• 2021-01-20 05:59:31
  • ព័ត៌មាន

ម្សិលមិញ​មិន​ទៅ​តាម​ការ​កោះ​ហៅ ថ្ងៃ​នេះ​ស្រី​ស្អាត សេង រដ្ឋា បញ្ចេញ​ឈុត​នារី​ក្លាហាន​មួយ​ឈុត​យ៉ាង​ស្អាត

  • 2021-01-20 05:59:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា សេង រដ្ឋា នៅ​ព្រឹក​ថ្ងៃ​នេះ បាន​បញ្ចេញ​ឈុត​របស់​ក្សត្រី​ដ៏​ស្រស់​ស្អាត​មួយ​ឈុត ដែល​នាង​អះអាង​ថា នេះ​គឺ​ជា​ឈុត​របស់​នារី ដែល​ប្រកប​ដោយ​ភាព​អង់អាច​ក្លាហាន រឹងមាំ និង​ជា​អ្នក​ចំបាំង​ក្នុង​សម័យ​ចតុមុខ។

តាម​បេក្ខនារី​ឈុត​នេះ មាន​ឈ្មោះ​ថា "ឈុត ក្សត្រី​ចតុ​មុខ" ក្នុង​នោះ​បើ​តាម​ការ​រចនា ត្រូវ​បាន​បក​ស្រាយ​ថា គឺ​បង្ហាញ​អោយ​ឃើញ​ពី​ភាព​អង់​អាច​ក្លាហាន​រឹងមាំ​របស់​អ្នក​ចម្បាំង​ក្នុង​សម័យ​ចតុមុខ​ដែល​បាន​លះបង់​ជីវិត​សាច់​ស្រស់​ឈាម​ស្រស់​ដើម្បី​ធ្វើ​សឹក​សង្គ្រាម​ការពារ​ប្រទេស​ជាតិ​មាតុភូមិ​ជាមួយ​ប្រទេស​ជា​សត្រូវ​ដែល​ចង់​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​ពី​អតីតកាល។

ការ​បញ្ចេញ​ឈុត​នេះ ក្រោយ​មួយ​ថ្ងៃ ដែល​នាង​មាន​រឿង​រកាំរកូស​ជាមួយ​ក្រុមហ៊ុន​មហាហង្ស​ដែល​ជា​ម្ចាស់​រៀប​ចំ​កម្មវិធី Miss Grand Cambodia 2020 ដែល​នាង​ជា​អ្នក​គ្រង​ជយលាភី។ រឿង​វិវាទ ដែល​មិន​ទាន់​ដឹង​ច្បាស់​ថា​កើត​ឡើង​ពី​អ្វី​ឲ្យ​ពិត​ប្រាកដ​នេះ ក្រុមហ៊ុន​មហាហង្ស​ដែល​មាន​លោក អ៊ិន សុភិន ជា​ប្រធាន បាន​ឈាន​ដល់​ការ​ចេញ​លិខិត​កោះ​អញ្ជើញ សាមី​តារា​ស្រី​ឲ្យ​ចូល​ខ្លួន​ទៅ​ជួប ដើម្បី​ធ្វើ​ការ​ដោះស្រាយ​គ្នា។

នៅ​ក្នុង​លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក អូន ឧស្សាហ៍ តំណាង​ក្រុមហ៊ុន​មហាហង្ស និង​លោក ង៉ែត សីហា គណៈ​គ្រប់​គ្រង​បេក្ខនារី​កញ្ញា​ឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា ២០២០ បាន​បង្គាប់​ឲ្យ​កញ្ញា សេង រដ្ឋា ចូល​ខ្លួន​ទៅ​កាន់​ការិយាល័យ​ក្រុមហ៊ុន នៅ​រសៀល​ម៉ោង ៣​ថ្ងៃ​ទី ១៩ មករា ២០២១​ម្សិលមិញ។ លិខិត​​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​បេក្ខនារី​ខកខាន​ចូល​ខ្លួន​តាម​ការ​កោះ​អញ្ជើញ​២ដង នាង​នឹង​ត្រូវ​ដក​ហូត​តំណែង​ជយលាភី​លេខ​១​ដោយ​ស្វ័យ​ប្រវត្តិ។

យ៉ាង​ណា​ក៏​ដោយ តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ក្រោយ​លិខិត​របស់​មហាហង្ស​ចេញ​ជា​សាធារណៈ កញ្ញា សេង រដ្ឋា ក៏​ចេញ​សារ​មក​ភ្លាម​ដែរ​ថា នាង​មិន​អាច​ទទួល​យក​បាន​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​នាង និង​សុខ​ចិត្ត​បាត់​បង់​តំណែង​នោះ ដោយ​នាង​មិន​ចូល​ខ្លួន​តាម​ការ​កោះ​អញ្ជើញ​នោះ​ឡើយ។ ប៉ុន្តែ​នាង​នឹង​ទៅ ករណី​មាន​បើក​ការ​សន្និសីទ​សារព័ត៌មាន​ផ្លូវ​ការ នៅ​វេលា​ជាក់​លាក់​ណា​មួយ​នា​ពេល​អនាគត។

គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី ២០ មករា ២០២១ នេះ​នៅ​មិន​ទាន់​មាន​ការ​វិវត្តន៍​បន្ថែម​ទៀត ជុំ​វិញ​វិវាទ បេក្ខនារី​តំណែង​ជយលាភី និង​ក្រុមហ៊ុន​អ្នក​រៀប​ចំ​នៅ​ឡើយ។ ក្រៅ​ពី​នេះ កាល​បរិច្ឆេទ​ពិត​ប្រាកដ​ដែល​លោក អ៊ិន សុភិន ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​មហាហង្ស ប្រកាស​ថា​នឹង​រៀប​ចំ​នោះ ក៏​មិន​ទាន់​មាន​បង្ហើប​ផ្លូវ​ការ​នៅ​ឡើយ​ដែរ៕

រូបភាព៖IG រដ្ឋា

អត្ថបទ៖ ទារិកា

មតិយោបល់