- 2020-12-17 03:36:12
- ព័ត៌មាន
សាយ បង្ហាញការអន់ចិត្តជាលើកដំបូងចំពោះអ្នករិះគន់ តែឆ្លើយតបយ៉ាងសុភាពបំផុត!
- 2020-12-17 03:36:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាយ បង្ហាញការអន់ចិត្តជាលើកដំបូងចំពោះអ្នករិះគន់ តែឆ្លើយតបយ៉ាងសុភាពបំផុត!
ចន្លោះមិនឃើញ
សាយ បានបញ្ចេញវីដេអូរយៈពេលជិត១០នាទី ស្ដីពីសកម្មភាពរបស់លោក និងក្រុមការងារដែលបានរត់ថរយៈពេលជាង៤០ថ្ងៃកន្លងទៅនៅយប់មិញនេះ។ លោកថា សកម្មភាពរត់ និងការបង្កើតហ្គេម១ដុល្លារដើម្បីកុមារកម្ពុជា ក៏ទទួលរងនូវការរិះគន់ពីមនុស្សមួយចំនួនដែរ ដោយគេលើកឡើងថា លោកធ្វើដើម្បីយកមុខយកមាត់ អួត និងថាលោកចង់ល្បីជាដើម តែលោកមិនសូវចាប់អារម្មណ៍។
សាយ៖"ខ្ញុំគ្រាន់តែចង់ឆ្លើយតបទៅវិញថា បើយើងធ្វើអីបានមុខ ហើយវាបានផល ខ្ញុំគិតថាយើងគួរតែធ្វើទៅ ព្រោះផលនោះបានជួយទៅដល់ជីវិតកុមារកម្ពុជា។ បើយើងស្ងាត់ៗលាក់មុខ ហើយអត់ចូលរួមអ្វីទាំងអស់ ក៏អត់មានការកែប្រែអីដែរ"។
សាយ បន្ថែមថា បើលោកអល់អែក ឬមិនធ្វើអ្វីសោះតាមមតិរិះគន់មួយចំនួននោះ ម្ល៉េះសមលោកមិនបានឃើញទឹកប្រាក់ជាង១៣០០លានរៀលយកទៅជួយមន្ទីរពេទ្យកុមារអង្គរនោះទេ ហើយក៏មិនបានស្គាល់ និងរត់ឆ្លងកាត់ខេត្ត/ក្រុងជាច្រើននោះទេ។
បច្ចុប្បន្ន សាយ និងក្រុមការងារ បន្តបេសកកម្មរត់របស់ខ្លួនដដែល ដោយកំពុងរត់ចេញពីទឹកដីខេត្តរតនគិរី។ ក្នុងគោលដៅរត់ឆ្លងកាត់ខេត្ត/ក្រុងជាង២០ ដោយប្រើពេល៩៩ថ្ងៃរបស់សាយ ត្រូវបានអាជ្ញាធរ និងសប្បុរសជនជាច្រើនគាំទ្រ។ អំឡុងពេលរត់រយៈពេលជាង៤០ថ្ងៃមកនេះ រូបលោកទទួលបានជោគជ័យច្រើន តែក៏មានការរិះគន់ខ្លះដែរដែលលោកបង្កើតហ្គេមរៃលុយម្ដងហើយម្ដងទៀត។
សូមរំលឹកថា នៅអំឡុងពេលរត់ដើម្បីសប្បុរសធម៌ជាមួយសាយ លោកបានបង្កើតកម្មវិធី Challegne game ចំនួនពីរ គឺហ្គេមទី១ បង្កើតឡើងដើម្បីកៀរគរថវិកាពីសប្បុរសជនម្នាក់១ដុល្លារដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ និងហ្គេមទី២ បង្កើតឡើងកៀរគរថវិកាពីសប្បុរសជនម្នាក់២ដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩។
លោក អ៊ួន បឋម ហៅសាយ ដែលជាប្រធានក្រុមការងាររត់ដើម្បីសប្បុរសធម៌ជាមួយសាយ បង្ហើបថា បន្ទាប់ពីបញ្ចប់បេសកកម្មជួយសង្គមរយៈពេល៩៩ថ្ងៃភ្លាម រូបលោកនឹងរកកន្លែងស្នាក់នៅ ឬលំហែរយៈពេលខ្លីនៅកន្លែងណាមួយដែលស្ងប់ស្ងាត់បំផុត។ បន្ទាប់ពីនោះ ទើបលោកចាប់ផ្ដើមសកម្មភាពមនុស្សធម៌ផ្សេងទៀត ដោយបំផុសឲ្យមានការចូលរួមកាន់តែច្រើនឡើងពីយុវវ័យ៕