• 2021-03-08 15:46:37
  • ព័ត៌មាន

ត្រឹម​យប់​នេះ សម្ដេច​តេជោ ហ៊ុន សែន ថា កូវីត១៩ បាន​ឆ្លង​ដល់​សង្គម​សិល្បករ​ទៅ​ហើយ

  • 2021-03-08 15:46:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច​តេជោ ហ៊ុន សែន នៅ​ព្រលប់​ថ្ងៃ​ទី ៨ មីនា នេះ​បាន​ចេញ​សារ​បន្ទាន់​មួយ​តាម​ប្រព័ន្ធ​តេឡេក្រាម ក្រោយ​ពី​បាន​រក​ឃើញ​អ្នក​ឆ្លង​កូវីត១៩ ថ្មី​ច្រើន​នាក់​បន្ថែម​ទៀត និង​ថា ជំងឺ​កាច​សាហាវ​នេះ​បាន​ឆ្លង​ដល់​សង្គម​សិល្បករ​ខ្មែរ​ទៅ​ហើយ។

តាម​រយៈ​សារ​សំឡេង​ជិត ២០នាទី បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ថ្ងៃ​នេះ ក្នុង​ប្រទេស​កម្ពុជា​យើង មាន​សភាព​ការណ៍​កាន់​តែ​គួរ​ឲ្យ​បារម្ភ ក្រោយ​ពី​មនុស្ស​ចំនួន ៤៩ ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​វិជ្ជមាន​កូវីត១៩ ខណៈ​នៅ​ពេល​នេះ ការ​តាម​ច្បាម​យក​មុខ​សញ្ញា ប្រភព​នៃ​ជំងឺ​នេះ នៅ​មិន​ទាន់​អាច​គ្រប់​គ្រង ឬ​កំណត់​បាន ហើយ​នៅ​ពេល​នេះ ស្ថានភាព​ជំងឺ​បាន​ឆ្លង​ចូល​ដល់​ស្ថាប័ន​សមត្ថកិច្ច និង​បាន​ឆ្លង​ដល់​សង្គម​សិល្បករ​ថែម​ទៀត។

យ៉ាង​ណា សម្ដេច ហ៊ុន សែន មិន​បាន​បញ្ចេញ​លម្អិត​ថា សិល្បករ​ណា​ខ្លះ​ដែល​ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូវីត១៩​នោះ​ឡើយ។ បែប​នេះ​ក្ដី មាន​ប្រភព​មួយ​ផ្សេង​ទៀត បាន​ទម្លាយ​ថា ពិធីការិនី​ទូរទស្សន៍​ដ៏​ល្បី​មួយ​រូប និង​ក្រុម​គ្រួសារ បាន​ឆ្លង​មេរោគ​សាហាវនេះ។ ប្រភព​បន្ត​ថា ពិធីការិនី​បាន​ឆ្លង​ពី​អ្នក​ដឹកនាំ​មួយ​រូប ក្រោយ​ពី​រូប​នាង​បាន​ទៅ​ចូល​រួម​ថត​ស្ប៉ត​ពាណិជ្ជកម្ម​មួយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។

បន្ថែម​ពី​លើ​នេះ តាម​ប្រភព​ដដែល មាន​តារា​ចម្រៀង​ច្រើន​នាក់​ទៀត​ក្នុង​ផលិតកម្ម​ធំ​មួយ មាន​ជាប់​ពាក់​ព័ន្ធ​ជិត​ស្និទ្ធ​ជាមួយ​នឹង​ពិធីការិនី​ខាង​លើ និង​ថា​ខ្លះ​ក្នុង​ចំណោម​នោះ​បាន​ចេញ​រោគ​សញ្ញា​ហើយ។

តាម​ប្រសាសន៍​សម្ដេច​តាម​សារ​សំឡេង​ដដែល បាន​អះអាង​ថា លទ្ធផល​វិជ្ជមាន​កូវីត១៩ អាច​នឹង​កើន​ឡើង​ទៀត ក្នុង​តួលេខ​គួរ​ឲ្យ​បារម្ភ ខណៈត្រឹម​ម៉ោង​នេះ ម៉ាស៊ីន​វិភាគ​សំណាក​របស់​ប៉ាស្ទ័រ​នៅ​មិន​​ទាន់​បញ្ឈប់​ការងារ​របស់​ខ្លួន​នៅ​ឡើយ។

ដូច្នេះ​ហើយ ដើម្បី​បញ្ចៀស​ហានិភ័យ​កាន់​តែ​ខ្លាំង សម្ដេច​ស្នើ​ឲ្យ​ស្ថាប័ន​​របស់​រាជរដ្ឋាភិបាល គប្បី​កាត់​បន្ថយ​ចំនួន​មនុស្ស​ធ្វើ​ការ​នៅ​ក្នុង​ការិយាល័យ ឲ្យ​បាន​យ៉ាង​តិច ៩០ភាគរយ។ ជាមួយ​គ្នា សម្ដេច​ក៏​ស្នើ​ដល់​ស្ថាប័ន​ឯកជន​អនុវត្ត​តាម​ផែន​ការ​ចុង​ក្រោយ​ដូច​គ្នា​នេះ​​ដែរ៕

អត្ថបទ៖ ទារិកា

មតិយោបល់