពួកគេ​ក៏​ហ៊ាន​ទាំង​កក់សំបុត្រ​ឲ្យបានជិះរួមជាមួយ​សមាជិក​ដែរ។ ក្រៅពី​នោះ​ ព័ត៌មាន​ផ្ទាល់​ខ្លួន​ដូចជា លេខទូរសព្ទ អាសយដ្ឋាន Schedule ការងារ អ្វី​ផ្សេងទៀត​ក៏ត្រូវ​បែក​ធ្លាយ​ដោយស្នាដៃ Fans ទាំង​នោះដែរ។

សកម្មភាព​ទាំង​នេះ​ត្រូវ Big Hit ប្រកាសលើ​គេហទំព័រ​ផ្លូវការ​ និង​សូម​ឲ្យ​បញ្ឈប់​ទង្វើ​ដែល​បំភ័យ​ និង​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់ BTS តទៀត។

៤. Jackson (ក្រុម GOT7)

មាន​ពេល​មួយ​នោះ​រថយន្ត​ដែល​ Jackson ជិះ​ ត្រូវ​បាន​ឡាន​មួយ​ទៀត​ដេញ​តាម​ពីក្រោយ​ ដែល​គេ​ដឹង​ថា​ជា​ឡាន​របស់​ Sasaeng Fans។ ដេញ​តាម​រេ​ពេញ​ផ្លូវ​ពេក​ ក៏​បង្ក​ឲ្យ​កើត​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍ បណ្ដាល​ឲ្យ​ Jakcson រងការ​ឈឺចាប់​ដែរពេលនោះ ហើយ​ផលិតកម្ម JYP ក៏​បាន​ចេញ​ពាក្យ​ប្ដឹង​អ្នក​បង្ក​ហេតុ​ទាំង​នោះ​ឲ្យ​ទទួល​ទោស​តាមផ្លូវច្បាប់។

៥. Nayeon (ក្រុម TWICE)

ករណី​ Nayeon ជាមួយ​នឹង​ Sasaeng Fans តែង​នៅ​ជា​ប្រធានបទ​ក្ដៅ​គគុក។ ឧទាហរណ៍​មាន​អ្នក​គាំទ្រ​ម្នាក់ឈ្មោះ​ Josh បាន​ហោះ​ពី​ប្រទេស​អាល្លឺម៉ង់​ មក​កូរ៉េ​ខាងត្បូង ដើម្បី​ជួប​តារា​ក្នុង​ដួង​ចិត្តគឺ Nayeon នេះ​ឯង។

ទំហំ​នៃ​ការ​គាំទ្រ​របស់​លោក​ពិត​ជា​ធំ​ខ្លាំង​ហួសថ្លែង​ រហូត​ដើរ​សួរជនជាតិ​កូរ៉េ​ថា​ស្គាល់ Nayeon ឬក៏អត់? ហើយ​ថែម​ទាំង​ទៅ​ដល់​ផលិតកម្ម​ JYP និង​សួរគេ​ថា​ Nayeon នៅ​ក្នុង​នោះឬ​អត់ទៀត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ លោក​ថែម​ទាំង​បាន​បង្ហោះ​ Status ដោយសរសេរ​ថា​ «កំពុង​ធ្វើ​ឲ្យ​អ្នក​ដែល​មិន​ស្រឡាញ់លោកវិញ​ឈឺចាប់» ព្រម​ទាំង​ទម្លាយ​លេខ Chaeyoung ទៀត​ ដោយ​សង្ឃឹម​ថា​វិធី​នេះ​អាច​ធ្វើ​ឲ្យ​សមាជិក​​TWICE ជួយលោកឲ្យ​ជួប Nayeon។ សកម្មភាព​បែប​នេះ​ពិត​ជា​លើស​ ព្រោះ​ប៉ះពាល់​ដល់​ជីវិត​ឯកជន​របស់​តារា​ ហើយពេល​នេះ​សមាជិក​ TWICE ទាំង​អស់​កំពុង​ស្ថិត​ក្រោម​ការ​ការពារ​សុវត្ថិភាព។

