• 2021-01-19 03:31:21
  • ព័ត៌មាន

ដឹង​ហើយ​សែន​អាសូរ តារា​ចម្រៀង សួ វិចិត្រ ជីវិតរស់​ក្នុង​ភាពល្ហល្ហេវ​ហួស​ថ្លែង!

  • 2021-01-19 03:31:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សួ វិចិត្រ យុវជន​មក​ពី​ខេត្ត​ពោធិ៍សាត់ បាន​កសាង​កេរ្តិ៍​ឈ្មោះ​ឲ្យ​ប្រិយមិត្ត​បាន​ស្គាល់​ច្រើន​តាម​រយៈ​ការ​ច្រៀង Cover បទ​ចម្រៀង​ល្បី​របស់​តារា​ចម្រៀង​ជា​ច្រើន ពិសេស​បទ "ឧបសគ្គ​ស្នេហ៍" ដែល​បាន​ធ្វើ​ឲ្យ​លោក​ផ្ទុះ​ការងារ​គាំទ្រ​ខ្លាំង។ ប៉ុន្តែ​ងាក​ទៅ​មើល​ស្ថានភាព​ផ្ទាល់​ខ្លួន យុវជន​រូប​នេះ មាន​ស្ថានភាព​លំបាក​ខ្លាំង​ និង​តស៊ូ​តែ​ម្នាក់​ឯង​ស្ទើរ​ពាក់​កណ្ដាល​ជីវិត​ទៅ​ហើយ។

សួ វិចិត្រ បច្ចុប្បន្ន​មាន​វ័យ ២៧​ឆ្នាំ កើត​នៅ​ភូមិ​ថ្នល់​ជប៉ុន ឃុំ​រលាប​ស្រុក​សំពៅ​មាស ខេត្ត​ពោធិ៍សាត់​ក្នុង​គ្រួសារ​ក្រ​ខ្សត់​មួយ ដែល​ជា​អ្នក​លក់​នំបញ្ចុក។ លោក​មាន​បង​ប្អូន​ចំនួន ៣នាក់(ស្រី​២ ប្រុស​១) លោក​គឺ​ជា​កូន​ច្បង។ ក្រុម​គ្រួសារ​របស់ វិចិត្រ រក​ព្រឹក​ខ្វះ​ល្ងាច ថែម​ទាំង​ឪពុក​ម្ដាយ​ឧស្សាហ៍​ឈ្លោះ​គ្នា​ស្ទើរ​រាល់​ថ្ងៃ​ទៀត។ ដូច្នេះ​ហើយ រូប​គេ​ត្រូវ​បាន​លោក​តា​ម្នាក់​ដែល​មិន​ជាប់​សាច់​ឈាម​សោះ យក​មក​នៅ​ជាមួយ​តាំង​ពី​តូច​ៗ​ក្រូច​ឆ្មា(ឡើង​ចុះ​ៗ)។

ចំណេរ​ក្រោយ​មក ក្រុម​គ្រួសារ​របស់​វិចិត្រ កាន់​តែ​ជួប​រឿង​បែក​ខ្ញែក ដោយ​លោក​ឪពុក និង​អ្នក​ម្ដាយ​បាន​ចែក​ផ្លូវ​គ្នា ហើយ​ម្ដាយ​ក៏​បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​បាត់​ស្ងាត់​ដំណឹង​ឈឹង។ ដោយ​ឡែក​ឪពុក ក៏​ក្លាយ​ជា​មនុស្ស​បាត់​បង់​ជំនឿ​ចិត្ត រស់​ក្នុង​ភាព​តោកយ៉ាក​លំបាក​ភ្នែក និង​មិន​អាច​រ៉ាប់​រង​ចិញ្ចឹម​កូន​ៗ​បាន​ឡើយ។ វិចិត្រ ប្រាប់​ថា ពេល​នោះ ជីវិត​លោក និង​ប្អូនៗ​កាន់​តែ​ល្ហល្ហេវ មិន​ដឹង​ថា ត្រូវ​ធ្វើ​យ៉ាង​ណា​ឡើយ ចុង​ក្រោយ​មាន​តែ​នាំ​គ្នា​ទៅ​រស់​នៅ​ជាមួយ​លោក​តា​ដែល​ជា​អ្នក​ដទៃ​ទាំង​ស្រុង​តែ​ម្ដង។

លោក​តាបាន​ផ្ដល់​កន្លែង​ស្នាក់​នៅ និង​អាហារ ធ្វើ​ឲ្យ​ជីវិត​ផ្ដើម​មាន​ភាព​កក់ក្ដៅ​បន្តិច។ ប៉ុន្តែភាព​ល្ហល្ហេវ​បាន​វិល​មកថ្មី​ក្រោយ​ពី​លោក​តាបាន​ចែក​ឋាន​កាល​ពី​ប្រមាណ ៧ឆ្នាំ​មុន​ដោយ​ជំងឺ។ ពី​នោះ​មក វិចិត្រ ដែល​មិន​មាន​អ្វី​សោះ ផ្ទះ​ក៏​គ្មាន ដី​ក៏​គ្មាន បាន​ជួប​ភាព​កណ្ដោច​កណ្ដែង​សារ​ជា​ថ្មី ជាមួយ​ប្អូន​ស្រី​ទាំង​ពីរ។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ចំពោះ​មុខ យុវជន​កម្សត់ បាន​ស្វះស្វែង​រក​ម្ដាយ និង​ដឹង​ដំណឹង​គាត់​បាន​មក​ពី​ថៃ​វិញ ហើយ​កំពុង​នៅ​កំពង់សោម ធ្វើ​ជា​កម្មករ​សំណង់ លៀង​ចាន​ឲ្យ​គេ។ ដូច្នេះ​ហើយ រូប​គេ ក៏​បាន​នាំ​យក​ប្អូន​ស្រី​ទាំង​ពីរ​ទៅ​ទុក​នៅ​ម្ដាយ​សិន ហើយ​ខ្លួន​ត្រឡប់​មក​ពោធិ៍សាត់​វិញ តស៊ូ​នឹង​ជីវិត​ដ៏​ល្ហល្ហេវ​បន្ត​ទៀត។

បក​ក្រោយ​ទៅ​អំឡុង​ពេល​នៅ​ជាមួយ​លោក​តា​នៅ​ឡើយ ដើម្បី​សម្រាល​បន្ទុក​ខ្លះ និង​ដើម្បី​ការ​ចាយ​វាយ​ផ្ទាល់​ខ្លួន និង​ប្អូន​ៗ​ផង វិចិត្រ ត្រូវ​ដើរ​ធ្វើ​ការ​គ្រប់​បែប​យ៉ាង ក្នុង​នោះ​ធ្លាប់​ធ្វើ​ជា​សន្តិសុខ​យាម​ផ្ទះ​សំណាក់ និង​ដើរ​លេង​ភ្លេង និង​ការងារ​ជា​ច្រើន​ទៀត​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ខ្លួន និង​ប្អូន​ៗ ខណៈ​ពេល​នោះ រូប​គេ​កំពុង​សិក្សា​ថ្នាក់​ទី ៧ និង​មាន​អាយុ​ខ្ទង់ ១៥​ឆ្នាំ។ យុវជន​កម្សត់​កម្រ បាន​តស៊ូ​ធ្វើ​ការងារ​កំប៉ិកកំប៉ុក​ជា​ច្រើន​តាំង​ពី​អំឡុង​ឆ្នាំ ២០០៧ រហូត​មក​ដល់​អំឡុង​ឆ្នាំ ២០១០ ទើប​អាច​ផ្លាស់​ប្ដូរ​មក​កាន់​អាជីព​ចម្រៀង​ទាំង​មិន​នឹក​ស្មាន។

“ថ្ងៃ​មួយ​ខ្ញុំ និង​ក្រុម​ការងារ​អ្នក​លេង​ភ្លេង​គ្នា​ខ្ញុំ​ហ្នឹង បាន​ទៅ​ញុំា​អី​នៅ Sky Bar កន្លែង​ខ្ញុំ​ធ្វើ​ការ​រាល់​ថ្ងៃ ហើយ​ពេល​ហ្នុង​ថៅកែ​ភ្លេង​ខ្ញុំ​ហ្នឹង បាន​ឲ្យ​ខ្ញុំ​ឡើង​ច្រៀង​មួយ​បទ ហើយ​ថៅកែ Sky Bar ក៏​ឃើញ និង​ភ្ញាក់​ថា យី​...អា​អូន​នេះ ច្រៀង​ពីរោះ​មេស គាត់​ក៏​សួរ​ថា ខ្ញុំ​ជាប់​ធ្វើ​អី​អត់​រាល់​ថ្ងៃ ខ្ញុំ​ប្រាប់​ថា អត់​ជាប់​ទេ គឺ​ភ្លេង​លេង​អី​តិច​តួច គ្រាន់​បាន បួន​ដប់​ម្ភៃ​រៀល គ្រាន់​បាន​ចាយ និង​រៀន អីចឹង​ថៅកែ ក៏​គាត់​ថា អីចឹង​មក​ច្រៀង​នៅ​កន្លែង​គាត់​មក ហើយ​ក៏​ច្រៀង​ជាប់​មក​ដល់​សព្វ​ថ្ងៃ​ណា​បង!”។

