• 2017-05-23 02:00:00
  • ព័ត៌មាន

ប្អូន​ធម៌​ប្ដី​ខ្ញុំ​ (ភាគទី១) ស្នេហា​លួចលាក់​ពី​ប្រពន្ធ នឹង​ទៅ​ជា​យ៉ាង​ណា?

  • 2017-05-23 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​ខ្ញុំ​គេង​លក់​ប៉ុន្មាន​ម៉ោង​ហើយ? ហេតុ​អី​ក៏​ខ្លួន​ប្រាណ​ខ្ញុំ​ហាក់​គ្មាន​កម្លាំង​ល្ហិតល្ហៃ​ ហើយ​ខ្លួន​ឯង​ដូច​ជា​កំពុង​ស្ថិត​នៅ​ក្នុង​ផ្ទាំង​សំពត់​ខ្មៅ​រុំ​ព័ទ្ធ​ដូច្នេះ? គឺ​ងងឹត​.... វា​ងងឹត​ខ្លាំង​ណាស់​​ ខ្ញុំ​មើល​មិន​យល់​ថា​នេះ​ជា​ទី​កន្លែង​ណា​ឱ្យ​ប្រាកដ​ទេ​។ ខ្ញុំ​ក្រោក​ដើរ​ទៅ​មុខ​ ទាំង​ដៃ​រាវ​នាំ​ផ្លូវ​ ទោះ​មិន​ដឹង​ទិស​តំបន់​អ្វី​។ ប្រមាណ​មួយ​ដង្ហើម​ ខ្ញុំ​ឃើញ​នៅ​ខាង​មុខ​មាន​ពន្លឺ​ភ្លើង​គំនរ​ឈើ​ដែល​គេ​ប្រមូល​ដុត​ ហើយ​មនុស្ស​មួយ​ក្រុម​នៅ​ឈរ​ក្បែរ​ទី​នោះ​។ ខ្ញុំ​ស្រូត​ជើង​ដើរ​សំដៅ​ទី​នោះ ដើម្បី​ឱ្យ​ដឹង​ច្បាស់​ថា​ ខ្លួន​ឯង​នៅ​ទី​ណា ហើយ​អាច​សុំ​ជំនួយ​ពី​ពួក​គេ​បាន​ដែរ​ឬ​អត់​? ​ ពេល​ទៅ​ដល់​ ខ្ញុំ​ឃើញ​ពួក​មនុស្ស​ទាំង​នេះ​មុខ​មាត់​ចម្លែក​ពី​មនុស្ស​ធម្មតា​។ ពួក​គេ​មាន​មុខ​មាត់​អាក្រក់ មាន​ទាំង​ឈាម​ និង​ខ្ទុះ​ពេញ​ខ្លួន​។ ដើម​ឈើ​ម្យ៉ាង​មាន​បន្លា​ស្អេក​ស្កះ​ មិន​គួរ​ឱ្យ​ចង់​ទៅ​ជិត​ តែ​បែរ​ជា​មាន​មនុស្ស​២-៣​នាក់​នាំ​គ្នា​ក្រាញ​ននៀល​ឡើង​ ទោះ​មាន​ឈាម​ហូរ​ចេញ​មក​តាម​ខ្លួន​ និង​ស្រែក​យំ​លាន់​រំពង​។

វា​ស្រដៀង​នឹង​រូបភាព​ដែល​ខ្ញុំ​បាន​ឃើញ​ តែ​រក​នឹក​មិន​ទាន់​ឃើញ​ថា​នៅ​ទី​ណា​។ អូ​ទើប​នឹក​ឃើញ​ថា វា​ដូច​នឹង​រូបភាព​លើ​ជញ្ជាំង​វិហារ​សាលា​ឆាន់ ពេល​ខ្ញុំ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ថ្ងៃ​សីល​មុន​នេះ​។ ក្នុង​ស្ថានភាព​នេះ​ ខ្ញុំ​ភ័យ​ណាស់​ ជើង​ប្រឹង​រត់​ចេញ​ពី​ក្រុម​មនុស្ស​គួរ​ឱ្យ​ខ្លាច​ទាំង​នេះ តែ​វា​ដូច​ជា​រត់​មិន​ទៅមុខ ស្រាប់​តែ​មាន​ដៃ​មួយ​លូក​មក​ចាប់​ក​ជើង​ខ្ញុំ​ជាប់​....

ផាំង​...​ផាំង​... ខ្ញុំ​ភ្ញាក់​កន្ត្រាក់​ខ្លួន ព្រោះ​ភ័យ​នឹង​សុបិន​ដ៏​អាក្រក់​អំបាញ់មិញ​ រួម​ផ្សំ​នឹង​សំឡេង​ផ្គរលាន់ រន្ទះ​នៅ​ខាង​ក្រៅ​ផ្ទះ​។ ភ្នែក​ខ្ញុំ​ងាក​មក​ខាង​ឆ្វេង​ដៃ​នៃ​គ្រែ​ដេក​របស់​ខ្ញុំ ប្ដី​ដ៏​ល្អ​របស់​ខ្ញុំ​នៅ​បន្ត​គេង​ទាំង​អស់​កម្លាំង​ និង​មិន​ដឹង​ថា​នៅ​ខាង​ក្រៅ​មេឃ​ភ្លៀង សំឡេង​ផូង​ផាំង​នៃ​ខ្យល់​លាយ​ផ្សំ​នឹង​រន្ទះ​ឮ​សូរ​ខ្លាំង​យ៉ាង​ណា ហើយ​ក៏​មិន​ដឹង​ថា​ប្រពន្ធ​កម្សត់​របស់​គាត់​កំពុង​ភ័យ​ខ្លាច​យ៉ាង​ណា​...

ខ្ញុំ​លូក​ដៃ​ទាញ​នាឡិកា​រោទ៍​ដែល​ដាក់​លើ​តុ​មក​មើល ទ្រនិច​នាឡិកា​ចង្អុល​លេខ​១​អធ្រាត្រ​ បង្ហាញ​ថា ខ្ញុំ​ទើប​តែ​គេង​លក់​ប៉ុន្មាន​ម៉ោង​ទេ ព្រោះ​ខ្ញុំ​នៅ​ចាំ​ប្ដី​ត្រលប់​ពី​ធ្វើ​ការ​វិញ​រហូត​ដល់​ម៉ោង​១១​យប់​ហើយ គាត់​នៅ​មិន​ទាន់​មក​ផ្ទះ​វិញ​ផង​។ តើ​គាត់​មក​ដល់​ផ្ទះ​ម៉ោង​ប៉ុន្មាន​? ហើយ​គាត់​បាន​ញ៉ាំ​បាយ​ហើយ​នៅ​? ខ្ញុំ​ងើប​ចេញ​ពី​គ្រែ ដើរ​ទៅ​បន្ទប់​ទឹក ព្រោះ​លែង​មាន​អារម្មណ៍​ថា​ចង់​គេង​បន្ត​ទៀត​ ហើយ​ក៏​ដើរ​មក​អង្គុយ​នៅ​ក្បាល​ដំណេក​វិញ ដោយ​មាន​អំពូល​ពង​មាន់​ដែល​ដាក់​នៅ​លើ​តុ​មិន​ទាន់​បិទ​ភ្លើង​នៅ​ឡើយ​។ ភ្នែក​ខ្ញុំ​សម្លឹង​ប្ដី​សម្លាញ់​ដែល​កំពុង​​គេង​យ៉ាង​ស្កប់​ស្កល់ ហើយ​ងាក​ទៅ​មើល​រូបថត​រៀបការ​របស់​ពួក​យើង​ដែល​ដាក់​នៅ​លើ​តុ​តូច​ក្បែរ​គ្រែ​នោះ​។ ខ្ញុំ​បង្អូស​ដៃ​មក​ដាក់​ត្រង់​មុខ​បុរស​ពាក់​អាវ​ប្រពៃណី​ពណ៌​ប្រាក់​ដែល​កំពុង​ឈរ​ឱប​ចង្កេះ​ខ្ញុំ​ពី​ក្រោយ ដោយ​មាន​ស្នាម​ញញឹម​យ៉ាង​កក់​ក្ដៅ​។ វត្ថុ​រាវ​មួយ​តំណក់​តូច​ក្ដៅ​ឧណ្ហ​ៗ​ បាន​តក់​មក​ចំ​មុខ​រូប​ប្ដី​ខ្ញុំ​ ហើយ​អតីតកាល​មួយ​ក៏​បាន​រត់​មក​រសឹប​ក្នុង​ខួរ​ក្បាល​ខ្ញុំ​...

