• 2020-10-21 03:11:15
  • ព័ត៌មាន

អីយ៉ា!​ សាយ រត់​ឆ្លងកាត់​ខេត្ត​ជាប់​មាត់​សមុទ្រ ទទួល​បាន​អារម្មណ៍​ប្លែក ហើយ​មាន​ស្រី​ស្អាត​នាំ​ដើរលេង​ទៀត

  • 2020-10-21 03:11:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​បី​ថ្ងៃ​ជាប់​ៗ​គ្នា នៃ​ការ​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ ទើប​បាន​ឆ្លងកាត់​ខេត្ត​ជាប់​មាត់​សមុទ្រ​ចំនួន​បី គឺ​ខេត្ត​កែប កំពត និង​ខេត្ត​ព្រះសីហនុ។ លោក អ៊ួន បឋម ហៅ​សាយ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ទាំង​បី​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ហើយ​ក្នុង​គ្រាហ៍​នោះ​សាយ​​ ក៏ទទួល​បាន​ការ​រាក់ទាក់​ពី​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់ទៀតផង។

នៅ​ក្នុង​វីដេអូឃ្លីប​រយៈ​ពេល​ជាង​៩​នាទី ដែល​បង្ហោះ​ដោយ​សាយ​តាម​បណ្ដាញ​សង្គម​ម្សិលមិញ គេ​ឃើញ​វត្តមាន​លោក​​ និង​ក្រុម​ការងារ នៅ​លើ​ឡាន​ជាមួយ​នារី​រូប​ស្រស់​សោភា​ម្នាក់​ដែល​ជា​សមាជិក នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កែប។ ឆ្លៀត​ពេល​ពី​ការ​រត់​ដើម្បី​មនុស្ស​ធម៌​ឆ្លង​កាត់​ខេត្ត​កែប​ សាយ ត្រូវ​បាន​នារី​រូប​ស្រស់​បាន​នាំ​ដើរ​ឲ្យ​ស្គាល់​កោះ និង​តំបន់​ទេសចរណ៍​សំខាន់​ៗ​ជា​ច្រើន​ក្នុង​ខេត្ត​ដោយ​ភាព​រួសរាយ​រាក់ទាក់។

២​ថ្ងៃ​បន្ទាប់​មក សាយ និងក្រុមការងារ​ បានលានារីរូបស្រស់នោះ ហើយបាន​រត់​ឆ្លងកាត់​ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ ដោយ​មាន​អាជ្ញាធរ​ខេត្ត​ទាំងពីរទទួល​ស្វាគមន៍ ព្រម​ទាំង​បាន​ជួយ​បំផុស​នូវ​សកម្មភាព​មនុស្ស​ធម៌​នេះទៀតផង។

កាលពី​ថ្ងៃ​ទី១៩ ខែ​តុលា ឯកឧត្ដម​ គួច ចំរើន ក្នុងនាមរដ្ឋបាល​​ខេត្ត​ព្រះសីហនុ បាន​អនុញ្ញាត​ឲ្យ​សាយ និង​ក្រុម​ការងារ​ចូល​ជួប​សម្ដែង​ការ​គួរសម និង​បាន​ជួយ​កៀរគរ​សប្បុរសជន​ក្នុង​ខេត្ត ឲ្យ​បរិច្ចាគ​ដល់​សកម្មភាព​មនុស្ស​ធម៌​នេះ​ទៀត​ផង ដែល​ទទួល​បាន​ប្រាក់​រៀល​ចំនួន​១២​លាន​រៀល និង​ដុល្លារ​ចំនួន២៨០០​ដុល្លារ។

ថ្ងៃ​នេះ សាយ រត់ចេញ​ពី​ទឹកដី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឆ្ពោះ​ទៅ​កាន់​ខេត្ត​កោះកុង​បន្ត​ទៀត។ បច្ចុប្បន្ន សាយ ទទួល​រង​នូវ​បញ្ហា​សុខភាព​យ៉ាង​ដំណំ ក្រោយ​ពី​រត់​ក្រោម​កម្ដៅ​ថ្ងៃ និង​ទឹក​ភ្លៀងឆ្លងកាត់ជាប់ខេត្ដមាត់សមុទ្រទាំងនេះ។

សូមរំលឹកថា ខេត្ដ/ក្រុង​ដែល​លោក​ត្រូវ​រត់​ឆ្លងកាត់​ទាំង​២២ រួម​មាន៖ ភ្នំពេញ កណ្ដាល កំពង់​ស្ពឺ តាកែវ កំពត កែប ព្រះសីហនុ កោះកុង ពោធិ៍សាត់ បាត់​ដំបង ប៉ៃលិន បន្ទាយ​មានជ័យ សៀមរាប ព្រះវិហារ រតនគិរី ស្ទឹងត្រែង មណ្ឌល​គិរី ក្រចេះ ត្បូង​ឃ្មុំ កំពង់​ចាម ស្វាយ​រៀង និង​ខេត្ត​ព្រៃវែង។

ចំពោះ​សប្បុរសជន ដែលចង់បរិច្ចាគ​ជាទឹកប្រាក់ អាច​បរិច្ចាគ​បានតាម​គណនី​ធនាគារ ​ABA : 000 320 555 (Angkor Hospital for Children Limited) ឬ Wing : 52714 (AHC Patient Contributions)។ សម្រាប់​ព័ត៌មាន​លម្អិត​ក្នុង​ការ​ចូល​រួម​ ក៏ដូចជាតាមដាន​ចំនួនទឹកប្រាក់ដែលបាន​បរិច្ចាគ សូម​ចូល​ទៅ​កាន់​គេហទំព័រ saicambodianartist.com/ ។ ក្រៅពីគេហទំព័រ​នេះ ប្រិយមិត្ត​អាច​តាមដាន​រាល់សកម្មភាពរបស់សាយអំឡុង​ពេលរត់ តាមរយៈ​ទំព័រហ្វេសប៊ុក​របស់ Sai, Channel YouTube របស់សាយ, ទំព័រហ្វេសប៊ុក​របស់ Sabay ក៏ដូចជាគេហទំព័រ Sabay។

សម្រាប់​ព័ត៌មាន​លម្អិត​ក្នុង​ការ​ចូល​រួម​ ក៏ដូចជាតាមដាន​ចំនួនទឹកប្រាក់ដែលបាន​បរិច្ចាគ សូម​ចូល​ទៅ​កាន់​គេហទំព័រ saicambodianartist.com/ ។ ក្រៅពីគេហទំព័រ​នេះ ប្រិយមិត្ត​អាច​តាមដាន​រាល់​សកម្មភាព​របស់​សាយ​អំឡុង​ពេល​រត់ តាមរយៈ​ទំព័រ​ហ្វេសប៊ុក​របស់ Sai, Channel YouTube របស់​សាយ, ទំព័រហ្វេសប៊ុក​របស់ Sabay ក៏ដូចជាគេហទំព័រ Sabay៕​

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម