• 2021-02-23 01:37:01
  • ព័ត៌មាន

រំភើបទេ? «Queen Of Summer» របស់ K-Pop អាចនឹងវិលជុំគ្នាវិញឆាប់ៗ

  • 2021-02-23 01:37:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់រយៈពេល ៤ឆ្នាំ​ហើយ​ដែល​ក្រុម​ចម្រៀង​នារី SISTAR បំបែក​ជា​ផ្លូវការមក​ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​សមាជិក​ទាំង ៤​នាក់​នៅ​តែ​បន្ត​ភ្ជាប់ទំនាក់ទំនងជាមួយ​គ្នា​រហូត ហើយ​តែង​បង្ហាញ​ក្ដីសង្ឃឹម​សម្រាប់​អ្នកគាំទ្រ​ជា​និច្ច​ក្នុង​ការ​វិល​ត្រឡប់មកវិញ។

ថ្មីៗនេះ អតីត​សមាជិកក្រុម​នេះគឺ Dasom បានជជែក​លេង​ជាមួយ​នឹង​ Fan ជា​សារសំឡេងលើ​បណ្ដាញសង្គម Clubhouse ដោយ​បាន​ឆ្លើយ​នូវ​សំណួរ​គួរ​ឲ្យចាប់អារម្មណ៍ជា​ច្រើន ហើយ​១ក្នុង​ចំណោម​សំណួរ​ទាំងនោះ​ហាក់​បង្ហាញ​សញ្ញាពីការ​វិល​ជុំគ្នាជាថ្មី​របស់​ SISTAR។

នាង​បាន​ឆ្លើយថា៖ «ពួកយើង​កំពុង​បន្តពិភាក្សាគ្នាពី​ការ​ធ្វើ​ការ​រួមគ្នាវិញ។ ខ្ញុំគិត​ថា​សូម្បី​ក្រុមហ៊ុន​របស់ពួកយើង​ក៏រំភើប​ដែរ។ ប៉ុន្តែ​អ្នក​ទាំងអស់គ្នា​អាច​នឹង​ត្រូវ​ចាំ​យូរ​បន្តិចទៀត។ ខ្ញុំមិនហ៊ាន​និយាយអ្វី​ច្រើនពី​គម្រោងអ្វីផ្សេងៗទេ តែ​ខ្ញុំ​ច្បាស់​ក្នុង​ចិត្ត​ថា​ ប្រសិន​គ្រប់គ្នារង់ចាំ នោះ​នឹង​មាន​អ្វី​កើតឡើង​ជា​ប្រាកដ»។

ក្រុម​ចម្រៀង SISTAR បាន​បង្កើត​កាល​ពីឆ្នាំ ២០១០ ដោយ​អង្រួន​វិស័យ K-Pop ឲ្យ​កក្រើក​ដោយសារ​វត្តមាន​ពួកគេ​ខ្លាំង​មិនធម្មតា​នៅពេល​នោះក្នយង​រយៈពេល​ដ៏ខ្លីជាមួយ​នឹង​បទ «Push Push»។

បទ​ចម្រៀង​ជា​ច្រើនបានធ្វើឲ្យ​​មហាជន​ស្គាល់​ពួកគេ​កាន់​តែ​ច្បាស់​ ហើយភាគ​ច្រើន​សុទ្ធ​តែ​ជា​បទ​ញាក់កន្ត្រាក់អារម្មណ៍ និង​ស្រស់ស្រាយ ជាពិសេស​បទ​សម្រាប់​រដូវក្ដៅ។ ហេតុនេះ​ហើយ​ទើប​អ្នក​គាំទ្រ​ជា​ច្រើន​ ដាក់​រហស្សនាម​ថា​ SISTAR គឺ​ជា​ «Queen of Summer»។

ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​នៅឆ្នាំ​ ២០១៧ ពួកគេ​បាន​ប្រកាសពី​ការ​រំសាយក្រុម​ធ្វើ​ឲ្យ​ Fan មាន​ការ​ភ្ញាក់​ផ្អើល និង​ក្ដុកក្ដួល​ណាស់៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់