អាជីព​ជា​អ្នក​ចម្រៀង​ប្រចាំ Sky Bar បាន​ផ្ដល់​ឲ្យ វិចិត្រ បាន​ផ្លាស់​ប្ដូរ​ជីវភាព​ប្រសើរ​ជាង​បន្តិច​ធៀប​នឹង​អតីត​កាល ប៉ុន្តែ​មិន​ទាន់​អាច​ឲ្យ​លោក អាច​ងើប​ផុត​ពី​ភាព​ក្រីក្រ​នៅ​ឡើយ ដោយ​មក​ទល់​បច្ចុប្បន្ន​លោក​នៅ​តែ​មិន​ទាន់​មាន​អ្វី​ជា​របស់​ផ្ទាល់​ខ្លួន។ វិចិត្រ ថ្លែង​ថា "ជីវិត​ខ្ញុំ​មក​ដល់​ពេល​នេះ មិន​ដែល​មាន​ដី​ម្ដុំ ឬ​ផ្ទះ​ផ្ទាល់​ខ្លួន​នៅ​មួយ​ទេ ភាគ​ច្រើន គឺ​ខ្ញុំ​ធ្វើ​ការ​កន្លែង​ណា ខ្ញុំ​ដេក​នៅ​កន្លែង​នោះ ចង​អង្រឹង ឬ​ដាក់​ប៉ៅអ៊ី​ដេក​ទៅ​ណា និយាយ​ទៅ គឺ​គ្មាន​ដី គ្មាន​ផ្ទះ​អី​ហ្នឹង​គេ​ទេ!”។

មក​ដល់​បច្ចុប្បន្ន សួ វិចិត្រ ចាប់​ផ្ដើម​មាន​ពន្លឺ​ជីវិត​ខ្លះ​ៗ ក្រោយ​ពី​លោក​ត្រូវ​បាន​គេ​ស្គាល់​ច្រើន ដោយ​សារ​ការ​ចេញ​មុខ​មក Cover បទ​ចម្រៀង​ជា​ច្រើន ពិសេស​បទ "ឧបសគ្គ​ស្នេហ៍" របស់​លោក ហាក់ រីខត។ ប្រិយមិត្ត​ជា​ច្រើន​បាន​ពោល​សរសើរ​ទឹក​ដម​សំឡេង​របស់​យុវជន​កម្សត់ ថា​សំឡេង​ល្អ​ ធ្ងន់ មាន​កម្លាំង ផ្អែម កម្រ​រក​បាន ។ ស្ថានភាព​នេះ បាន​ធ្វើ​ឲ្យ​អំណោយ​ផល​ខ្លះ​ដល់​ជីវភាព​របស់​លោក។

វិចិត្រ​ប្រាប់​ថា ពេល​នេះ មាន​ខាង​ម្ចាស់​កម្មវិធី​ជប់​លៀង មង្គល​ការ​ច្រើន​បាន​ទាក់​ទង​លោក ដើម្បី​ទៅ​ច្រៀង​ក្នុង​កម្មវិធី​ពួក​គេ។ ក្រៅ​ពី​នេះ ​ក៏​មាន​កម្មវិធី​ទូរទស្សន៍​មួយ​ចំនួន បាន​ហៅ​លោក​ឲ្យ​ចូល​រួម​បន្ត​បន្ទាប់​ដែរ។ លោក​សង្ឃឹម​ថា ស្ថានភាព​នេះ នឹង​កាន់​តែ​វិវត្ត​ល្អ​ប្រសើរ​ឡើង​ៗ ដើម្បី​ឲ្យ​លោក​បាន​មាន​ជីវិត​កាន់​តែ​ប្រសើរ ក្រែង​បាន​ស្រោចស្រង់​គ្រួសារ​​កម្សត់​របស់​លោក ដែល​រស់​នៅ ព្រាត់ ប្រាស់​ បែក​ខ្ញែក​គ្នា​ស្ទើរ​ពាក់​កណ្ដាល​ជីវិត​ទៅ​ហើយ។

"និយាយ​ការ​ពិត​បង​អើយ...រាល់​ថ្ងៃ​ដេក​តែ​គិត ពី​ម៉ែ និង​ប្អូន​ៗ​នៅ​កំពង់សោម​រាល់​ៗ​យប់...”៕

រូបភាព៖ ផ្ដល់​ដោយ វិចិត្រ

អត្ថបទ៖ ទារិកា

មតិយោបល់