• 2021-03-10 05:38:23
  • ព័ត៌មាន

សរុប​បាន​ដឹង​ថា តារា និង​អតីត​មន្ត្រី​ហង្សមាស​ច្រើន​នាក់ មាន និង​សង្ស័យ​មាន​ឆ្លង​កូវីដ១៩

  • 2021-03-10 05:38:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ត្រឹម​ពេល​នេះ មាន​តារា​ហង្សមាស​បច្ចុប្បន្ន មាន​៣នាក់​បាន​ឆ្លង​មេរោគ​សាហាវ​កូវីដ១៩។ ប៉ុន្តែ​សរុប​ទាំង​មន្ត្រី និង​អតីត​មន្ត្រី គឺ​មាន​ចំនួន​ច្រើន​នាក់​ដែល​បាន​រង​គ្រោះ និង​សង្ស័យ​ថា​បាន​រងគ្រោះ​ហើយ​​ដោយ​សារ​មេរោគ​កំណាច​នេះ។

តារា​៣នាក់​ដែល​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ មាន ណុប បាយ៉ារិទ្ធ និង​ចាន់ កែវនិមល ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូវីដ១៩​ម្សិលមិញ។ ដោយ​ឡែក វី ឌីណែត ទើប​ប្រកាស​លទ្ធផល​វិជ្ជមាន​កូវីដ១៩ផ្លូវ​ការ​ប្រមាណ​នាទី​មុន​ថ្ងៃ​នេះ។ ដោយ​ឡែក​អតីត​មន្ត្រី​ហង្សមាស​មាន លោក អ៊ិន ទីតូ ដែល​លោក​គឺ​ជា​អ្នក​ទី​១ ក្នុង​នាម​ជា​អតីត​មន្ត្រី​របស់​ហង្សមាស រក​ឃើញ​កូវីដ មុន​តារាចម្រៀង និង​ពិធីការិនី​ទៀត។

ប៉ុន្តែ​នៅ​ក្រៅ​ពី​នេះ​ទៀត ទន្ទឹម​នឹង​មាន​ការ​រង់ចាំ​លទ្ធផល​របស់​តារា​ជួរ​មុខ និង​មន្ត្រី​ហង្សមាស​ផ្សេង​ទៀត ក៏​មាន​តម្រុយ​ថា តារា​ខ្លះ​ក្នុង​ចំណោម​នោះ ក៏​បាន​លទ្ធផល​វិជ្ជមាន​​ដែរ​ហើយ។ អ្នក​ដែល​រង​សង្ស័យ​ទាំង​នោះ មាន​អ្នក​នាង សុគន្ធ និសា កញ្ញា ផន ស្រី​ខួច និង​ក្រុម​គ្រួសារ​គ្រូ​ភ្លេង សាន សុវណ្ណឌីន។ នេះ​បើ​តាម​ការ​បង្ហោះ​ប៉ុន្មាន​នាទី​មុន​នេះ​របស់ កញ្ញា ចំរើន សុភ័ក្ត្រ តារា​ចម្រៀង​រួម​ទ្រនំ​របស់​ពួក​គេ។

សុភ័ក្ត្រ បាន​បង្ហោះ​សារ​បង្ហាញ​ពី​ការ​សោកស្ដាយ និង​សមានចិត្ត​របស់​នាង​មុន​នេះ​ចំពោះ​តារា​រៀម​ច្បង​ទាំង​អស់។ នាង​សរសេរ​ថា "ត្រឹមតែ​ពីរ​ថ្ងៃសោះ​មនុស្សដែល​នាងខ្ញុំស្គាល់​បានឆ្លងជំងឺ COVID 19 ជាច្រើននាក់ តែយ៉ាងណាខ្ញុំក៏សូមលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នា​ ឆាប់មាន​សុខភាពល្អឡើងវិញ ហើយ​នឹងបានត្រលប់មកគេហដ្ឋានវិញ!”។

ជាមួយ​គ្នា​នាង​បាន​រៀបរាប់​ឈ្មោះ​របស់​រៀម​ច្បង​ដែល​នាង​បញ្ជាក់​ថា មាន​វិជ្ជមាន​កូវីដ​១៩ ក្នុង​នោះ​មាន៖ ១. ណុប​ ប៉ាយ៉ារិទ្ធ​ ២.បង​ខួច​ ៣.អ៊ិន ទីតូ ៤.គ្រួសារ​ពិធីការនី ចាន់ កែវនិមល​ ៥.លោកគ្រូភ្លេង​ សាន់​ សុវណ្ណឌីន​ ៦.វីឌីណែត​ ៧.សុគន្ធ នីសា

យ៉ាង​ណា គិត​ត្រឹម​ថ្ងៃ​ត្រង់​នេះ មិន​ទាន់​មាន​ព័ត៌មាន​ផ្លូវ​ការ​ណា​ដែល​អាច​ប្រើ​សម្រាប់​ផ្ទៀងផ្ទាត់​បាន​នៅ​ឡើយ ដោយ​សាមី​ខ្លួន​ទាំង​អស់ មិន​ទាន់​ឃើញ​មាន​ប្រកាស​ណា​មួយ​នៅ​ឡើយ ក្រៅ​ពី សុគន្ធ និសា។ និសា ប៉ុន្មាន​នាទី​មុន​នេះ បាន​ប្រកាស​ដែរ​ហើយ​ថា នាង​ក៏​វិជ្ជមាន​កូវីដ១៩ ដែរ៕

អត្ថបទ៖ ទារិកា

មតិយោបល់