• 2021-02-16 12:40:52
  • ព័ត៌មាន

ទាំង​តួ​ឯក​ក្នុង​រឿង​កុន និង​ក្នុង​ជីវិត​ពិត នៃ​រឿង​វាល​ពិឃាដ ១៩៨៤ ពេល​នេះ​សុខ​ទុក្ខ​យ៉ាង​ម៉េច​ហើយ?

  • 2021-02-16 12:40:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​វាលពិឃាដ ឬ ជា​ភាសា​អង់គ្លេស The Killing Field ជា​ខ្សែ​ភាពយន្ត​អង់គ្លេស​ដ៏​ល្បី​ឈ្មោះ​មួយ ដែល​ផ្ដិត​យក​ពី​ជីវិត​របស់​ អ្នក​កាសែត​អាមេរិក​លោក Sydney Schanberg (សម្ដែង​ដោយ​លោក Sam Waterson) អ្នក​ថត​រូប​សារព័ត៌មាន​ជនជាតិ​ខ្មែរ លោក ឌិត ប្រន (សម្ដែង​ដោយ​លោក​ ហាំង សំណាង ង៉ោ) អំឡុង​ស្រុក​កលិយុគ​នា​សម័យ​សាធារណរដ្ឋ និង​សម័យ​ខ្មែរ​ក្រហម។

Sabay មិន​ធ្វើ​ការ​បកស្រាយ​សាច់រឿង​វែង​ឆ្ងាយ​ទេ ដោយ​នៅ​ថ្ងៃ​នេះ​ចង់​បង្ហាញ​ពី​ស្ថានភាព​របស់​តួ​ឯក​ក្នុង​រឿង​កុន និង​តួ​នៅ​ក្នុង​ជីវិត​ជាក់ស្ដែង​នៅ​ក្នុង​ឆ្នាំ២០២១។

Sydney Schanberg [1]

លោក Schanberg ជា​អ្នក​កាសែត​អាមេរិក​តាំង​ឆ្នាំ១៩៥៩។ លោក​មក​យក​រឿង​សង្គ្រាម​នៅ​ស្រុក​ខ្មែរ​នៅ​ឆ្នាំ១៩៧៣។ ដោយសារ​តែ យក​ព័ត៌មាន​រឿង​នៅ​ស្រុក​ខ្មែរ ធ្វើ​ឲ្យ​លោក​ឈ្នះ​ពាន Pulitzer ដែល​ជា​ពាន​ស្រដៀង​អូស្កា សម្រាប់​អ្នក​កាសែត។ ក្រោយ​របប​ខ្មែរ​ចូល​កាន់កាប់​មក លោក​នៅ​តែ​បន្ត​ធ្វើ​ជា​អ្នក​កាសែត​រហូត​ដល់​ឆ្នាំ២០០០ជាង។ ក្រៅ​ពី​តស៊ូ​មតិ​រឿង​ទម្លាក់​គ្រាប់​បែក​ខុស​ច្បាប់​មក​លើ​កម្ពុជា ដោយ​រដ្ឋការ​លោក​និចសុន លោក​ស៊ីដនី ក៏​បាន​តស៊ូ​រឿង​យក​ចិត្ត​ទុក​ដាក់​លើ​អ្នក​ទោស​សង្គ្រាម​នៅ​ជំនាន់​សង្គ្រាម​វៀតណាម​ផង​ដែរ។ លោក​បាន​ទទួល​មរណភាព​នៅ​ឆ្នាំ២០១៦ ក្នុង​អាយុ ៨២ឆ្នាំ​ដោយ​ជំងឺ​គាំងបេះដូង។

ឌិត ប្រន [2]

លោក​ប្រន ធ្លាប់​ធ្វើ​ជា​អ្នក​បកប្រែ​សម្រាប់​ពួក​អាមេរិកាំង និង​អង់គ្លេស​មុន​សម័យ​ខ្មែរ​ក្រហម។ ក្រោយ​បែក​សម័យ​ប៉ុល ពត លោក​បាន​មក​រស់​នៅ​សហរដ្ឋអាមេរិក ហើយ​ធ្វើ​ការ​នៅ​កាសែត New York Time ជា​អ្នក​ថតរូប​សារព័ត៌មាន រហូត​ដល់​លោក​ឈឺ​ធ្ងន់​នៅ​ឆ្នាំ២០០៧។ លោក​បាន​បាត់​បង់​ជីវិត​នៅ​ឆ្នាំ២០០៨ ក្នុង​អាយុ ៦៥ឆ្នាំ ដោយ​រោគាពាធ។

Sam Waterson [3]

តួ​សម្ដែង​អាមេរិក​រូប​នេះ​បាន​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​តាំង​ពី​ឆ្នាំ១៩៦៥​មក​ម្ល៉េះ។ លោក​បាន​ថត​រឿង​ក្នុង​មហោស្រព រឿង​ភាគ​អាមេរិក ក៏​ដូច​ជា​រឿង​កុន​ដូច​ជា​ វាលពិឃាដ រហូត​មក​ដល់​សព្វថ្ងៃ​នេះ​។ លោក​ក្នុង​ឆ្នាំ២០២១ មាន​អាយុ ៨០ឆ្នាំ​ហើយ។

ហាំង សំណាង ង៉ោ[4]

លោក​វេជ្ជបណ្ឌិត ហាំង ង៉ោ ក៏​ជា​អ្នក​គេច​ផុត​ពី​សម័យ​វាលពិឃាដ​មួយ​រូប​ដែរ។ ជា​អ្នក​ស្រុក​តាកែវ លោក​បាន​គេច​មក​សហរដ្ឋអាមេរិក នៅ​ឆ្នាំ១៩៨០។ លោក​មិន​ដែល​មាន​អាជីព​ជា​អ្នក​សម្ដែង​ទេ​មុន​ពេល​លេង​រឿង​វាលពិឃាដ។ រឿង​នេះ​ដែរ​ធ្វើ​ឲ្យ​លោក​បាន​ឈ្នះ​ពាន​អូស្ការ ខាង​តួ​រង​ក្នុង​រឿង។ ជា​អកុសល​ លោក​បាន​បាត់បង់​ជីវិត​នៅ​ឆ្នាំ១៩៩៦ ដោយ​សារ​គេ​ប្លន់​សម្លាប់​នៅ​ក្រុង Los Angeles៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់