• 2020-07-30 03:14:28
  • ព័ត៌មាន

តាម​ស្ដាប់ តារា​ម៉ូដែល ចាន់ ភារម្យ ទំនង​ចង់​បន្ថែម​អាជីព​មួយ​នេះ​ខ្លាំង

  • 2020-07-30 03:14:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល ចាន់ ភារម្យ ហាក់​ទទួល​រង​ភាព​ស្ងប់ស្ងាត់​ការងារ​សិល្បៈ​របស់​នាង ចាប់​តាំង​ពី​ការ​មក​ដល់​នៃ​ជំងឺខូវីដ ១៩ ជា​ហេតុ​ធ្វើ​ប្រាក់ចំណូល​ជួប​បញ្ហា​ខ្លះ​ៗ ប៉ុន្តែ​មិន​ជា​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ ដោយ​សារ​នាង​ក៏​បាន​កម្រៃ​ពី​ប្រភព​មួយ​ផ្សេង​ក្រៅ​ពី​សិល្បៈ តែ​យ៉ាង​ណា​សិល្បៈ​នៅ​តែ​ជា​ជម្រើស​ទី​១ ហើយ​នាង​ចង់​ពង្រីក​អាជីព​នេះ​កាន់​តែ​ខ្លាំង​លើ​ជំនាញ​មួយ​បន្ថែម​ទៀត។

ភារម្យ បង្ហើប​ថា នាង​ចង់​ហក់​មក​ប្រឡូក​ក្នុង​សិល្បៈ​សម្ដែង​ឲ្យ​កាន់​តែ​ខ្លាំង ព្រោះ​ថា ជំនាញ​ដើរ​ម៉ូដ​តែ​ម្យ៉ាង​មិន​គ្រប់​គ្រាន់​សម្រាប់​សេដ្ឋកិច្ច និង​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​ឡើង​ខ្ពស់​ជាង​នេះ​បាន។ យ៉ាង​ណា អ្វី​ជា​ឧបសគ្គ​នោះ គឺ​ថា​មិន​សូវ​ជា​មាន​ផលិតកម្ម ឬ​អ្នក​ដឹកនាំ​រឿង​ណា​មួយ​ទាក់​ទង​នាង​សោះ។ "ខ្ញុំ​មិន​ដឹង​ម៉េច​ដែរ គេ​អត់​សូវ​ហៅ ម្យ៉ាង​ដោយសារ​ខ្ញុំ មិនសូវ​ស្គាល់​ជាមួយ​បង​ៗ​អ្នក​ដឹកនាំ​រឿង​ផង​ក៏​មិន​ដឹង ទើប​មិន​ពួក​គាត់​មិន​សូវ​ស្គាល់!”។

ថ្លែង​បែប​នេះ មិន​មែន​មាន​ន័យ​ថា តារា​ម៉ូដែល​ខ្ពស់​ស្រឡះ ចាន់ ភារម្យ មិន​ធ្លាប់​មាន​បទ​ពិសោធន៍​នោះ​ទេ ពោល​គឺ​នាង​ក៏​ធ្លាប់​ចូល​រួម​សម្ដែង​ក្នុង​រឿង​មួយ​ចំនួន​ដែរ​ដូច​ជា "វិញ្ញាណ​ចាំ​ផ្ទះ​សំណាក់" និង​រឿង "Single Mom” ជា​ដើម។ យ៉ាង​ណា ចាប់​តាំង​ពី​ចប់​ការ​សម្ដែង​ក្នុង​រឿង​ទាំង​ប៉ុន្មាន​ពី​អតីតកាល​នោះ គឺ​ការងារ​សម្ដែង​របស់​នាង​មិន​សូវ​កាក់​កប​ឡើយ ដោយ​ភាគ​ច្រើន​គឺ​តែ​ការងារ​ម៉ូដែល។

ប៉ុន្តែ​យ៉ាង​ណា ដូច​បញ្ជាក់​ពី​ខាង​លើ ស្រី​ស្រស់​កម្ពស់ ១,៧១ ម៉ែត្រ​រូប​នេះ ទទួល​ថា ការងារ ក៏​ដូច​ជា​អាជីព​ជា​តារា​ម៉ូដែល នៅ​មាន​ទីផ្សារ​តូច​បើ​ធៀប​នឹង​អាជីព​ផ្សេង​ទៀត​ក្នុង​សិល្បៈ។ ដូច្នេះ​ហើយ នាង​គ្រោង​នឹង​ពង្រីក​ទីផ្សារ​ការងារ​របស់​នាង​ទៅ​រក​អាជីព​នេះ​បន្ថែម​ទៀត។ ភារម្យ ថា ទី​១​ដើម្បី​ពង្រីក​ទីផ្សារ និង​ទី​២​គឺ​ក្នុង​គោល​បំណង​ដុះ​ខាត់​សមត្ថភាព​សិល្បៈ​របស់​ខ្លួន​បន្ថែម​ទៀត ព្រោះ​ថា ជា​អ្នក​សិល្បៈ​មួយ​រូប គួរ​មាន​ជំនាញ​ច្រើន កាន់​តែ​ល្អ។

កញ្ញា ចាន់ ភារម្យ មាន​វ័យ ២៦​ឆ្នាំ ជា​តារា​ម៉ូដែល​ស្រី​ពេញ​និយម​មួយ​រូប ក្នុង​នោះ​នាង​បាន​ចូល​ប្រឡូក​សិល្បៈ​កាល​ពី​ឆ្នាំ ២០១៣ តាម​រយៈ​ការ​ប្រឡង​ម៉ូដែល​មួយ​នៅ​ប៉ុស្តិ៍​លេខ​៣។ ក្នុង​អាជីព​ជា​តារា​ម៉ូដែល​ជាង ៦ឆ្នាំ​មក​នេះ នាង​ត្រូវ​បាន​ទាក់​ទាញ​ជាមួយ​រូបរាង​ខ្ពស់​ស្រឡះ(១,៧១ម៉ែត្រ) ផ្សំ​នឹង​ដើម​ទ្រូង​មូល​ក្បំ​ល្អ។ យ៉ាង​ណា នាង​ថា កន្លង​មក​នាង​ត្រូវ​ប៉ាន់​តែ​ការងារ​ម៉ូដែល និង​ស្ប៉ត​ពាណិជ្ជកម្ម​ខ្លះ​ៗ។

ដោយ​ឡែក ការងារ​សម្ដែង ហាក់​មិន​សូវ​រីក​ចម្រើន ពោល​គឺ​មិន​សូវ​មាន​គេ​ហៅ​ថត ដែល​បញ្ហា​នេះ ភារម្យ បញ្ជាក់​ថា ទំនង​មក​ពី​ផលិតករ ក៏​ដូច​ជា​អ្នក​ដឹកនាំ​រឿង មិន​ដឹង​ថា នាង​ក៏​អាច​សម្ដែង​បាន។ ដូច្នេះ​ហើយ ចាប់​ពី​ពេល​នេះ នាង​បញ្ជាក់​ថា នាង​ត្រៀម​ខ្លួន​សម្រាប់​ការងារ​សម្ដែង​ទាំង​ឡាយ ហើយ​កាន់​តែ​រីករាយ ល្គឹក​ណា មាន​ការ​ហៅ​ឲ្យ​ចូល​ថត​សម្ដែង​នៅ​ក្នុង​ការងារ​សម្ដែង​ណា​មួយ​នា​ពេល​ខាង​មុខ៕​

រូបភាព៖ ហ្វេសប៊ុក ភារម្យ

អត្ថបទ៖ ទារិកា

មតិយោបល់