• 2020-12-24 03:40:04
  • ព័ត៌មាន

របៀប​បរិច្ចាគ​ប្លែក កម្រ​មាន! គ្រួសារកសិករមួយនៅរតនៈគីរី​ ជិះម៉ូតូដេញតាមសាយ ដើម្បីបរិច្ចាគ

  • 2020-12-24 03:40:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ថត និង​វីដេអូ​បរិច្ចាគ​ក្នុង​កម្មវិធី​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ ទើប​តែ​បាន​បញ្ចេញ​នៅ​ថ្ងៃ​នេះ។ វីដេអូ​នេះ បង្ហាញ​ពី​ការ​បរិច្ចាគ​ដោយ​ផ្ទាល់​ដៃ​នូវ​ទឹក​ប្រាក់​ចំនួន​៥​ម៉ឺន​រៀល ពី​គ្រួសារ​កសិករ​មួយ​នៅ​ស្រុក​លំផាត់ ខេត្ត​រតនគិរី។

ក្រុម​ការងារ​របស់​សាយ និយាយ​ថា ពូ​ម្នាក់​ដែល​មាន​ប្រពន្ធ និង​កូន បាន​ជិះ​ម៉ូតូ​តាម​ពី​ក្រោយ​ក្បួន​រត់​របស់​សាយ ដើម្បី​គាត់​ចង់​ពី​គោលបំណង នៃ​ការ​រត់។ ក្រោយ​ពី​ជិះ​តាម​បាន​ប្រហែល​១​ម៉ោង គាត់​ក៏​សម្រេចចិត្ដ​ឃាត់​សួរ​នាំ ហើយ​ក្រុម​ការងារ​របស់​សាយ​ក៏​ប្រាប់​ពី​បេសកកម្ម​នេះ​ដល់​គាត់ គាត់​ក៏​យល់ ហើយ​ថែម​ទាំង​បរិច្ចាគ​ប្រាក់​៥​ម៉ឺន​រៀល ទាំង​ដែល​គាត់​មាន​លុយ​ក្នុង​ហោប៉ៅ​តែ​១០​ម៉ឺន​នោះ​ទៀត​ផង។

ក្រុម​ការងារ​របស់​សាយ៖"គាត់​ប្រាប់​ប្រពន្ធ​ថា ចង់​ចូល​២​ម៉ឺន​រៀល ហើយ​គាត់​ក៏​ដក​ថង់​លុយ​ពី​ហោប៉ៅ​ចេញ​មក។ ថង់​នោះ​មាន​ប្រាក់​ប្រហែល​១២​ម៉ឺន​រៀល ស្រាប់​តែ​ភ្លាម​នោះ​គាត់​ប្រាប់​ប្រពន្ធ​ថា ចូល​៥​ម៉ឺន​ហ្មង​ទៅ"។

ត្បិតថា គ្រួសារ​កសិករ​រូប​នេះ ពុំ​មាន​លុយ​ក្រាស់ក្រែល ឬ​ប្រើ​គណនី​ធនាគារ​ដូច​សប្បុរជន​ដែល​បាន​បរិច្ចាគ​ជាហូរហែ​កន្លង​មក​នោះ​ក្ដី ប៉ុន្តែ​ពួកគាត់​មាន​ទឹក​ចិត្ត​សប្បុរស​ចង់​ជួយ​ដល់​កុមារ​រង​គ្រោះ​នៅ​កម្ពុជា គាត់​ខំ​ជិះ​ស្កាត់​តាម​រក​សាយ ហើយ​បាន​បរិច្ចាគ​ដ៏​ស្ដួចស្ដើង​របស់​លោក។

នៅ​ថ្ងៃ​នេះ​ដែរ លោក អ៊ួន បឋម ហៅ​សាយ និយាយ​ថា វា​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួ​ទៀត​ដែល​​កម្មវិធី រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ បាន​រត់​ឆ្លង​កាត់​រយៈ​ចម្ងាយ២០២០ ជាង​គីឡូម៉ែត្រ​ហើយ ក្នុង​រយៈពេល​៧៩ ថ្ងៃ។

សាយ៖"ខ្ញុំ​សូម​អរគុណ​អ្នក​ទាំង​អស់​គ្នា​រាល់​​ការ​គាំទ្រ បរិច្ចាគ ផ្ដល់​កម្លាំងចិត្ត។ ពួក​យើង​ជាពិសេស​ខ្ញុំ​បាទ​សាយ ពិត​ជា​មាន​អារម្មណ៍​រំភើប​សម្រាប់​ការ​ជ្រោមជ្រែង និង​ចូលរួម។ ពួក​យើង នឹង ឆ្លងកាត់​ឆ្នាំ២០២០ ក្នុង​គ្រាហ៍​លំបាក​នេះ​ទៅមុខ​ទាំង​អស់​គ្នា នឹង​ទទួល​ឆ្នាំ​ថ្មី​ដោយ​សិរីមង្គល ស៊ូៗ​កម្ពុជា"។

សាយ កំពុង​បន្ត​បេសកកម្ម​រត់​ជុំវិញ​ប្រទេស ដោយ​កំណត់​ប្រើ​ពេល​៩៩​ថ្ងៃ លើ​ចម្ងាយ​ផ្លូវ​ប្រមាណ​២៣០០​គីឡូម៉ែត្រ។ បេសកកម្ម​រត់​របស់​លោក​បាន​ចាប់​ផ្ដើម​ពី​ភ្នំពេញ ហើយ​នឹង​បញ្ចប់​ទៅ​វិញ​នៅ​ភ្នំពេញ ដើម្បី​រៃអង្គាស​ប្រាក់​ទៅ​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ។

ដើម្បី​​បរិច្ចាគ ប្រិយមិត្តអាច​បរិច្ចាគ​បាន​តាម​គណនី​ធនាគារ ​ABA : 000 320 555 (Angkor Hospital for Children Limited) ឬ Wing : 52714 (AHC Patient Contributions)។

សម្រាប់​ព័ត៌មាន​លម្អិត​ក្នុង​ការ​ចូល​រួម​ ក៏ដូចជាតាមដាន​ចំនួនទឹកប្រាក់ដែលបាន​បរិច្ចាគ សូម​ចូល​ទៅ​កាន់​គេហទំព័រ saicambodianartist.com/ ។ ក្រៅពីគេហទំព័រ​នេះ ប្រិយមិត្ត​អាច​តាមដាន​រាល់សកម្មភាពរបស់សាយអំឡុង​ពេលរត់ តាមរយៈ​ទំព័រហ្វេសប៊ុក​របស់ Sai, Channel YouTube របស់សាយ, ទំព័រហ្វេសប៊ុក​របស់ Sabay ក៏ដូចជាគេហទំព័រ Sabay៕

អត្ថបទ៖ Chin Sopheak

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី