• 2020-11-16 03:33:34
  • ព័ត៌មាន

ធ្លាយ​ហើយ! ដំណឹង​រៀបអាពាហ៍ពិពាហ៍​របស់ ពេជ្រ សោភា ជាមួយ​នឹង​ ឆឹម សក្កដា

  • 2020-11-16 03:33:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ជា​តារា​ចម្រៀង​របស់​ផលិតកម្ម​ថោន លោក ឆឹម សក្កដា បាន​បង្ហើប​ពី​គម្រោង​រៀបការ​ជាមួយ​តារា​ចម្រៀង​ល្បី​ឈ្មោះ​ម្នាក់​នៅ​ហង្ស មាសហើយ គឺ​អ្នកនាង ពេជ្រ សោភា ក្រោយ​ពី​អ្នក​គាំទ្រ​របស់​តារា​ទាំង​ពីរ​ដួង​នេះ ឃើញ​ពួកគេ​បង្កើត​ភាព​ស្និទ្ធស្នាល​នឹងគ្នាជា​ច្រើន​ឆ្នាំ​ហើយ តែ​មិន​ទាន់​ដឹង​ថា​ចូល​រោងការ​នៅ​ពេល​ណា។

លោក ឆឹម សក្កដា បាន​ប្រាប់ Sabay ថា រូប​លោក និង​សោភា​បាន​យល់​ចិត្តថ្លើម​គ្នា​ស្ទើរ​៩៩% ហើយ។ ចំពោះ​ថ្ងៃ​​ និង​ខែ​ចូល​រោងការ​ជាក់លាក់ នឹង​ត្រូវ​ជ្រើសរើស​ជា​ថ្មី​នៅ​ក្នុង​ឆ្នាំ​២០២២។ លោក​បញ្ជាក់​ថា លោក​មាន​លទ្ធភាព​រៀបចំ​ពិធី​មង្គលការ​ពេល​ណា​ក៏​បាន ប៉ុន្តែ​នៅ​មាន​រឿង​ខ្លះ​ទៀត​ដែល​ត្រូវ​បំពេញ​មុន​ចូល​រោងការ ហើយ​រឿងទាំង​នោះ​ មាន​តែ​លោក និង​សោភា ប៉ុណ្ណោះ​ដែល​ដឹង​ច្បាស់ ហើយ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​បង្កើត​សុភមង្គល​គ្រួសារ។

លោក ឆឹម សក្កដា៖"រាល់​ថ្ងៃ​ពួក​យើង​អត់​មាន​អី​ដែល​ត្រូវ​ប្រែប្រួល​ផង ក្ដី​ស្រឡាញ់​​ពួក​យើង​មិន​មាន​ដាក់​លក្ខខណ្ឌ​ឲ្យ​គ្នា​ទេ អីចឹង​យើង​នឹង​ផ្ដល់​ចម្លើយ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ថ្ងៃ​ហ្នឹង ហើយ​ការ​រៀបការ​ក៏​កើត​ឡើង​ពេល​ហ្នឹង​ដែរ"។

ចំពោះ​ជីវិត​អាពាហ៍ពិពាហ៍ ឬ​ការ​រស់នៅ​ក្នុង​ភាព​ជា​ប្ដី-ប្រពន្ធ មិនមែន​ជា​រឿង​ថ្មីចែស​ទេ សម្រាប់​គូរ​ស្នេហ៍​តារា​១គូរ​នេះ។ ពោល​គឺ​លោក ឆឹម សក្កដា ធ្លាប់​ជួប​រួម​រស់​ជាមួយ​នារី​ក្រៅ​សិល្បៈ​ម្នាក់​រួច​ហើយ​កាល​ពី​៦​ឆ្នាំ​មុន ប៉ុន្តែ​រូប​លោក និង​គូរ​ស្នេហ៍​បាន​ចែក​ផ្លូវ​គ្នា​ទៅ​វិញ ព្រោះ​តែ​នារី​ម្នាក់​នោះ​ហួងហែង​លោក​ពេក ហើយ​មិន​ចង់​ឲ្យ​លោក​ប្រឡូក​ក្នុង​សិល្បៈ។ រីឯ ពេជ្រ សោភា វិញ​ក៏​ធ្លាប់​បាន​រៀបការ​ម្ដង​ហើយ​ដែរ តែ​បន្តិច​ក្រោយ​មក​ក៏​បែក​គ្នា​ទៅ​វិញ។

បច្ចុប្បន្ន​លោក ឆឹម សក្កដា និង​ពេជ្រ សោភា មាន​វ័យ​៣៥​ឆ្នាំ​ដំណាល​គ្នា ហើយ​អ្នក​ទាំង​ពី​រមាន​ទំនាក់ទំនង​ស្នេហាក្រៅ​ឆាក​យ៉ាង​ស្និទ្ធស្នាល​អស់​រយៈ​ពេល​ជាង​៤​ឆ្នាំ​ហើយ។ ប៉ុន្តែ​ពួកគេបាន​សម្រេច​ចិត្ត​មិន​រស់នៅ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ​ដូច​តារា​មួយ​ចំនួន​នៅ​មុន​ពេល​រៀបមង្គលការ ឬ​ក្រាប​ផ្ទឹម​នៅ​ចំពោះ​មុខ​ចាស់​ទុំ​នោះ​ឡើយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម