• 2020-12-07 06:36:03
  • ព័ត៌មាន

ចេញ​រូបភាព​ស្រី​ស្អាត ឡុង ថាវរី ដើរ​លេង​ជាមួយ ព្រាប សុវត្ថិ នៅ​ក្នុង​ព្រៃ​មណ្ឌល​គីរី

  • 2020-12-07 06:36:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ប៉ុន្មាន​សន្លឹក​លេចចេញ​នៅ​លើ​គណនីហ្វេសប៊ុក​តារា​ស្រី ឡុង ថាវរី នៅ​ព្រឹក​នេះ គេ​​ឃើញ​តារា​ស្រី និង​កំពូលតារា​ចម្រៀង​បណ្ដើរ​គ្នា​ត្រសង​នៅ​ក្នុង​ព្រៃ​មួយ​នៃ​ខេត្ត​មណ្ឌល​គីរី។

រូបភាព​កម្រប៉ុន្មាន​សន្លឹក​នេះ តារា​ស្រី​ត្រូវ​ បាន​បង្ហោះ​ដោយ​ភ្ជាប់​ជាមួយ​សារ​ខ្លី​ថា "មក​យក​ខ្យល់​ធម្មជាតិ​បែប​ព្រៃ​ភ្នំ ជៀស​ផុត​ពី​កូរ៉ូណា"។ តម្រុយ​នេះ បាន​នាំ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍ ត្បិត​ថា ឡុង ថាវរី មិន​សូវ​អើ​ពើ​នឹង​ការងារ​សិល្បៈ​យូរ​មកហើយ។

ដូច្នេះ​ហើយ ក្រោយ​ពី​បាន​ឃើញ​រូបភាព​ទាំង​នេះ គេ​បាន​ប៉ាន់​ប្រមាណ​ថា នេះ ប្រាកដ​​ជា​សកម្មភាព​ថត​អ្វី​មួយ​របស់​តារា​ស្រី ប្រុស​មួយ​គូ​នេះ​ហើយ។ ចំពោះ​បញ្ហា​នេះ សាមី​ខ្លួន​ខាង​ស្រី បាន​ឆ្លើយ​ប្រាប់​ថា ការ​ពិត​នោះ គឺ​ជា​ការ​សិល្បៈ​ថ្មី​របស់​នាង​ជាមួយ​លោក ព្រាប សុវត្ថិ។ “ចាស​បង​ខ្ញុំ​​ថត MV ជាមួយ​គាត់​បទ "ពេល​ណា​ជួប​គេ​ម្ដង​ទៀត" ហើយ​ជា​លើក​ដំបូង​ខ្ញុំ​ថត​ជាមួយ​បង​សុវត្ថិ”។

ក្រុម​ការងារ​បទ​នេះ​បាន​ចុះ​ទៅ​ថត​នៅ​ខេត្ត​ភាគ​ឥសាន្ត​មួយ​នេះ​រយៈ​ពេល ៣​ថ្ងៃ​មក​ហើយ ដោយ​បាន​ចុះ​ទៅ​តំបន់​ឆ្ងាយ​ៗ​របស់​ខេត្ត​ដែល​មាន​ទេសភាព​ប្រណិត​ដិត​ដាម​ទាក់​ភ្នែក។ តាម​កញ្ញា ឡុង ថាវរី ប្រាប់​ថា នាង និង​លោក ព្រាប សុវត្ថិ នឹង​បន្ត​ថត​នៅ​ថ្ងៃ​នេះ ទើប​បញ្ចប់​ការងារ​ទាំង​ស្រុង។នេះ​ជា​ការងារ​ថ្មី​មួយ​របស់​តារា​ស្រី​សាច់​ស​ខ្ចី បន្ទាប់​ពី​បាន​បាត់​មុខ​ជា​​យូរ​ដោយ​សារ​ជាប់​ដៃ​ជាមួយ​មុខ​ជំនួញ​ចង​ការប្រាក់។

យ៉ាង​ណា​នាង​ត្រឡប់​មក​លើក​នេះ ក្រោយ​ពី​មាន​ការ​ទាក់​ទង​ពី​ក្រុម​ការងារ​ផលិតកម្ម Galaxy Navatra ផ្សំ​នឹង​បាន​ចូល​រួម​សម្ដែង​ជាមួយ​លោក ព្រាប សុវត្ថិ ថែម​ទៀត។ ថាវរី ថ្លែង​ថា "និយាយ​ទៅ​ខ្ញុំ​ស្រឡាញ់​គាត់ ចូល​ចិត្ត​គាត់ ហើយ​ចង់​ថត​ជាមួយ​គាត់​យូរ​ហើយ អីចឹង​ហើយ​ក៏​សម្រេច​ថា​ថត​ហ្មង​ទៅ!”។

ជាង​នេះ​ទៀត​សោត នាង​ក៏​ចូល​ចិត្ត​បទ​មនោសញ្ចេតនា​របស់​លោក ព្រាប សុវត្ថិ នេះ​ថែម​ទៀត ទើប​នាង​ឆ្លៀត​ពី​ការ​រកស៊ី​មក​ថត​ម្ដង​ទៀត ផ្សំ​នឹង​ការងារ​នេះ​មិន​ជា​ស៊ី​ពេល​ច្រើន​ផង។ តារា​ស្រី​រូប​នេះ​បញ្ជាក់​ថា ការរក​ស៊ី​នៅ​តែ​មាញឹក តែ​ការ​ថត​បទ​ចម្រៀង ឬ​រឿង​ខ្លី​ៗ​អី គឺ​នាង​នៅ​តែ​ឆ្លៀត តែ​សម្រាប់​រឿង​ភាគ​ជា​ដើម​ដែល​ត្រូវ​ការ​ពេល​យូរ នាង​មិន​ទទួល​ទេ ពិសេស គឺ​រដូវ​ខូវីដ​នេះ​តែ​ម្ដង ដែល​នាង​មិន​ចង់​ទៅ​ណា​ឆ្ងាយ ឬ​យូរ​ឡើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម