- 2021-01-22 03:49:51
- ព័ត៌មាន
រឿងខ្មោចចូលមិនទាន់ចប់ តារាសម្ដែង ផាត់ តាភូ ភ័យដល់ថ្នាក់រត់ទៅនៅវត្ត ហើយចេញវីដេអូរៀបរាប់បន្ត
- 2021-01-22 03:49:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងខ្មោចចូលមិនទាន់ចប់ តារាសម្ដែង ផាត់ តាភូ ភ័យដល់ថ្នាក់រត់ទៅនៅវត្ត ហើយចេញវីដេអូរៀបរាប់បន្ត
ចន្លោះមិនឃើញ
តារាសម្ដែងប្រុសឈ្មោះ ផាត់ តាភូ បានជួបហេតុការណ៍នឹកស្មានមិនដល់មួយកាលពីប៉ុន្មានថ្ងៃមុន ដោយសារតែលោកត្រូវបានវិញ្ញាណខ្មៅបានចូល អំឡុងពេលលោកថតរឿងខ្លីមួយ ហើយមកទល់ឥឡូវហេតុការណ៍នោះតែតាមលងបន្លាចតារាប្រុស រហូតដល់ទៅរត់មកស្នាក់នៅវត្តរកព្រះសង្ឃឲ្យជួយ។
ហេតុការណ៍នឹកស្មានមិនដល់នោះ បាននាំឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈមកទល់នឹងថ្ងៃនេះនៅតែមិនទាន់ស្ងប់ស្ងាត់ ខណៈ សាមីខ្លួនតារាប្រុសដែលត្រូវវិញ្ញាណអាក្រក់ចូលខ្លួន បានចេញវីដេអូបកស្រាយរឿងរ៉ាវបន្ថែមនៅថ្ងៃនេះទៀត។
រំលឹកទៅដល់ហេតុការណ៍កើតនៅនឹងភ្នែកស្រស់ខាងលើ បានកើតឡើងនៅវេលាដែលក្រុមតារាសម្ដែងមួយក្រុម បានទៅថតរឿងអប់រំខ្លីនៅឯតំបន់អរិយក្សត្រ នៅក្នុងវត្តមួយដែលគេមានជំនឿថា ជាទីមានបារមីស័ក្តិសិទ្ធិ។ វេលានោះ បើតាមការបញ្ជាក់របស់សាមីខ្លួនតារាប្រុស មុនពេលកើតហេតុ អំឡុងពេលក្រុមការងារបាន និងកំពុងដំណើរការថត ពួកលោកបានទទួលទូរស័ព្ទពីគ្រូស្នងបារមីមួយរូប ទូរស័ព្ទមកប្រាប់ថា ក្រុមការងារលោក នឹងកើតមានរឿង ព្រោះតែបានធ្វើឲ្យប៉ះពាល់ដល់គេ(វិញ្ញាណអាក្រក់)។
គ្រូស្នងរូបប្រាប់ទៀតថា នៅកន្លែងកំពុងថត មានឆ្មាខ្មៅមួយក្បាល តែនោះមិនមែនជាឆ្មាទេ គឺជាគេ(វិញ្ញាណអាក្រក់)នោះ។ ដូចនឹងការក្រើនរំលឹកពីគ្រូស្នងរូបនោះ គឺថា នៅទីកន្លែងថត ពិតជាមានឆ្មាសម្បុរខ្មៅមួយក្បាលមែន ហើយអំឡុងពេលក្រុមការងារកំពុងដំណើរការ ឆ្មាខ្មៅនោះ ស្រាប់ហក់មកក្រញៅធ្វើឲ្យដាច់ចេញឈាមនៅលើគុម្ពត្រចៀកខាងឆ្វេងរបស់ តារាប្រុស។
“នៅពេលនោះ សម្រាប់ខ្ញុំដូចមិនមែនឆ្មាទេ គឺដូចជាវិញ្ញាណអ្វីមួយហក់ចូលបុកខ្ញុំតែម្ដង ហើយភ្លាម ខ្ញុំស្រាប់តែគាំង ធ្វើភ្នែកស្លឺតែម្ដង!”។ តាភូ ថ្លែង។ បន្ទាប់ពីនោះមក វិញ្ញាណមួយ ក៏បានចូលគ្រប់គ្រងសំបកកាយរបស់លោក ផាត់ តាភូ ហើយលោកក៏ចាប់ផ្ដើមចេញអាការបើកភ្នែកធំៗ ស្រែកលឺ ក្នុងកាយវិការគួរឲ្យខ្លាច ដែលវីដេអូឃ្លិបនេះ ត្រូវបានគេចែកចាយនៅលើ Tik Tok យ៉ាងច្រើន។
ភ្លាមៗ ក្រុមការងារថតដែលមានព្រះសង្ឃដែរនោះ បានព្យាយាមជួយតាមផ្លូវក្នុង រហូតដល់វិញ្ញាណអាក្រក់បានព្រមចេញពីសម្បកកាយរបស់តារាប្រុសវិញ។ ប៉ុន្តែតាមសាមីខ្លួន បញ្ជាក់ថា មកដល់ពេលនេះ ហេតុការណ៍នោះ នៅតែមិនទាន់ចប់ និងនៅតែតាមលងបន្លាចលោក ហើយលោកពិតជាពិបាកក្នុងខ្លួនបំផុត។ ដោយសារបែបនេះ លោកបាន រត់មកស្នាក់នៅវត្ត ដើម្បីឲ្យបារមីព្រះពុទ្ធព្រះធម៌ ព្រះសង្ឃជួយ។
មកដល់បច្ចុប្បន្ន ចាប់ផ្ដើមមានស្មារតីហ្នឹងហ្ន៎វិញខ្លះហើយ ប៉ុន្តែលោកនៅតែស្នាក់នៅវត្តដដែលជាមួយព្រះសង្ឃ។ ផាត់ តាភូ ទើបបានបញ្ចេញវីដេអូឃ្លិបរៀបរាប់ពីហេតុការណ៍នឹកស្មានមិនដល់នោះថែមទៀត ក្រោយពីមានមតិសាធារណជនជាច្រើនមិនទាន់ជឿ និងចោទលោកថា សម្ដែងធ្វើពុត ដើម្បីទាក់ទាញការចាប់អារម្មណ៍។ យ៉ាងណា សាមីខ្លួន បញ្ជាក់ថា រឿងដែលកើតឡើង បានធ្វើឲ្យលោកខាតបង់ច្រើន ទាំងការងារ និងទ្រព្យសម្បត្តិជាច្រើន។
ផាត់ តាភូ បញ្ជាក់ថា របស់ទ្រព្យរបស់លោកមាន ទូរស័ព្ទ iPad ប្រាក់កាស អត្តសញ្ញាណប័ណ្ណ ប៉ាស្ព័រ របស់លោកដែលដាក់ក្នុងកាបូបមួយ បូករួមនឹងកុំព្យូទ័រ MacBook របស់ព្រះសង្ឃមួយអង្គ បានបាត់ដែលតាមគ្រូស្នងម្នាក់បានទូរស័ព្ទមកប្រាប់ថា គេ(វិញ្ញាណអាក្រក់)យកលាក់នោះ នៅរកមិនទាន់ឃើញផង៕