• 2020-11-05 02:54:14
  • ព័ត៌មាន

ឪពុក Song Joongki និយាយថាការលែងលះរបស់កូនៗ ជាកំហុសលោក​ និង​កូនប្រុស

  • 2020-11-05 02:54:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុក​របស់​ Song Joong Ki គឺ​លោក Song Yong Gak បានបង្ហាញ​សារ​មួយទៅកាន់​មិត្តភ័ក្ដិរបស់​ខ្លួន​ខ្ទង់​ ៨​ថ្ងៃ​ ក្រោយ​ដំណឹង​ចែក​ផ្លូវ​រវាង​អតីត​ប្ដី​ប្រពន្ធ​ Song Joong Ki និង​ Song Hye Kyo បែក​ធ្លាយ។

ក្នុង​សារ​នោះ​ លោក​បាន​សុំ​ទោស​ និង​សោកស្ដាយ​ជាខ្លាំង​ចំពោះ​ការ​បែក​បាក់​នេះ​ ហើយ​ក៏​បាន​បន្ទោស​ខ្លួន​ឯង​ និង​កូន​ប្រុស​នូវ​រាល​់គ្រប់​យ៉ាង​ដែល​បាន​កើត​ឡើង។

«ខ្ញុំ​សោកស្ដាយ​ណាស់​ចំពោះ​ព័ត៌មាន​អាក្រក់ដែល​បាន​កើត​ឡើង​ភ្លាមៗ​នេះ​វា​ហាក់​ដូចជា​អ្វី​គ្រប់​យ៉ាង​កើត​ឡើង​ ដោយសារ​តែ​ Joong Ki និង​ខ្ញុំ​ខ្វះ​ការ​គិត​វែង​ឆ្ងាយ។ យើង​នឹង​ចាត់ចែង​ដោះស្រាយ​បញ្ចប់​ដោយ​សន្តិវិធី។ សូម​ផ្ដល់​នូវការ​លើក​ទឹក​ចិត្ត​ និង​ណែនាំ​បន្ថែម​ ក៏ដូចជា​មើលថែ​ យោគយល់​ ដល់​ពួកយើង​ផង។ សូមមាន​សុខភាព​ល្អ​ និង​រីករាយ»។ នេះ​ជា​អ្វី​ដែល​លោក​ Song Yong Gak សរសេរ​ក្នុង​សារ។

លោក​ឪពុក​រូប​នេះ​ គឺ​ជា​អ្នក​ដែល​បាន​គាំទ្រ​ និង​ផ្ដល់​ក្ដី​ស្រឡាញ់​ចំពោះ​ Song Hye Kyo។​លោក​ថែម​ទាំង​ធ្លាប់​ផ្ញើសារ​ទៅ​កាន់​មិត្តភ័ក្តិ​ ដើម្បី​ឲ្យ​មើល​រឿង​ «Encounter» របស់​ Hye Kyo ទៀត។

រម្លឹក​ទៅ​ពេល​កើត​រឿង​ភ្លាមៗ លោក Song ពិត​ជា​មិនបាន​ដឹង​ទាល់តែ​សោះ​ពី​ការ​ឈាន​ទៅ​រក​ការ​បែក​បាក់​រវាងកូនៗ​ទាំង​ ២ រហូត​ព័ត៌មាន​ចេញផ្សាយ​ ទើប​លោក​ភ្ញាក់ផ្អើល ប៉ុន្តែ​នៅ​តែ​មាន​បណ្ដាញ​ផ្សព្វផ្សាយ​ខ្លះ​លើក​ឡើង​ថា​ការពិត​លោក​ដឹង​តាំង​ពីយូរ​មក​ហើយ។ ប្រភព​ទាំង​នោះ​បង្ហើប​ថា​ លោក​ Song បាន​ចេញ​ទៅ​ផឹក​នៅ​ក្រៅ​ជាមួយ​មិត្តភក្តិ មុន​ព័ត៌មាន​លែងលះ​ចេញផ្សាយ ហើយ​ក៏​ឲ្យដឹង​ដែរ​ថា​លោក​មិន​និយាយ​អ្វី​ច្រើន​ទេ​ពេល​នោះ​ ហើយ​ថែម​ទាំង​ផឹក​ច្រើន​ឆ្ងាយជាង​រាល់ដង​ ហើយ​ទង្វើប្លែកៗខុសធម្មតាទៀត៕​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់