• 2020-10-21 08:01:13
  • ព័ត៌មាន

តារា​ស្រី​៤​ដួង​ដែល​មាន​កូន​មុន​ចូល​រោងការ កំពុង​ព្យាយាម​បង្ហាញ​វត្តមាន​កូន​ៗ​ក្នុង​ឆ្នាំ​២០២០​ នេះ

  • 2020-10-21 08:01:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រួស​ៗ ចាប់​ចុង​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២០ នេះ មាន​តារា​ស្រី​ច្រើន​នាក់​ដែរ​ដែល​គេ​ជឿ​ថា បាន​រួមរស់​ជាមួយ​មិត្ត​ប្រុស មុន​ពេល​រៀបការ។ ប៉ុន្តែ​តារា​ខ្លះ​មិន​បាន​សម្រេច​ចិត្ត​យក​កូន និង​ព្យាយាម​លាក់​ពី​ទំនាក់​ទំនង​ស៊ីជម្រៅ​របស់​ពួកគេ​នោះ រហូត​ភ្លយ​មាន​កូន​ទើប​ចេញ​មុខ​បក​ស្រាយ​ចំពោះ​មុខ​អ្នក​គាំទ្រ។

ថ្ងៃ​នេះ Sabay សូម​លើក​យក​តារា​ដែល​ធ្លាប់​មាន​ប្រជា​ប្រិយភាព​ចំនួន​៤​ដួង មក​បង្ហាញ​ជូន​ប្រិយមិត្ដ​ពី​ស្ថានភាព​មាន​កូន​មុន​រៀបការ ហើយ​ពួកគេ​បាន​ព្យាយាម​បង្ហាញ​វត្ដមាន​កូនៗ​ទីស្រឡាញ់​របស់​ពួកគេ​ដល់​អ្នក​គាំទ្រ​ក្នុង​ឆ្នាំ​២០២០ នេះ៖

១/ អតីត​តារា​ចម្រៀង​ល្បី​ឈ្មោះ​ប្រចាំ​នៅ​ផលិតកម្ម​រស្មីហង្ស មាស អ្នក​នាង ពេជ្រ សូលីកា សម្រាល​បាន​កូន​ប្រុស​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់ កាល​ពី​ថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ​២០២០ ដែល​ជា​តំណក់​ឈាម​រួម​គ្នា​រវាង​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី គឺ​លោក គឹម ហាន។

អ្នក​ទាំង​ពីរ​មិន​ទាន់​បាន​ក្រាប​ក្បាល​ដល់​កន្ទេល​នៅ​ចំពោះ​មុខ​ចាស់ទុំ​ក្នុង​ថ្ងៃ​រៀបអាពាហ៍ពិពាហ៍​តាម​ប្រពៃណី​ខ្មែរ​នៅ​ឡើយ​ទេ ប៉ុន្តែ ពេជ្រ សូលីកា បាន​ភ្ជាប់​ពាក្យ​ជាមួយ​លោក គឹម ហ៊ាន ដែល​ជា​អតីត​សង្សារ​របស់​ថៃ នារីសុជាតា យ៉ាង​ចម្រូងចម្រាស​កាល​ពី​ចុង​ខែ​តុលា ឆ្នាំ​២០១៩ កន្លង​ទៅ។

២/តារា​សម្ដែង ឌុច លីដា បាន​បាត់​មុខ​មួយ​រយៈ​ធំ​ពី​វិស័យ​សិល្បៈ គឺ​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៩។ ស្រាប់​តែ​នៅ​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២០ ឌុច លីដា បាន​បង្ហាញ​មុខ​ជាមួយ​នឹង​កូន​តូច​ម្នាក់​ឈ្មោះ កេត្យា​មណី ដោយ​នាង​អះអាង​ថា កូន​នោះ​គឺ​ជា​កូន​បង្កើត​របស់​នាង ទាំង​ដែល​គេឯង​មិន​ធ្លាប់​លឺ​ពី​ដំណឹង​រៀបការ​សោះ​នោះ។

តារា​សម្ដែង​រូប​នេះ ធ្លាប់​បញ្ជាក់​ថា រូប​នាង និង​ស្វាមី ព្រមទាំង​កូន កំពុង​រួមរស់​យ៉ាង​មាន​សេចក្ដី​សុខ​ជាមួយ​គ្នា ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​នាង​នៅ​តែ​លាក់​មុខ​បុរស​ដែល​ជា​ឪពុក​របស់​ក្មេង​នោះ​ដដែល ដោយ​នាង​លើក​ហេតុផល​ថា មិន​ទាន់​ដល់​ពេល ឬ​ពុំ​មាន​ហេតុផល​ចាំបាច់​ណា​មួយ​ដែល​ត្រូវ​បញ្ចេញ។

៣/តារា​សម្ដែង​ស្រី ផាន់ ផាត់ណា សម្រាល​បាន​កូន​ប្រុស​ម្នាក់​កាល​ពី​អំឡុង​ខែ​តុលា ឆ្នាំ​២០១៩ ហើយ​ដំណឹង​មាន​កូន​នេះ​ទើប​តែ​គេឯង​បាន​ដឹង​គ្រប់​គ្នា​នៅ​ឆ្នាំ​២០២០ នេះ ក្រោយ​ពី​នាង​បាន​ធ្វើ​ពិធី​ខួប​កំណើត​ជូន​កូន​ប្រុស​គម្រប់​អាយុ​១​ឆ្នាំ កាល​ពី​ថ្ងៃទី៨ ខែ​តុលា ដោយ​មិន​បាន​បង្ហាញ​វត្តមាន​ឪពុក​របស់​ក្មេង​ឡើយ។

តារា​សម្ដែង​ស្រី​រូប​នេះ ធ្លាប់​អះអាង​ថា នាង​មិន​បោះបង់​ចោល​ប្រពៃណី​ខ្មែរ​ឡើយ ដោយ​នាង​សន្យា​ថា នឹង​បង្ហាញ​មុខ​ស្វាមី និង​រៀបចំ​ពិធី​មង្គល​ការ​មួយ​ជាមួយ​បុរស​ដែល​ជា​អ្នក​ជំនួញ​ម្នាក់​នៅ​ពេល​ដែល​កូន​របស់​នាង​មាន​អាយុ​៥​ឆ្នាំ។

៤/ តារា​សម្ដែង ឌី សូនិត្ដា កំពុង​តែ​ពពោះ​គ្រប់​ខែ ដោយ​រង់ចាំ​តែ​ថ្ងៃ​សម្រាល​នៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០២០ នេះ​ហើយ។ កូន​ក្នុង​ផ្ទៃ គឺ​ជា​តំណក់​ឈាម​រវាង​នាង និង​តារា​សម្ដែង​លោក អេឡិច ហ្សូរ៉ា។

ពួកគេ ទើប​តែ​ទម្លាយ​អាថ៌កំបាំង​នេះ នៅ​ថ្ងៃ​ម្សិលមិញ បង្ក​ឲ្យ​ការ​ភ្ញាក់ផ្អើល​ដល់​មហាជន ជា​ពិសេស​អ្នក​គាំទ្រ​ពួកគេ​ពី​រូបភាព​មាន​ផ្ទៃ​ពោះ​នេះ ព្រោះ​ថា​ពួកគេ​ទាំង​ពីរ​មិន​ដែល​មាន​ដំណឹង​រៀបការ​ជាមួយ​គ្នា​សោះ ស្រាប់​តែ​មាន​ផ្ទៃ​ពោះ​ទៅ​ហើយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់