• 2020-11-23 04:53:13
  • ព័ត៌មាន

ដា សោម៉ាវត្តី ចូល​ថោន បាន​១​ឆ្នាំ​គត់ ដឹង​ថា​នាង​ចេញ​បាន​ប៉ុន្មាន​បទ និង​មាន​សមិទ្ធផល​អ្វី​ខ្លះ​ទេ?

  • 2020-11-23 04:53:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​សម្រស់​ស្រស់​ស្អាត ដា សុម៉ាវត្តី ទើប​បាន​ឈាន​ដល់​ខួប​១​ឆ្នាំ​កាល​ពី​ពេល​ថ្មី​ៗ សម្រាប់​ការ​ចូល​រួម​ជាមួយ​ផលិតកម្ម ថោន ក្នុង​នាម​ជា​តារា​ចម្រៀង​អាជីព​លើក​ដំបូង​បំផុត។ ក្នុង​វេលា​នេះ តារា​ស្រី​សម្រេច​បាន​សមិទ្ធផល​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់។

ក្នុង​អំឡុង​ពេល​១​ឆ្នាំ​នេះ គេ​បាន​មើល​ឃើញ​ច្បាស់​ថា សុម៉ាវត្តី បាន​វិវត្ត​ខ្លួន​ពី​សាមញ្ញជន​ម្នាក់​មក​ជា​តារា​ចម្រៀង​អាជីព​មួយ​រូប​ដែល​បាន និង​កំពុង​បោះជំហាន​ទៅ​មុខ។ បន្ថែម​ពី​លើ​នេះ តាម​របាយការណ៍ តារា​ស្រី​វ័យ ២០​ឆ្នាំ បាន​វិវត្ត​ខ្លួន​ពី​តារា​ចម្រៀង មក​ជា​តារា​សម្ដែង​ភាពយន្ត​បន្ថែម​ទៀត ទាំង​គ្មាន​នរណា​ស្មាន​ដល់។

និយាយ​ពី​បទ​ចម្រៀង គិត​ត្រឹម​ពេល​នេះ បើ​តាម​របាយការណ៍ ដា សុម៉ាវត្តី បាន​ចេញ​បទ​ចម្រៀង​ភាគ​ច្រើន​ត្រូវ​ចិត្ត​យុវវ័យ​ចំនួន ៣០​បទ​គត់។ ក្នុង​ចំណោម​នេះ មាន​ប្រភេទ​បទ​មនោសញ្ចេតនា​ត្រូវ​ចិត្ត​យុវវ័យ និង​បទ​ចង្វាក់​ប្រជាប្រិយ​សម្រាប់​រាំ​លេង​កម្សាន្ត ឬ​សម្រាប់​ចូល​រួម​អបអរ​ពិធី​បុណ្យ​ប្រពៃណី​ធំ​ៗ​ដូច​ជា ចូល​ឆ្នាំ ភ្ជុំបិណ្ឌ​ជា​ដើម។ បទ​ទី​១​របស់ សោម៉ាវត្តី ក្នុង​ផលិតកម្ម​ថោន គឺ​បទ "មនុស្ស​ខ្លះ" ចេញ​ពី​ខែ​មករា ២០១៩។

បទ​ដំបូង​នេះ ស្ថិត​ក្នុង​ចំណោម​បទ​ពេញ​និយម​បំផុត​មួយ​របស់ វត្តី ក្រៅ​ពី​នេះ​មាន​បទ "ស្រឡាញ់​ខ្ញុំ​មែន" "ចុង​ក្រោយ​មិន​មែន​ខ្ញុំ" ជា​ដើម​សុទ្ធ​ជា​បទ​ពេញនិយម។ ដោយ​ឡែក​បទ​ចុងក្រោយ​របស់​តារា​ចម្រៀង​វ័យ​ក្មេង​ចេញ​ក្នុង​ផលិតកម្ម ថោន គិត​ត្រឹម​ពេល​នេះ គឺ​បទ "សង្សារ​មិត្ត​ឯង" ដែល​ទើប​ចេញ​កាល​ពី​ពាក់​កណ្ដាល​ខែ​នេះ​ប៉ុណ្ណោះ និង​បាន និង​កំពុង​ទទួល​បាន​ការ​ពេញ​និយម។

ក្រៅ​ពី​អាជីព​ចម្រៀង ដា សុម៉ាវត្តី ក៏​ជា​តារា​សម្ដែង​មួយ​រូប​ដែរ ដោយ​នាង​ទើប​នឹង​បាន​ចូល​រួម​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​មួយ​រឿង​ថ្មី​ៗ។ រឿង​នោះ​មាន​ចំណង​ជើង​ថា "ព្រហ្ម​លិខិត​ដុះស្លាប" ទើប​ថត​ចប់​ៗ​ថ្មី ដោយ​រង់ចាំ​តែ​ថ្ងៃ​ដាក់​បញ្ចាំង​ជូន​ប្រិយមិត្ត​បាន​ទស្សនា​ប៉ុណ្ណោះ។ រឿង​នេះ គឺ សុម៉ាវត្តី សម្ដែង​ចាប់​ដៃគូ​ជាមួយ​តារា​ចម្រៀង​រួម​ទ្រនំ សៅ ឧត្តម ហើយ​នេះ​ជា​បទ​ពិសោធន៍​សម្ដែង​ភាពយន្ត​លើក​ទី​១​បំផុត​របស់​នាង។

តារា​ស្រី​រំពឹង​ថា ក្រោយ​រឿង​នេះ ដាក់​បញ្ចាំង​ជូន​ប្រិយមិត្ត​បាន​ទស្សនា កេរ្តិ៍​ឈ្មោះ​របស់​នាង នឹង​កាន់​តែ​ហក់​ឡើង​មួយ​កម្រិត​ទៀត។ យ៉ាង​ណា​ក៏​ដោយ ម្ចាស់​បទ "សង្សារ​មិត្ត​ឯង" លើក​ឡើង​ថា នេះ​ជា​ការ​បទ​ពិសោធន៍​លើក​ទី​១ ដូច្នេះ​មិន​ដឹង​ថា ល្អ​គ្រប់​គ្រាន់​សម្រាប់​ប្រិយមិត្ត​ឬ​អត់​នោះ​ទេ។ ដូច្នេះ​សុំ​ការ​លើក​លែង​ផង ប្រសិន​បើ​ការ​សម្ដែង​នៅ​កន្លែង​ណា​មួយ​មិន​ទាន់​ល្អ​ប្រសើរ៕

អត្ថបទ៖ ទារិកា

មតិយោបល់