៦. Hangeng (អតីតសមាជិក​ក្រុម Super Junior)

លោក​ក៏ជា​ជន​រងគ្រោះ​ដែល​ធ្លាប់​ជួប​រឿង​ហួស​ស្មាន​ជាមួយ​នឹង​អ្នក​គាំទ្រ​ជ្រុល​និយម​ទាំងនោះដែរ។ មាន​ម្ដង​នោះ លោកបាន​ទទួល​ប្រអប់នំ​មួយ​ពី​ក្រុមការងារ ដែល​បាន​មកពីអ្នក​គាំទ្រម្នាក់។ ពេល​បើក​ប្រអប់ភ្លាម​ស្រាប់​តែ​មាន​ការ​ភ្ញាក់​ផ្អើល​ ព្រោះ​ថា​មិន​មែន​ជា​នំ​ទាំង​មូល​ទេ បានន័យ​ថា​នៅ​មាន​បង្កប់​កាំបិត និង​ឈាម ១ថង់ ព្រម​ទាំង​រូបថត​របស់​ Hangeng ដែល​ត្រូវ​ចាក់ធ្លុះធ្លាយទៀត។ បន្ទាប់​មក​នំ​នោះ​ ក៏​ត្រូវ​បាន​គេ​យក​ទៅ​ពិនិត្យ​ លទ្ធផល​រក​ឃើញ​ថា​មាន​សារធាតុពុល​ខាងក្នុង ប៉ុន្តែ​សំណាង​ខ្លាំង​ដែលពេល​នោះ​មិន​មាន​អ្នកណា​ញ៉ាំ។

៧. Yunho (ក្រុម​ TVXQ)

កាលពី​ឆ្នាំ ២០០៦​ Yunho បាន​ទៅ​ហាង​កាហ្វេ​មួយ​កន្លែង​ និង​បាន​ទទួល​ទឹក​ក្រូច​មួយ​កែវពី​បុគ្គលិក​ម្នាក់។ ជាអកុសល ម្នាក់​នោះ​មិន​មែន​ជាបុគ្គលិក​ពិត​ប្រាកដ​របស់​ហាង​នោះទេ តាមពិត​ជា​អ្នកគាំទ្រ​ដែល​មាន​គំនិត​មិនល្អ​ចំពោះ​លោក។ ដោយសារ​តែ​លោក​បាន​ញ៉ាំ​ទឹក​ក្រូច​នោះ​ ទើប​សារធាតុពុល​ចូល​ខ្លួន​ ជាហេតុ​​លោក​ត្រូវគេបញ្ជូនទៅពេទ្យ​ភ្លាមៗ និង​ត្រូវ​សម្រាក​ ២-៣ថ្ងៃ​ ដើម្បី​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​វិញ។ ប៉ុន្តែ​សរសើរ​ទឹក​ចិត្ត​ Yunho ព្រោះ​ថា​ពេល​នោះ​លោក​បាន​បញ្ចប់​ ដោយ​លើក​លែង​ទោស​ឲ្យ​មនុស្ស​គំនិត​មិន​ល្អ​ម្នាក់​នោះ ដោយ​ថែម​ទាំង​និយាយ​ថា​នាង​នៅក្មេង​មិនគួរ​មក​ត្រូវជាប់​គុកនោះទេ។

៨. Changmin (ក្រុម​ TVXQ)

ច្រើន​ដង​ណាស់ TVXQ ត្រូវ​អ្នក​គាំទ្រ​គំនិត​មិន​ល្អ​ដេញ​តាម​ជាប់ស្អិត​ដូច​តុកកែ តាម​ឡាន​តាក់ស៊ី ដើម្បី​យាយី​ក្រុម។ ដូច​១ ដង​នោះ​ ដោយសារ​ហត់​ចិត្ត​ និង​ពិបាក​ពេក​ Changmin ក៏ចេញ​ពី​ឡាន​​ស្ដី​ឲ្យ​អ្នក​គាំទ្រម្នាក់​ដែល​ជិះ​ឡាន​ដេញ​តាម ប៉ុន្តែ​នាង​ក៏​បាន​ទាញ​កញ្ចក់​ឡាន​បិទ រហូត​គៀប​ដៃ Changmin ទៀត ប៉ុន្តែ​ជា​សំណាង​មិន​មាន​របួស​ធំដុំទេ។

៩. Jaejoong (ក្រុម​ JYJ)

មាន​ពេល​មួយ​នោះ​ Jaejoong បាន​ចូល​សម្រាក​ក្នុង​បន្ទប់​សោណាប្រុសៗ ប៉ុន្តែ​នៅ​តែ​មាន​ Fan ម្នាក់​នោះ​តាម​លោកជាប់ ថែម​ទាំង​ហ៊ាន​ចូល​ក្នុង​កន្លែងនោះពីក្រោយទៀត។ ពេល​ Jaejoong ដេក​លក់មួយ​ភាំង នាង​ក៏​បាន​លួច​ថត​រូប​ និង​ថើប​លោក​ពេល​កំពុងដេក​ទៀត។ ទង្វើ​នេះ​ ពិត​ជា​ខុសខ្លាំង​ ដែល​មក​បំពាន​ជីវិត​ឯកជន​របស់​អ្នកណា​ម្នាក់។​