«​អូន​ចង់​ទៅ​ណា​ថ្ងៃ​នេះ?» តុលា​​ស្វាមី​ខ្ញុំ​ កាល​យើង​នៅ​ជា​សង្សារ​សួរ​ខ្ញុំ​បណ្ដើរ ពេល​កំពុង​ឌុប​ខ្ញុំ​តាម​ផ្លូវ​ទៅ​ផ្ទះ​បណ្ដើរ​។ «អត់​ចង់​ទៅ​ណា​ទេ ​​ថ្ងៃ​នេះ​អូនអត់ស្រួល​ខ្លួន​​!» ឮ​បែប​នេះ គាត់​ឈប់​ម៉ូតូ​ក្បែរ​បង់​តូច​មួយ​នៅ​សួន​ច្បារ​តាម​ដង​ផ្លូវ​ ហើយ​សួរ​ខ្ញុំ​បន្ត​៖ «អូន​ឈឺ​អី​? ឥលូវ​យ៉ាង​ម៉េច​ហើយ​?» តុលា​​សួរ​បណ្ដើរ​យក​ដៃ​មក​ស្ទាប​ថ្ងាស​ខ្ញុំ​បណ្ដើរ​។ គាត់​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ​បែប​នេះ​រហូត​មក​។ គាត់​ជា​មនុស្ស​ម្នាក់​ដែល​ធ្វើ​ឱ្យ​នារី​កំព្រា​ឪពុក​ដូច​ខ្ញុំ​បាន​ទទួល​ភាព​កក់ក្ដៅ​ពី​មនុស្ស​ប្រុស​បន្ទាប់​ពី​ឪពុក​ខ្ញុំ​។ «អត់​អី​ទេ​! តែ​អូន​មិន​ស្រួល​ក្នុង​ខ្លួន​ រសេះរសោះ​ ចង់​ខាំ​គេ​ខាំ​ឯង​ទើប​បាត់​!»​ ខ្ញុំ​ឆ្លៀត​លលេង​ជាមួយ​គាត់​។

«ចឹង​ខាំ​បង​មក​!» មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់​ព្រលយ​ពាក្យ​ឱ្យ​ខ្ញុំ​ធ្វើ​តាម​ចិត្ត ទាំង​ដែល​ដឹង​ថា​ខ្ញុំ​ច្បាស់​ជា​ហ៊ាន​ធ្វើ​។ ខ្ញុំ​មិន​បង្អង់ លើក​ដៃ​គាត់​មក​ខាំ​រហូត​ជាប់​ស្នាម​ធ្មេញ​នៅ​នឹង​កំភួន​ដៃ​គាត់ ហើយ​គាត់​បាន​ត្រឹម​តែ​ស្រែក តែ​មិន​ដក​ដៃ​ចេញ​ទេ​។ ខ្ញុំ​ធ្វើ​នេះ​គ្រាន់​តែ​ចង់​ដឹង​ថា គាត់​អាច​ទ្រាំ​ការ​លំបាក​ជាមួយ​ខ្ញុំ​បាន​ឬ​ក៏​អត់​? «ថ្ងៃ​ក្រោយ​ បើ​អូន​ឈឺ​ អូន​អាច​ខាំ​បង​បាន​ ឱ្យ​បង​ចែក​រំលែក​ការ​ឈឺ​ជាមួយ​អូន​!» «ខ្ពើម​ណាស់​! និយាយ​បោកឱ្យ​តែ​ល្អ​មើល​ហ្នឹង​!»

ចុច​អាន​រឿង​ពេញ


ចូល​ទៅ​កាន់​ផេក​ហ្វេសប៊ុក​របស់​ប្រលោមលោកsabay ចុច​ត្រង់​នេះ

របៀប​ងាយៗ​ដើម្បី​អាន​ប្រលោម​លោក​sabay ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ ios ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ Android ចុច​ត្រង់​នេះ

អត្ថបទ៖ វីរៈ

មតិយោបល់