• 2020-11-11 07:20:39
  • ព័ត៌មាន

តារា​ចម្រៀង​ស្រី​ស្អាត ដា សុម៉ាវត្តី ហក់​ចូល​ប្រឡូក​ក្នុង​ភាពយន្ត​ហើយ!

  • 2020-11-11 07:20:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​អាជីព​សិល្បៈ​ចម្រៀង កំពុង​តែ​លូត​លាស់​បណ្ដើរ​ៗ ឥឡូវ​នេះ មាន​ដំណឹង​ថា តារា​ចម្រៀង​ស្រី​ស្អាត ដា សុម៉ាវត្តី បាន​ហក់​ចូល​ប្រឡូក​ក្នុង​ខ្សែ​ភាពយន្ត ដែល​ជា​អាជីព​ថ្មី​មួយ​បន្ថែម​ទៀត។

តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន បាន​ឲ្យ​ដឹង​ថា នាង​បាន​ចូល​រួម​សម្ដែង​ភាពយន្ត​មួយ​រឿង​ដែល​ទើប​បាន​ថត​ចប់​ថ្មី​ៗ​ហើយ នោះ​គឺ​ជា​ការ​ចាត់​ចែង​របស់​ផលិតកម្ម Town ចាប់​តាំង​ពី​ផលិតកម្ម​នេះ បាន​ដំណើរ​ការ​ផលិត​ខ្សែភាពយន្ត​ជា​ថ្មី​ម្ដង​ទៀត។

ខ្សែភាពយន្ត​ដែល​ជា​ស្នាដៃ​ដំបូង​របស់ ស្រី​ស្អាត​វ័យ ២០​ឆ្នាំ​រូប​នេះ​មាន​ចំណង​ជើង​ថា "ព្រហ្មលិខិត​ដុះ​ស្លាប" ផលិត​ដោយ​ផលិតកម្ម​ថោន ដែល​ជា​ទ្រនំ​របស់​នាង​សព្វ​ថ្ងៃ។ វត្តី បញ្ជាក់​ថា នេះ​គឺ​ជា​ការ​បោះជំហាន​មួយ​បន្ថែម​ទៀត ដែល​នាង​រំពឹង​ថា នឹង​ជួយ​យឹតយោង​ប្រជាប្រិយភាព​របស់​នាង ក៏​ដូច​ជា​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​ចំពោះ​អាជីព​ចម្រៀង រួម​ទាំង​អាជីព​សិល្បៈ​របស់​នាង​ផង។

នៅ​ក្នុង​ខ្សែ​ភាពយន្ត​ខាង​លើ ដា សុម៉ាវត្តី គឺ​ជា​តួអង្គ​សំខាន់​មួយ​រូប ហើយ​សាច់​រឿង​តម្រូវ​ឲ្យ​នាង​ចាប់​ដៃគូ​សម្ដែង​ជាមួយ​លោក សៅ ឧត្តម ដែល​ជា​តារា​ចម្រៀង​រួម​ទ្រនំ​ថោន​ជាមួយ​នាង។ "រឿង​ហ្នឹង មាន​តួ​ច្រើន​បង តែ​ក្នុង​នោះ​តួអង្គ​សំខាន់​មាន​២គូ គឺ​មាន បាន មុន្នីល័ក្ខ ជាមួយ ម៉ៅ អាជី ហើយ​មួយ​គូ​ទៀត គឺ​មាន​ខ្ញុំ​ជាមួយ សៅ ឧត្តម ហើយ​អត់​មាន​នរណា​តួឯក​ទេ គឺ​តួ​សំខាន់​ទាំង​អស់​គ្នា!”។

នេះ គឺ​ជា​លើក​ទី​១​សម្រាប់​ការ​សម្ដែង​ភាពយន្ត​របស់​ប្អូន​ស្រី​របស់​លោក ដា ធនវឌ្ឍន៍ អតីត​ប្រុស​ស្អាត​លេខ​១ កម្មវិធី​ហ្វ្រេសស៊ី ហើយ​ក៏​ជា​លើក​ទី​១ ដែល​បាន​ចាប់​ដៃគូ​សម្ដែង​ក្នុង​ភាពយន្ត​ជាមួយ​តារា​ប្រុស​មក​ពី​ខេត្ត​ស្វាយរឿង សៅ ឧត្តម ដែរ។ ប៉ុន្តែ​ជា​លើក​ទី​២ ដែល​ពួក​គេ​បាន​ចាប់​ដៃ​គ្នា​នៅ​ក្នុង​សិល្បៈ។ សុម៉ាវត្តី បញ្ជាក់​ថា ផលិតកម្ម ថោន របស់​នាង ក៏​ទើប​នឹង​បាន​ចាប់​ផ្គូ​នាង និង ឧត្តម ក្នុង​បទ​ចម្រៀង​មួយ​បទ​រួច​មក​ហើយ​ដែរ។

ម្ចាស់​បទ "សង្សារ​មិត្ត​ឯង" លើក​ឡើង​ថា នេះ​ជា​ការ​បទ​ពិសោធន៍​លើក​ទី​១ ដូច្នេះ​មិន​ដឹង​ថា ល្អ​គ្រប់​គ្រាន់​សម្រាប់​ប្រិយមិត្ត​ឬ​អត់​នោះ​ទេ។ ដូច្នេះ​សុំ​ការ​លើក​លែង​ផង ប្រសិន​បើ​ការ​សម្ដែង​នៅ​កន្លែង​ណា​មួយ​មិន​ទាន់​ល្អ​ប្រសើរ។

រូបភាព៖ ហ្វេសប៊ុក សុម៉ាវត្តី

នេះ​ជា​ភាពយន្ត​ថ្មី​របស់ ថោន បន្ទាប់​បាន​ខកខាន​ផលិត​រឿង​ជា​ច្រើន​ឆ្នាំ។ តាម​ការ​បញ្ជាក់​របស់​តារា​ស្រី រឿង​នេះ បាន​ថត​ចប់​រួច​រាល់​ហើយ នៅ​ឡើយ​តែ​ការ​កាត់​ត​សម្រួល​ផ្នែក​បច្ចេកទេស​ប៉ុណ្ណោះ។ ត្បិត​ថា នាង​មិន​ដឹង​ថា រឿង​នេះ​បញ្ចាំង​នៅ​ពេល​ណា​ឲ្យ​ប្រាកដ តែ​នាង​យល់​ថា ទំនង​មិន​ជា​យូរ​ទេ ខ្សែ​ភាពយន្ត​ដែល​ជា​ស្នាដៃ​ដំបូង​របស់​នាង នឹង​ដាក់​បញ្ចាំង​ក្នុង​ពេល​មិន​យូរ​ខាង​មុខ​នេះ៕

អត្ថបទ៖ ទារិកា

មតិយោបល់