១០. Yoon Eun Hye

កាលនៅ​ចេញ​មុខ​ជា​តារា​ K-Pop និង​ជា​សមាជិក​ក្រុម Baby V.O.X នាង​ក៏ធ្លាប់​ត្រូវ​អ្នក​គាំទ្រ​ធ្វើ​បាប​ដែរ។ ប្រជាប្រិយភាព​ក្រុម​នេះ​មាន​សន្ទុះ​ខ្លាំង​ណាស់​កាល​ចេញ​មុខដំបូង​ ប៉ុន្តែ​ក៏​នៅ​មាន​អ្នក​គិត​មិនល្អ​ដាក់​ដែរ។ ជាក់ស្ដែង​ដូច​ Eun Hye ពេល​ឡើង​សម្ដែង​ នាង​ត្រូវ​អ្នក​គាំទ្រ​ម្នាក់​បាញ់​ទឹកចូល​ភ្នែក។ ទឹក​នោះ​មិន​មែន​ទឹក​ធម្មតាទេ ព្រោះ​មាន​តាំងពី​ទឹក​ស៊ីអ៊ីវ ម្ទេស និង​ទឹក​ខ្មេះ។ មាន​ការ​សន្និដ្ឋានថា​ បំណង​ Fan ម្នាក់​នោះ​គឺ​ចង់​ឲ្យ​នាង​ខ្វាក់​ភ្នែក ប៉ុន្តែ​សំណាង​ល្អ​នាង​របួស​ស្រាល​ប៉ុណ្ណោះ ហើយ​ពេល​ឡើង​សម្ដែង ក្រោយ​ហេតុការណ៍​នោះ​ នាង​ត្រូវ​ពាក់​បង់​បិទភ្នែក។ អ្វី​ដែល​សំខាន់​នាង​ក៏​មិន​បាន​ប្រកាន់​ទោសអ្វី​ចំពោះ​អ្នក​បង្ក​ហេតុ​នោះដែរ ដោយសារ​របួស​នាង​ក៏មិន​ធ្ងន់​ខ្លាំង​ណាស់​ណា​ដែរ។

១១. G-Dragon (ក្រុម BIGBANG)

រយៈពេល​ជាង​ ១០​ឆ្នាំ​ហើយ​ដែល​ Sasaeng Fans តាម​ជាប់​ GD ពេល​លោកទៅណា​ម្ដងៗ សូម្បី​ពេល​លោកជិះ​យន្តហោះក៏​មាន​អ្នក​លួច​ថត​រូប​ពេល​លោក​ដេកដែរ។ អ្នកគាំទ្រ​ទាំង​នោះ​ព្យាយាម​កក់​សំបុត្រ​យន្តហោះ​ ឲ្យ​បាន​រួម​ជើង​ហោះ​ហើរ​ជាមួយ​លោក ហើយអាចតាមដាន​សកម្មភាព​ឯកជន​របស់​លោកបាន។

១២. Jiyeon (ក្រុម T-ARA)

Sasaeng Fans នឹង​ធ្វើអ្វី​គ្រប់យ៉ាង​ដើម្បី​ឲ្យ​ Idol ពួកគេ​ចាប់អារម្មណ៍។ ដូច​ Fan ម្នាក់​នោះ​បាន​ឈោង​ចាប់​ទាញ​សក់របស់ Jiyeon ពេល​នាង​រៀបចូល​ឡាននៅព្រលានយន្តហោះ។

ហេតុផល​ដែល​នាំឲ្យធ្វើ​ទង្វើ​បែប​នេះ​ត្រូវ​បាន​ទម្លាយ​ ពេល​មាន​អ្នកសួរ​ពួកគេ ដោយចម្លើយគឺ ពួកគេ​ចង់​ន្សល់​ការចងចាំ​សម្រាប់​ Idol ទាំង​នោះ មិន​ថា​ល្អ ឬ​អាក្រក់ទេ៕

ប្រភព៖ Koreaboo | kpopmap ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់